ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ពិធីរុក្ខទិវា៩កក្កដា ឆ្នាំ២០២៤ ថ្នាក់ខេត្តនៅបន្ទាយមានជ័យបានប្រារព្ធនៅបរិវេណសាកលវិទ្យាល័យជាតិមានជ័យនាផ្លូវជាតិលេខ៥និងផ្លូវដែកភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ពិធីប្រព្រឹត្តទៅក្រោមអធិបតីភាពលោកកែ គឹមយ៉ាន ឧត្តមទីប្រឹក្សាព្រះមហាក្សត្រ-អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យនិងចូលរួមដោយសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការស៊ីវិល.កងកម្លាំងគ្រប់ប្រភេទ សមត្ថកិច្ចជំនាញព្រៃឈើ គណ:គ្រប់គ្រង សាស្ត្រាចារ្យ គ្រូ សិស្ស និស្សិត យុវជន១ពាន់ប្លាយនាក់ ។
លោកអភិបាលស្តីទីខេត្តបន្ទាយមានជ័យបានថ្លែងកាលពីថ្ងៃទី០១ខែកក្កដាឆ្នាំ២០២៤ថា: ការប្រារព្ធរុក្ខទិវា៩កក្កដាឆ្នាំនេះ នៅថ្នាក់ខេត្តត្រូវដាំកូនឈើចំនួន ៦៥០ដើម ដែលមានប្រភេទបេង ធ្នង់ គ្រញូង ត្របែកព្រៃ ច័ន្ទគិរី និងចែកជូនដើម្បីយកទៅដាំតាមកន្លែងរបស់អ្នកចូលរួម ។
អំពីចលនាប្រលងប្រណាំងដាំដើមឈើក្នុងខេត្តដូចជានៅតាមសាលារៀន វត្ត សាលាឃុំ សង្កាត់និងទីកន្លែងចាំបាច់ខ្លះទៀត ខេត្តបង្កើតក្រុមការងារចម្រុះមួយដើម្បីដឹកនាំចលនាប្រឡងប្រណាំងដាំកូនឈើនេះ ក្នុងនោះកន្លងមក :កូនឈើទទួលបានចំនួន២៨.៨៧០ដើម ដែលមានដើមចាន់គិរី២ម៉ឺនដើមហើយបែងចែកជូនស្រុកក្រុងទាំង៩ និងកូនឈើចម្រុះចំនួន៨ ៨៧០ដើមបានផ្តល់ជូនបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការកងខភម ប្រចាំយោធភូមិភាគ៥(ព្រះនេត្រព្រះ) សាលារៀន សាលាឃុំ និងមន្ទីរពេទ្យនៅស្រុកព្រះនេត្រព្រះ ។
ក្នុងនោះដាំបានជាង៧០%ហើយ ។
លោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្របានថ្លែងថា : កន្លងមកខេត្តបន្ទាយមានជ័យ ក៏ហក់ឡើងកម្តៅខ្លាំងដែរ ។លោកបានអំពាវនាវដល់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ អាជ្ញាធរនិងអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តយុទ្ធនាការដាំដើមឈើឲ្យបានច្រើន តាមអង្គភាពដូចខាងលើ ៕