ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា(កក្រក)ខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក លោកស្រីក្នុងជួរគណៈ កម្មធិការសាខា និងលោក ឈើយ ជឿម អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មពួក ក្រុមប្រឹក្សាឃុំថ្មពួក អ្នកស្ម័គ្រចិត្រ កក្រកនិងយុវជនកក្រក បានប្រគល់ផ្ទះមនុស្សធម៌នៃកាកបាទក្រហមកម្ពុជា ១ខ្នងនិងបង្គន់អនាម័យ១ខ្នង ជូនគ្រួសារពលរដ្ឋក្រីក្រនៅភូមិ-ឃុំ-ស្រុកថ្មពួក កាលពីរសៀលថ្ងៃទី០៤ខែកក្កដា ឆ្នាំ២០២៤។
ផ្ទះមនុស្សធម៌លេខរៀងទី១៤នេះ ជូនគ្រួសារឈ្មោះ ពួត ស្រីផៃ ភេទបស្រី អាយុ២៤ ឆ្នាំ និងមានបន្ទុកគ្រួសារចំនួន៣នាក់រស់នៅក្នុងភូមិ ថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក ។.
លោក ឈើយ ជឿម អនុប្រធានគណៈកម្មាធិការអនុសាខាស្រុកថ្មពួកអោយដឹងថា: យោងភូមិ ឃុំ ស្រុកបានពិនិត្យឃើញពីភាពជាក់ស្ដែងរបស់គ្រួសារក្រីក្រឈ្មោះ ពួត ស្រីផៃ ភេទស្រីអាយុ២១ឆ្នាំ និងប្ដីឈ្មោះ គៀង មួន អាយុ២១ឆ្នាំ រស់នៅភូមិថ្មពួកឃុំថ្មពួកស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ហើយផ្ទះគ្រួសារនេះ ត្រូវរងគ្រោះដោយខ្យល់កន្ត្រាក់បង្កខូចខាតទាំងស្រុង កាលពីថ្ងៃទី៥ខែឧសភាឆ្នាំ២០២៤ កន្លងមក ។
លោក ធូ សុីភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានឱ្យដឹងថា : ជាផ្ទះមនុស្សធម៌ទី ១៤ របស់សាខាដែលមានលក្ខណៈសមរម្យ រឹងមាំ ហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រកស្នាក់នៅនេះ ដើម្បីលើកកម្ពស់តម្លៃមនុស្សធម៌ មានទំហំបណ្ដោយ ៦ម៉ែត្រនិងទទឹង ៤ម៉ែត្រ កំពស់ ៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានចាក់សាបផ្ទះតៀម ចំណាយថវិកាអស់ចំនួន ២,១៧២ដុល្លារសហរដ្ឋអាមេរិក។
លោកអ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា(កក្រក)ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា :ថវិកាទាំងអស់ដែលបានយកមកសាងសង់ផ្ទះជូនបងប្អូនគ្រួសារក្រីក្រនាពេលនេះ គឺបានមកពីការចូលរួមបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ពីសំណាក់ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជន បានផ្ដល់នូវថវិកាក្នុងឱកាសអបអរសាទរខួបលើកទី ១១៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហម ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ”។
ដោយមើលឃើញពីការលំបាកនិងគ្មានជម្រក ស្នាក់នៅផងនិងជាគ្រួសារក្រីក្រផងទើបឯកឧត្តមប្រធានបានសម្រេចអោយក្រុមប្រតិបត្តិសាខា សាងសង់ផ្ទះ និងបង្គន់អនាម័យ (គ្រឿងក្រោម)១ឈុត។ ផ្ទះមនុស្សធម៌ នេះសាងសង់ពីដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំបណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្ពស់៣,៨០ម៉ែត្រ សង់ផ្ទាល់ដី បាតចាក់សាប ប្រភេទផ្ទះតៀម។
នាឱកាសសម្ភោធផ្ទះមនុស្សធម៌នេះដែរ សាខាបាននាំមកនូវសម្ភារមួយចំនួនសម្រាប់ម្ចាស់ផ្ទះរួមមាន÷អង្ករ៥០គីឡូក្រាម, មី១កេស, ត្រីខ១ យួរ ,ទឹកត្រី១យួរ,ទឹកសុទ្ធ២យួរ,ធុងទឹក៦០លីត្រ១, ឆ្នាំង២,ចានបាយ៥, ស្លាបព្រា៥,កន្ទេលជ័រ២,មុង១, ភួយ១, សារុង១, ក្រមា១ និងសម្ភារកំដរដៃសម្រាប់ យាយ តាចូលរួមក្នុងពិធី២០នាក់ទទួលបាន÷ ក្រមាមាននិម្មិត្តសញ្ញកាកបាទក្រហមកម្ពុជា១,ទឹកក្រូចលឿង២ដប, ទឹកក្រូចប៊ិក១ដប, ទឹកផ្លែឈើ២កំប៉ុង, ទឹកសុទ្ធ១ដប, ស្ករស១ថង់ ,សាប៊ូម្សៅ២ថង់តូច, ទឹកស៊ីអ៊ីវ១ដប៕