ដោយ៖ គង់ហេង
កំពង់ចាម៖ ទីលានកែច្នៃ និងទុកដាក់សំរាម ដែលមានលក្ខណៈប្រកបដោយស្តង់ដារ សាងសង់នៅលើផ្ទៃដីប្រមាណ ១៨ ហិកតា ស្ថិតក្នុងឃុំកោះរកា ស្រុកកំពង់សៀម នឹងស្ថាបនារួចរាល់ នៅចុងឆ្នាំ២០២៤នេះ។ ខណៈបច្ចុប្បន្នដំណើរការសាងសង់ បានប្រមាណជិត ៩០ ភាគរយ។
នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅបន្ទាប់ពីឯកឧត្តម និងមន្រ្តីបច្ចេកទេសបានដឹកនាំក្រុមការងារ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការដ្ឋានសាងសង់ ទីលានកែច្នៃ និងទុកដាក់សំរាមខាងលើ នៅព្រឹកថ្ងៃទី ៤ កក្កដានេះ។
មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាមដែលអមដំណើរ នៃការចុះពិនិត្យនេះបានប្រាប់ CAMBODIA FLASH NEWS (CFN) ថា៖ គិតត្រឹមខែ មិថុនា ការងារសាងសង់ទីលានកែច្នៃ និងទុកដាក់សំរាមសម្រេចបានៈ សកម្មភាពការងារសាង់សង ប្រចាំខែ មិថុនា ដាំស្មៅតាមជើងទេរទាំងសងខាងផ្លូវចូលទៅទីលានសម្រេចបាន ១០០ ភាគរយ, ចាក់បេតុងខាងក្នុងទីលានសម្រេចបាន ៨០០ម៉ែត្រ នៃប្រវែងសរុប ១៤៤៩ម៉ែត្រ, ប្រឡាយរំដោះទឹកភ្លៀងសម្រេចបាន ៨០០ម៉ែត្រ នៃ ប្រវែងសរុប ១៤០០ម៉ែត្រ។
ប្រភពព័ត៌មានដដែលបានប្រាប់ថា៖ សាងសង់អគារការិយាល័យ និងកន្លែងស្នាក់នៅសម្រេចបាន ៩០ភាគរយ,អគាររោងជាងសម្រេចបាន ៩៥ភាគរយ, អគារញែកសំរាមសម្រេចបាន ៩៥ភាគរយ,អគារទុកដាក់សំណល់គ្រោះថ្នាក់សម្រេចបាន៩៥ភាគរយ, អគារធ្វើជីកំប៉ុសសម្រេចបាន ៩៥ ភាគរយ, អគារចែកចាយថាមពលសម្រេចបាន ៩៥ ភាគរយ, រោងជញ្ជីងថ្លឹងរថយន្តសម្រេចបាន ៩០ ភាគរយ។
ប្រភពព័ត៌មាននោះបានបន្តថា៖ ចាក់បេតុងចំណតរថយន្តសម្រេចបាន១០០ភាគរយ,ការងារលើកកូដបាតទីលានទី១ និងផ្លូវជុំវិញទីលានទី១ សម្រេចបាន១០០ភាគរយ និងក្រាលស្រទាប់ដីឥដ្ឋបាតទីលានទី១សម្រេចបាន ១០០ភាគរយដែរ។
ប្រភពបានបន្ថែមថា៖ ការងារអាងប្រព្រឹត្តិកម្មទឹករងៃ បន្តលើកកូដផ្លូវជុំវិញអាងប្រព្រឹត្តិកម្មទី១ និងក្រាលស្រទាប់ដីឥដ្ឋជើងទេរ, បន្តលើកកូដផ្លូវជុំវិញអាងប្រព្រឹត្តិកម្មទី២, ក្រាលស្រទាប់ដីឥដ្ឋជើងទេរ, បន្តលើកកូដផ្លូវជុំវិញអាងប្រព្រឹត្តិកម្មទី៣ និង ក្រាលស្រទាប់ដីឥដ្ឋជើងទេរ, បន្តលើកកូដផ្លូវជុំវិញអាងប្រព្រឹត្តិកម្មទី៤ និងក្រាលស្រទាប់ដីឥដ្ឋជើងទេរ។ ជារួមសរុបភាគរយសរុប នៃការស្ថាបនាទីលានកែច្នៃ និងទុកដាក់សំរាមគិតត្រឹមខែ មិថុនា បាន ៨៧,៤៧ ភាគរយ៕