សន្ដិសុខសង្គម

រថយន្តបុករង្វង់មូលរូបព្រះបាទជ័យវរ្ម័នទី៧ នៅស្រុកមង្គលបូរីបាក់មួយចំហៀង,រថយន្តបង្កខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ រថយន្តតូយ៉ូតាឡិចស៊ីសRX.300 បើកបរល្បឿនលឿនបានរេចង្កូតទៅពេញទំហឹងបុករង្វង់មូលរូបសំណាកព្រះបាទជ័យវរ្ម័នទី៧ បង្កអោយបាក់មួយចំហៀង។ ឯរថយន្តបង្កក៏ខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខដែរ ។ ប៉ុន្តែអ្នកបើកអាចរងរបួសដែរ និងរួមអ្នកដំណើរបានគេចខ្លួនបាត់ ហើយបន្សល់ទុកតែរថយន្តដែលជាប់ទីនោះ។

ឧបទ្ទហេតុកើតឡើងនៅយប់ជ្រៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ត្រង់រង្វង់មូលរូបព្រះបាទជ័យវរ្ម័នទី៧ ផ្លូវជាតិលេខ៥ បំបែកនឹងផ្លូវស្រុកចូលមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា.ជប៉ុន-មង្គលបូរី និងជិតផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតនៅភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ ។

អ្នកស្រុកនៅក្បែរកន្លែងកើតហេតុការណ៍បានអោយដឹងថ្ងៃទី៣០ខែមិថុនាថា៖ រថយន្តបង្កម៉ាកឡិចស៊ីសRX.300ពណ៌ស ត្រូវដោះផ្លាកលេខចេញ។

យោងការពិនិត្យ គឺរថយន្តបង្កបានបើកបរតាមបណ្តោយផ្លូវជាតិលេខ៥ក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូង ហើយបត់ទៅខាងលិច ក៏បានបុករង្វង់មូលនោះចំជ្រុងខាងលិចបណ្តាលឲ្យបាក់អស់មួយចំហៀង។ឯរថយន្តបានបើកបរទៅមុខលែងរួចព្រោះខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ។ខ្ទេចមុខស្ទើរទាំងស្រុង អ្នកបើកបររបួសស្រាល។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកមង្គលបូរី បានទៅឃាត់និងស្ទូចរថយន្តបង្កបុកនោះមករក្សាទុកនៅអធិការដ្ឋាន។

បើតាមសមត្ថកិច្ចថា អ្នកបើកបរនិងអ្នករួមដំណើរព្យាយាមអូសរថយន្តចេញពីកន្លែងកើតហេតុដែរ តែមន្ត្រីនគរបាលចរាចរណ៍បានទៅទាន់ ទើបគេគេចខ្លួនទៅ។

សមត្ថកិច្ចបញ្ជាក់ថា ៖មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបររថយន្តលុចស៊ីសRX.300ពណ៌សនេះ បើកបរល្បឿនលឿន គ្មានការប្រុងប្រយ័ត្នរេចង្កូតបុករង្វង់មូល។

ករណីនេះ ដោយសារពុំមានបង្ករបួសឬស្លាប់ជនរងគ្រោះ ម្ចាស់និងអ្នកបើកបររថយន្តអាចសងនូវការខូចខាតទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋនិងជាទីសក្ការ:នេះ ។ឯរថយន្តត្រូវប្រគល់ឲ្យយកទៅជួសជុលខ្លួនឯង បើសិនជាបំពេញបែបបទនិងធ្វើកិច្ចសន្យារួចហើយ ៕