ដោយ :បន្ទាយ
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជេីញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ចំនួន៨១នាក់ ដើម្បីអបអរសាទររំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៤)។
នេះបើតាមមន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឲ្យដឹងនាថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២៤ ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកមេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុង-ស្រុកទាំង៩ និងយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ សរុបចំនួន៨១នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំធំ ជាន់ទី២ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។
នាឱកាសនោះលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់បងប្អូនយោធិន នៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ដោយក្តីនឹករលឹកផងដែរ។ជាមួយគ្នានោះលោកក៏បានរំឭកអំពីភាពអង់អាចក្លាហានរបស់យោធិន ដែលបានខិតខំតស៊ូពុះពារលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិទាំងមូលរហូតដល់ទទួលបាននូវសុខសន្តិភាពពេញលេញ។
ក្នុងពិធីសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំយកឣំណោយរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ឣគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជឣាវុធហត្ថលើផ្ទៃប្រទេស ចែកជូនដល់យោធិននៃកងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ បាត់បង់សមត្ថភាព និងគ្រួសារពលី-មរណៈ ចំនួន៨១ នាក់។
ក្នុងម្នាក់ៗទទួលបាន មីចំនួន១កេសតូច, ត្រីខ២យួរ,ភេសជ្ជ:២កេស,អង្ករ២៥គីឡូក្រាម ,សារុង១ រួមនិងថវិកាចំនួន២០ម៉ឺនរៀលផងដែរ ៕