ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែងថា ក្នុងមួយឆ្នាំៗ ក្រសួងបានជ្រើសរើសក្របខ័ណ្ឌចូលជាកងកម្លាំងនគរបាលជាតិ មិនក្រោមជាងចំនួន ១០ម៉ឺន នាក់នោះទេ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះនៅក្នុងឱកាស ដែលឯកឧត្តមបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវការនូវសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី ១៨ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម នៅថ្ងៃទី ២ កក្កដា។
ឯកឧត្តមបានថ្លែងថា៖ក្រសួងមហាផ្ទៃ ក៏បានបន្តអភិវឌ្ឍន៍សាលាបណ្ឌិតសភានគរបាលកម្ពុជា សាលានគរបាលជាតិទាំង ផ្នែករឹង និងផ្នែកទន់ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ ដែលសំខាន់បំផុតក្នុងការឆ្លើយតបនៅដំណាក់កាល នៃការបណ្តុះបណ្តាលជាគំរូ នៃការបណ្តុះបណ្តាលទាំងអស់។
ឯកឧត្តមបានបន្តថា៖ មួយវិញទៀតបើគ្មានរចនាសម្ព័ន្ធគ្រប់គ្រាន់ទេ ការបណ្តុះបណ្តាលនោះ ក៏នឹងមិនបានរលូនដែរ។ ហេតុនេះសូមយកឱកាសនេះថ្លែងអំណរគុណ ដល់សប្បុរសជនជាឯកឧត្តម លោកជំទាវទាំងអស់ បានជួយឧបត្ថម្ភជាថវិកា សម្ភារ សម្រាប់ការសាងសង់អគារសិក្សា អគារជាសាលប្រជុំ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត នៅក្នុងសាលានគរបាល ជាតិភូមិភាគ២ ខេត្តកំពង់ចាម។ ការទទួលស្គាល់ ក៏ដូចជាការចង់ចូលរួមវិស័យនគរបាល ជាពិសេសកងកម្លាំងនេះ ក្នុងមួយឆ្នាំៗ បានជ្រើសរើសចូលជាក្របខ័ណ្ឌនគរបាលមិនក្រោមជាង ១០ម៉ឺន នាក់នោះទេ៕