អន្តរជាតិ

ចាប់ខ្លួនមនុស្ស ៨ នាក់នៅប្លុកកីឡដ្ឋាន Yankee ក្នុងក្រុង ញូវយ៉កសហរដ្ឋអាមេរិកពីបទជួញដូរគ្រឿងញៀននិងអាវុធខុសច្បាប់

ប្រែសម្រួល៖រតនា
រដ្ឋអាជ្ញាបានឲ្យដឹងកាលពីថ្ងៃពុធថា បុរសដែលជាអ្នកស្រុករស់នៅក្នុងទីរួមស្រុក Bronx ចំនួន៨នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនិងត្រូវបានចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងអាវុធនៅប្លុកកីឡដ្ឋាន Yankee ក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ការិយាល័យរដ្ឋអាជ្ញាស្រុក Bronx បានថ្លែងថា ជនសង្ស័យចំនួន ៨ នាក់មកពីបីគ្រួសារ ត្រូវបានចោទប្រកាន់លើបទល្មើសចំនួន ១០៨ករណីក្នុងបទល្មើសដែលពួកគេបានប្រព្រឹត្តអស់រយៈពេលជាងមួយឆ្នាំនៅជិតហាងមួយក្បែរទីលានបាល់បោះ។

រដ្ឋអាជ្ញាបានឲ្យដឹងថាការស៊ើបការសម្ងាត់ត្រូវបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ ២០២៣នៅឯអតីតហាង Lush ផ្លូវ ៩០ ខាងកើត ផ្លូវ១៦១ ជាកន្លែងដែលអ្នកស៊ើបការសម្ងាត់ម្នាក់ក្លែងភេទបន្លំខ្លួនចូលទិញកូកាអ៊ីន និងថ្នាំមេតំហ្វេតាមីនពីឈ្មួញទុច្ចរិតដែលត្រូវបានចាប់ខ្លួននិងចោទប្រកាន់ឈ្មោះ Jose Tejada Jrពីបទជួញដូរថ្នាំញៀន។

ជនសង្ស័យTejada Jr.អាយុ ២៦ឆ្នាំ ឃុបឃិតជាមួយសាច់ញាតិឈ្មោះ Ronny Fortuna អាយុ៣២និង Marvin Fortunaអាយុ ២៩ ជនសង្ស័យទាំងនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់កូកាអ៊ីនហើយប្រើប្រាស់ទីតាំងនីជិតហាង Lushដើម្បីធ្វើការជួញដូរថ្នាំញៀន។

រដ្ឋអាជ្ញាបាននិយាយថា នៅដើមឆ្នាំនេះ Tejada Jr.ត្រូវបានចោទប្រកាន់ថាបានលក់អាវុធចំនួន ៨ដើមទៅឲ្យមន្ត្រីស៊ើបការសម្ងាត់ម្នាក់ដែលបន្ឡំខ្លួនធ្វើជាអតិថិជននៅក្នុងពេលថ្មីៗនេះកាលពីថ្ងៃទី ១០ ខែមេសា។
ប៉ូលិសបានឆ្មក់ចូលផ្ទះក្រុមជួញដូរគ្រឿងញៀននៅថ្ងៃទី១៧ ខែឧសភា ដោយរកឃើញសារធាតុញៀន និងកាំភ្លើងចំនួន៣ដើម រួមទាំង AK-47 មួយដើមផងប្រាក់ប្រហែល ៤១៨.០០០ ដុល្លារក៏ត្រូវបានរឹបអូសដែរ។
រដ្ឋអាជ្ញាបានបន្តថា មានរថយន្តមួយគ្រឿងចតនៅជិតហាងផ្ទុកទៅដោយសារធាតុញៀន និងកាំភ្លើងមួយដើម។

លោក Bronx DA Darcel Clark បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជនសង្ស័យដែលបានលក់កាំភ្លើងចំនួន ៨ ដើមទៅឲ្យមន្រ្តីប៉ូលិស ក្រុងញូវយ៉ក ដែលក្លែងភេទស៊ើបការសម្ងាត់បានចាប់ខ្លួនពួកគេទាំងអស់នេះ។ ជនសង្ស័យត្រូវបានចោទប្រកាន់ថាបានបង្កឲ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់សុខសវត្ថិភាពភាពផ្ទាល់ខ្លួនរបស់អ្នកដំណើរតាមរថភ្លើងក្រោមដីរាប់ពាន់នាក់ អ្នកធ្វើការ និងសិស្សដែលធ្វើដំណើរទៅសាលារៀននៅក្បែរនោះរួមទាំងអ្នកកីឡាបេស្បលស្ថិតក្នុងប្លុកពហុកីឡដ្ឋាន និងនៅក្រោមស្ថានីយរថភ្លើងក្រោមដី។
“ក្រុមជួញដូរគ្រឿងញៀននិងអាវុធដែលត្រូវបានចោទប្រកាន់ទាំងនេះបានធ្វើសកម្មភាពទាំងកណ្តាលថ្ងៃត្រង់ក្នុងប្លុកពហុកីឡដ្ឋាន និងនៅក្រោមស្ថានីយរថភ្លើងក្រោមដី”។

Tejada Jr. និងឪពុករបស់គាត់ឈ្មោះ Jose Tejada Sr. អាយុ៦០ឆ្នាំត្រូវប្រឈមមុខនឹងការចោទប្រកាន់ក្នុងសំណុំរឿងនេះយ៉ាងធ្ងន់ធ្ងរជាងគេ។ លើសពីនេះទៀត Jeriel Fernandez អាយុ ៣០ ឆ្នាំ Jael Fernandez អាយុ ២១ ឆ្នាំ និងJonathan Fernandez អាយុ ៣១ ឆ្នាំដែលពាក់ព័ន្ធរកស៊ីជាមួយនិង Ronny និង Marvin Fortuna និង Christian Espinal អាយុ ៤៩ ឆ្នាំអ្នកទាំងអស់នេះរងការចោទប្រកាន់លើបទល្មើសផ្សេងៗពីគ្នា។
បទចោទប្រកាន់ធ្វើឡើងយោងតាមបទដ្ឋាននែបទល្មើសដូចជា បទល្មើសកម្រិតទី ១ លក់និងចែកចាយនៃសារធាតុញៀនដែលខ្លួនកាន់កាប់និងគ្រប់គ្រង បទសមគំនិតកម្រិតទី២ និងបទល្មើសកម្រិតទី ១ គឺលក់អាវុធ។

ទីភ្នាក់ងារNews ១២ បានរាយការណ៍ថា ជនសង្ស័យចំនួន៥ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ខណៈដែល ៣ នាក់ទៀតនៅមិនទាន់នាំខ្លួនទៅតុលាការនៅឡើយទេ។ ចំណែកJose Tejada Jr. ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ។

លោក Edward Caban ស្នងការប៉ូលីស ក្រុងញូវយ៉ក បានសរសើរការងាររបស់អ្នកស៊ើបការសម្ងាត់របស់គាត់ ដែលបានជួយបំបែកសំបុកក្រុមជួញដូរថ្នាំញៀននិងអាវុធទាំងនេះ។

លោកស្នងការក៏បានចេញសេចក្តីថ្លែងការណ៍មួយថា “ការចោទប្រកាន់ទាំងនេះត្រូវបានធ្វើឡើងអនុឡោមទៅតាមសកម្មភាពរបស់ជនសង្ស័យដែលបង្កជាការគំរាមកំហែងនិងបំផ្លិចបំផ្លាញសុខមាលភាពនិអាយុជ៊ិវិតរបស់ប្រជាជនតាមរយ:ការកាន់កាប់និងប្រើប្រាស់និងជួញដូរថ្នាំញៀននិងអាវុធ និងការជក់ថ្នាំញៀនដែលនៅតែបន្តកើតមានឡើងនៅតាមដងផ្លូវក្រុងញូវយ៉ក ក៏ដូចជាការយកចិត្តទុកដាក់ឥតងាករេរបស់យើងក្នុងការលើកកម្ពស់រក្សាគុណភាពការពារសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននៅតាមសង្កាត់នានាក្នុងក្រុង ញូវយ៉ក” ៕