សន្ដិសុខសង្គម

ជីករណ្តៅធ្វើរបងប៉ះចំគ្រាប់មីនប្រឆាំងរថក្រោះផ្ទុះបែកសាកសពបុរសអាយុ៦៧ឆ្នាំម្នាក់

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ បុរសម្នាក់បានជីករណ្តៅដើម្បីធ្វើរបងព័ទ្ធដីចម្ការឫស្សី បានប៉ះចំគ្រាប់មីនប្រឆាំងរថក្រោះ បណ្តាលឱ្យផ្ទុះឡើងបែកសាកសពបុរសរងគ្រោះអាយុ ៦៧ ឆ្នាំ ម្នាក់នៅចំណុចអូរតាលី ស្ថិតក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក នៅវេលាថ្ងៃត្រង់ថ្ងៃទី ១ កក្កដា។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា៖ បុរសជាជនរងគ្រោះដែលបានបាត់បង់ជីវិត ប្រមូលបានតែបំណែកសាកសពនោះឈ្មោះ ឡេង ថាន មានទីលំនៅភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបានដកស្រង់សម្តីប្រពន្ធអ្នកស្លាប់ឈ្មោះ ផុន ឡាយ បានឱ្យដឹងថា៖ នៅព្រឹកថ្ងៃទី ១ កក្កដា ប្តីរបស់គាត់ឈ្មោះ ឡេង ថាន ជាជនរងគ្រោះបានជិះកង់ចេញពីផ្ទះទៅធ្វើរបងចម្ការឫស្សី រហូតដល់ម៉ោងជាង ១២ថ្ងៃត្រង់ មានបងប្អូនអ្នកស្រុកបានមកប្រាប់គាត់ថា ប្តីគាត់បានផ្ទុះគ្រាប់ស្លាប់នៅឯចម្ការ។ ពេលទទួលព័ត៌មាននេះ បានប្រើកូនចៅ ឱ្យទៅមើលដល់កន្លែងកើតហេតុបានប្រាប់ថាប្តីគាត់បានស្លា.ប់ដោយសារផ្ទុះគ្រាប់ បែកសាកសពជាបំណែកៗស្លា.ប់បាត់ហើយ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា៖ ផ្អែកតាមការពិនិត្យស្រាវជ្រាវកន្លែងកើតហេតុបានឃើញថា បំណែកសាកសពដែលក្រុមគ្រួសារដើរប្រមូល បានជុំវិញកន្លែងកើតហេតុមួយចំនួន។ បំណែកអំបែងគ្រាប់មីនប្រឆាំង រថក្រោះចំនួនបួនបន្ទះ។ តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញស៊ីម៉ាក់ (CMAC) ជាបំណែកគ្រាប់មីនប្រឆាំង រថក្រោះសល់ពីសម័យសង្គ្រាម និងរណ្តៅដីមាត់លើទំហំ ១ម៉ែត្រ មានរាងជារង្វង់មូលជម្រៅប្រហែល ០,៣០ម៉ែត្រ ជាប់ចិញ្ចើមផ្លូវខាងលិច៕