ដោយ ៖ បន្ទាយ
កណ្ដាល ៖ នារសៀលថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដឹកនាំមន្ត្រីចុះពិនិត្យទីតាំងត្រៀមបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ។ គម្រោងនេះអាចមិនប្រែប្រួលទេ ។
ការចុះនោះក៏មានការអញ្ជើញអមដំណើរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល អភិបាលខេត្តកណ្ដាល និងក្រុមការងារជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ទីតាំងបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
យោងប្រវត្តិការណ៍នេះ គម្រោងព្រែកជីកហ្វូណនតេជោជាគម្រោងប្រវត្តិសាស្រ្តលើកទីមួយ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកពីទន្លេកម្ពុជាទៅសមុទ្រដោយផ្ទាល់។
គម្រោងព្រែកជីកហ្វូណនតេជោនឹងបើកការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ ។ពិធីនោះក៏អមដោយការបាញ់កាំជ្រួច និងទូងស្គរទូទាំងប្រទេស ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះផងដែរ ។
បើតាមលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល ថា: គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ដូចជាកាត់បន្ថយពេលវេលាធ្វើដំណើរ ចម្ងាយផ្លូវ ការចំណាយ នីតិវិធីផ្សេងៗសម្រាប់នាវានិងទំនិញចូល-ចេញ ហើយធ្វើឱ្យចំណេញ និងបង្កើនល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើសមាហរណកម្មការដឹកជញ្ជូនផ្លូវទឹក តាមរយៈការពង្រីកការតភ្ជាប់ពហុមធ្យោបាយដឹកជញ្ជូនទៀតផង ៕