ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ផ្លូវ១ខ្សែប្រវែងជាង៤គីឡូម៉ែត្រដែលធ្លាប់រងគ្រោះដោយសារទឹកជំនន់ និងជួបការលំបាកដល់ការធ្វើដំណើរនិងដឹកជញ្ជូននៅក្នុងរដូវវស្សានេះ ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ បាននាំយកគ្រឿងចក្រនិងចាក់ថ្មក្រាលជាបណ្ដោះអាសន្នដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សានុសិស្ស។
នេះបើតាមមន្ត្រីក្រុមការងារឲ្យដឹងនៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ។
កំណាត់ផ្លូវចាប់ពីចំណុចភូមិទទង់ សង្កាត់ព្រះពន្លាទៅកាន់សង្កាត់កោះពងសត្វ ពេលចុះទៅនោះ ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត រួមនឹងក្រុមការងារ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ក៏បានឱ្យដឹងថា : ផ្លូវមួយខ្សែប្រវែងជាង៤គីឡូម៉ែត្រនេះ ជាគម្រោងផ្លូវបេតុង។ ប៉ុន្តែ្ថស្ថាបនាពីពេលកន្លងមកនិងឆ្លងត្រូវដំណាក់កាលនៃការរីរាលដាលជំងឺកូវីដ១៩(២០១៩-២០២២) ក៏អាក់ខាន។លោកសង្ឃឹមនិងអំពាវនាវថា ដំណើរការគម្រោងនឹងមានឡើងវិញនៅឆ្នាំក្រោយ ។
លោកអភិបាលក្រុងបានសុំការយោគយល់អធ្យាស្រ័យពីបងប្អូនប្រជាពលរដ្ឋ។ ទោះជាយ៉ាងណា ពេលនេះលោកអភិបាលខេត្ត ក៏បានឧបត្ថម្ភនូថវិកាដេីម្បីយកថ្មម៉ិចបំបែក មកក្រាលជាបណ្តោះអាសន្នសិន ដើម្បីបង្កលក្ខណ:ងាយស្រួលដល់បងប្អូនធ្វេីដំណេីរនិងដឹកជញ្ជូន។
លោកបានចង្អុលបង្ហាញថា : សម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅសង្កាត់កោះពងសត្វ ក៏អាចបង្វែរការធ្វើដំណើរនិងដឹកជញ្ជូនតាមផ្លូវមួយខ្សែទៀតចេញ ចូលពីសង្កាត់ទៅប្រជុំជនក្រុងសិរីសោភ័ណឬប្រជុំជនខេត្តគឺផ្លូវលំក្រាលបេតុងនៅត្រើយស្តាំស្ទឹង(ខាងជើង)ឬនៅម្ខាងម្នាក់នឹងសង្កាត់កោះពងសត្វ ហើយឆ្លងស្ពានដែក ស្ពានយោលមកផ្ទះបងប្អូនបាន៕