អន្តរជាតិ

ភាពតានតឹងកាន់តែខ្លាំងឡើងនៅព្រំដែនអ៊ុយក្រែន ខណៈអឺរ៉ុបទម្លាក់ទណ្ឌកម្មថ្មីលើសម្ព័ន្ធមិត្តរុស្ស៊ីគឺប្រទេបេឡារុស

ប្រែសម្រួល៖រតនា

ភាព​តានតឹង​កំពុង​កើន​ឡើង​នៅ​ព្រំដែន​អ៊ុយក្រែន​​ជាមួយ​បេឡារុស ដែល​ជា​សម្ព័ន្ធមិត្ត​ដែកថែបរបស់រុស្ស៊ីនៅ​ក្នុង​សង្គ្រាមអ៊ុក្រែនឥឡូវនេះ​កំពុង​បន្ត​ប្រឆាំង​នឹងបណ្តាប្រទេស​អឺរ៉ុប​ខាង​កើត។

មេបញ្ជាការរងយោធាបេឡារុស្សបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ BELTA ថា “ស្ថានភាពនៅតាមព្រំដែនបេឡារុស្ស -និង អ៊ុយក្រែនមានសភាពតានតឹងកាន់តែកើនឡើងសម្ព័ន្ធនៃបណ្តាប្រទេសលោកខាងលិចបានផ្ទុះជម្លោះដ៏ក្តៅគគុកនៅជិតទឹកដីរបស់យើង។ ពួក​គេ​កំពុង​ព្យាយាម​ទាញ​ប្រទេស​យើង​ឲ្យ​ចូល​ក្នុង​សង្រ្គាមអ៊ុយក្រែន”។

ក្នុងពេលបើកការឈ្លានពានកាលពីខែកុម្ភៈឆ្នាំ ២០២២ កងទ័ពរុស្សីបានវាយលុកចូលទឹកដីអ៊ុយក្រែនឆ្លងកាត់តាមច្រកបេឡារុស្ស។ ប៉ុន្តែក្រោយមកប្រទេសនេះបានដកខ្លួនថយឆ្ងាយពីជម្លោះ។

ហើយឥឡូវនេះ បេឡារុស្សកំពុងចោទប្រកាន់អ៊ុយក្រែនថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការវាយប្រហារចូលទឹកដីខ្លួនដោយមានការបញ្ជូនទាហាន អាវុធ និងសម្ភារយោធាដែលផ្គត់ផ្គង់ដោយអាមេរិកបន្ថែមទៀតទៅកាន់តំបន់ Zhytomyr ភាគខាងជើងដែលមានព្រំប្រទល់ជាប់នឹងបេឡារុស្ស។

លោក Lukashevich បានបន្តថា “យើងមានព័ត៌មានថាអ៊ុយក្រែនកំពុងប្រមូលផ្តុំកងទ័ព សព្វាវុធ និងឧបករណ៍យោធានៅជិតព្រំដែនរបស់យើង” ។ “ជាពិសេស រថយន្តប្រយុទ្ធរបស់ទ័ពថ្មើរជើងអាមេរិក ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើន កាំភ្លើងធំរយៈចម្ងាយឆ្ងាយធុនធ្ងន់ និងឧបករណ៍ផ្សេងទៀតត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Zhytomyr” ។

ដើម្បីជាការឆ្លើយតបបេឡារុស្សបានដាក់ពង្រាយកងកម្លាំងការពារដែនអាកាសរបស់ខ្លួននៅតាមព្រំដែន ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលលួចឈ្លបយកការណ៏ប្រមូលទិន្នន័យអំពីហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែនបេឡារុស្ស” ។

លោក​បាន​អះអាង​ថា យុទ្ធសាស្ត្រ​របស់​អ៊ុយក្រែន​គឺ​បង្កើនកម្លាំង​នៅ​តាម​ព្រំដែន​មានដូចជា ដាក់ពង្រាយទ័ពតាមផ្លូវ​ឆ្លងកាត់ព្រំដែនដើម្បី​ឈ្លប​ចូល​វាយប្រហារក្នុង​ទឹកដី​របស់​យើង​​”។

មេបញ្ជាការកងកម្លាំងការពារដែនអាកាសបេឡារុស្សលោក Andrei Severinchik បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងត្រៀមខ្លួនរួចជាស្រេចក្នុងការប្រើកម្លាំងឆ្លើយតបដោយប្រើប្រាស់រាល់មធ្យោបាយដែលមានទាំងអស់ដើម្បីការពារទឹកដីរបស់យើងពីការបង្កហេតុដែលអាចកើតមាននៅក្នុងដែនអាកាសជាយថាហេតុ” ។

តែផ្ទុយទៅវិញ​អ៊ុយក្រែន​បានធ្វើការគូសបញ្ជាក់យ៉ាងច្បាស់​ថាប្រទេសខ្លួន​មិនមានបំណង​បង្ក​ការ​គំរាម​កំហែងខាងយោធា​លើប្រទេស​បេឡារុស្សទេ។

អ្នកនាំពាក្យនៃឆ្មាំការពារព្រំដែនរបស់អ៊ុយក្រែនលោកវរសេនីយ៍ឯក Andrii Demchenko បានថ្លែងថា “ផ្ទុយទៅវិញ ពួកយើងត្រូវបានបង្ខំឲ្យការពារខ្លួន រួមទាំងនៅជួរមុខប្រទេសបេឡារុស ដោយសារប្រទេសបេឡារុស្សនៅតែបន្តគាំទ្រពួកភេរវកររុស្សី ហើយពីមុនបានបើកព្រំដែនរបស់ខ្លួនឲ្យពួកឈ្លានពានរុស្ស៊ីវាយលុកចូលទឹកដី​អ៊ុយក្រែន” ។

សភាពការណ៏តានតឹងផ្នែកយោធានៅតាមព្រំដែនរវាងប្រទេសទាំងពីរឃើញថាមានការកើនឡើងគួឲ្យកត់សម្គាល់នៅចំពេលដែលក្រុមប្រឹក្សាអឺរ៉ុបបានសម្រេចដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងបេឡារុស្ស។

ក្រុមប្រឹក្សាអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍មួយថា “វិធានការដ៏ស៊ីជម្រៅទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងនូវការរឹតបន្តឹងមួយចំនួនថែមទៀតដែលមានរួចហើយប្រឆាំងនឹងរុស្ស៊ីដោយហេតុនេះហើយបញ្ហានេះមិនអាចលើកលែងបានទេពីព្រោះវាមានសមាហរណកម្មដែលមានស្រាប់រវាងសេដ្ឋកិច្ចរុស្ស៊ី និងបេឡារុស្ស”។

ទន្ទឹមនឹងនេះ ប្រទេសប៉ូឡូញ លីទុយអានី ឡាតវី និងអេស្តូនី កំពុងដាក់ញត្តិទៅក្រុមប្រឹក្សាអឺរ៉ុប ដើម្បីសាងសង់ខ្សែការពារនៅតាមព្រំដែនរបស់ប្រទេសដែលជាប្លុកជាមួយរុស្ស៊ី និងបេឡារុស្ស ដើម្បីការពារសម្ព័ន្ធមិត្តពីការចូលលុកលុយផ្នែកយោធាដ៏មានសក្តានុពលរបស់ក្រុងម៉ូស្គូ៕