អន្តរជាតិ

បុរសនៅរដ្ឋ Florida សហរដ្ឋអាមេរិកម្នាក់ត្រូវបានត្រីឆ្លាមវាយប្រហារយ៉ាងធ្ងន់ធ្ងរក្នុងពេលដែលគាត់កំពុងស្ទូចត្រី

ប្រែសម្រួល៖ ស្រីស្រស់​

ប្រភពបានឲ្យដឹងថាមានបុរសជាអ្នកនេសាទ​ម្នាក់​ត្រូវ​បាន​ត្រី​ឆ្លាម​ខាំ​​បង្កឲ្យមាន​របួសធ្ងន់​លើ​កំភួន​ដៃ​ស្តាំរបសគាត់​ខណៈ​ដែល​គាត់​កំពុង​នេសាទត្រី​នៅ​រដ្ឋ Florida កាលពី​ព្រឹក​ម្សិលមិញ។

ទីភ្នាក់ងារAction News Jax បានរាយការណ៍មកថា មានបុរសអាយុ ៤០ ឆ្នាំម្នាក់បានជាប់នៅលើទូកមួយនៅឯឆ្នេរ Fernandina ភាគខាងជើងនៃ Jacksonville គាត់បានចាប់ត្រីឆ្លាមមួយក្បាលនៅក្នុងពេលកំពុងស្ទូចត្រី ហើយត្រីឆ្លាមបានខាំ​កំភួន​ដៃ​ស្តាំរបស់គាត់បណ្តាលឲ្យហូរឈាមយ៉ាងច្រើន។

អង្គភាពកងម៉ារីនរបស់ការិយាល័យតម្រួតខោនធី Nassau បានទទួលការហៅទូរសព្ទទៅកាន់វិទ្យុសង្គ្រោះបន្ទាន់របស់ខ្លួននៅម៉ោង ១១:១៥ ព្រឹកក្រោយពីបានទៅដល់ទូកអ្នកនេសាទ ពួកគេបានរកឃើញបុរសនោះជាប់នៅលើទូកនេសាទដោយ “មានហូរឈាមយ៉ាងច្រើននៅលើមុខរបួស” នេះបើយោងតាមវីដេអូហ្វេសប៊ុកដែលប៉ូលិសបានបង្ហោះលើបណ្តាញសង្គម។

លោក​បាន​បន្ត​ថា​៖ “ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ក្បែរ​នោះ​ភ្លាម​ៗ​។ បច្ចុប្បន្នគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែគេរំពឹងថានឹងជាសះស្បើយឡើងវិញ។

ខោនធី Nassau រដ្ឋផ្លរីដា ស្ថិតនៅចម្ងាយប្រហែល ១៥០ ម៉ាយភាគខាងជើងនៃខោនធី Volusia ដែលត្រូវបានគេចាត់ទុកថាជា “តំបន់ត្រីឆ្លាមវាយប្រហារមកលើមនុស្ស” ដែលរាប់ទៅឃើញថាមានចំនួនដល់ទៅ ១៧លើកនៅក្នុងឆ្នាំ ២០១១ នេះបើយោងតាមឯកសារកត់ត្រាអំពីការវាយប្រហាររបស់ត្រីឆ្លាមរបស់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិរដ្ឋផ្លរីដា។

ប្រជាជននៅក្នុងរដ្ឋនេះបានរងនូវការវាយប្រហារចំនួន ១៦ លើកកាលពីឆ្នាំមុន ឬ ស្មើនឹង៤៤% នៃការវាយប្រហារសរុបនៅទូទាំងសហរដ្ឋអាមេរិក៕