សន្ដិសុខសង្គម

ឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង : សិស្សសាលាមួយចំនួនកំពុងតែភ្លើតភ្លើននឹងឧបករណ៍ថ្មី បារីអេឡិចត្រូនិច ,ប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ

ដោយ : បន្ទាយ
ភ្នំពេញ : ក្រសួងសុខាភិបាលបានអះអាងថា ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចអាចបណ្ដាលឲ្យញៀន ហើយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។

ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឲ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺថប់អារម្មណ៍ ព្រមជាមួយគ្នានេះ នៅក្នុងយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ដោយតឹងរឹងបំផុត នាថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកត់សម្គាល់ឃើញថា ក្មេងទំនើងមួយចំនួន ហើយជាសិស្សគេចសាលា បានទៅប្រមូលផ្តុំគ្នាលេងបៀរ ផឹកស្រា ជក់កញ្ឆា។ មួយចំនួនទៀត នាំគ្នាភ្លើតភ្លើននឹងការជក់បារីអេឡិចត្រូនិច ដែលកត្តានេះ គឺបង្កការន្រឈមឬជាហានិភ័យ អាចបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរដល់សាមីជន ក្រុមគ្រួសារនិងសង្គមជាតិ ។

ទន្ទឹមជាមួយការព្រួយបារម្ភ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានចាត់ក្រុមការងារ ចុះសហការជាមួយអាជ្ញាធរមូលដ្ឋាន និង នាយក​ នាយករង​ លោកគ្រូ អ្នកគ្រូ តាមសាលាវិទ្យាល័យនិងអនុវិទ្យាល័យ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សិស្សានុសិស្ស បានជ្រួតជ្រាបពីផលប៉ះពាល់របស់ក្មេងទំនើង, ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ព្រមទាំងព្រមានចុះបង្ក្រាបក្មេងទំនើងដោយមិនលើកលែង ហើយថែមទាំងបានបិទផ្សាយនូវ លេខទូរស័ព្ទបន្ទាន់១២៩១ ដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុសិស្ស អាចផ្ដល់ព័ត៌មានឆាប់រហ័សមកកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់វិធានការចុះអន្តរាគមន៍និងបង្ក្រាបឱ្យបានទាន់ពេលវេលា។

ក្រៅពីវិធានការច្បាប់ វិធានការអប់រំក្នុងសាលា គប្បីអាណាព្យាបាលគ្រប់រូប ក៏ត្រូវចូលរួមសង្កេតតាមដាននិងអប់រំកូនដោយយកចិត្តទុកដាក់បំផុតផងដែរ ៕