ព័ត៌មានជាតិ

ក្បួនរថយន្តដឹកជញ្ជូននៃប្រតិភូ​​ប្រទេស​មហា​អនុ​តំបន់​មេគង្គមកពីគុនមិញ ​ឆ្លងកាត់ច្រកស្ទឹងបត់ ក្រុងប៉ោយប៉ែតបានទៅដល់ភ្នំពេញហើយ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូ​​ប្រទេស​មហា​អនុ​តំបន់​មេគង្គ(GMS)​ដែលចេញដំណើរពីទីក្រុងគុនមិញ ធានីនៃខេត្តយូណាន សាធារណរដ្ឋប្រមានិតចិនឆ្លងកាត់ប្រទេសឡាវ និងថៃ រួចមកដល់ប្រទេសកម្ពុជាតាមច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹងបត់ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ ។

កម្មវិធីនេះមានឈ្មោះថា :”ប្រតិបត្តិការសាកល្បងពីទីក្រុងគុនមិញមករាជធានីភ្នំពេញនៃកិច្ចព្រមព្រៀងសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គដំណាក់កាលប្រមូលផលដំបូង ” ។

ក្បួននេះបានបន្តដំណើរតាមផ្លូវជាតិលេខ៥ កាត់ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កណ្តាល ហើយនៅម៉ោងជាង៥ល្ងាចថ្ងៃដដែលបានទៅដល់គោលព្រែកព្នៅរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន នារាជធានីភ្នំពេញដោយសុវត្ថិភាពហើយ ។

​នៅច្រកស្ទឹងបត់ ក្បួនរថយន្តនិងប្រតិភូនេះត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ កក់ក្តៅនិងស្និទ្ធស្នាលដោយលោក​ង៉ោ ម៉េង​ជ្រួន​ អភិបាល​រង​ខេត្ត​ តំណាងឲ្យលោក​ អ៊ុ​ រាត្រី​ អភិបាល​ខេត្ត​បន្ទាយមានជ័យ​ លោក​ សុក​ ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​ លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់និងមន្ត្រីពាក់ព័ន្ធ ។

លោកវរសេនីយ៍ឆោម ភ័ព នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ប្រាប់សារព័ត៌មាននាព្រលប់ថ្ងៃទី២៧ខែមិថុនាថា: ក្បួនរថយន្តដឹកជញ្ជូនទំនិញនិងរថយន្តដឹកអ្នកដំណើរនៃប្រតិភូ​​ប្រទេស​មហា​អនុ​តំបន់​មេគង្គ​នេះ មានរថយន្តធុនធំដឹកជញ្ជូនទំនិញ(Heavy Truck ) ចំនួន៥គ្រឿង រថយន្តក្រុង(Bus) ២គ្រឿងនិងប្រតិភូមានចំនួន៥២នាក់ ដែលភាគច្រើនជនជាតិចិននិងឡាវ ភូមា ថៃ កម្ពុជានិងវៀតណាម ព្រមទាំងជាតិសាសន៍ចម្រុះដែលពួកគេបម្រើការអោយធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាម្ចាស់កម្មវិធីរៀបចំកម្មវិធីដំណើរក្បួនរថយន្តនេះ ។

លោកបន្តថា: នៅល្ងាចដដែល ក្បួននេះបានទៅដល់គោលដៅ នាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រសួងបានធ្វើកម្មវិធីទទួលស្វាគមន៍ផ្លូវការនៅទីនោះ ។

ចំណែកលោកសុក ចាន់ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​បន្ទាយមានជ័យអោយដឹងដែរថា: លោកនិងមន្ត្រីជាច្រើននៃមន្ទីរនាថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ បានកិច្ចសហការនិងសម្របសម្រួលដល់ដំណើរការសាកល្បងនៃប្រតិបត្តិការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរបស់ក្បួនរថយន្តនិងប្រតិភូដឹកជញ្ជូននៃប្រទេសមហាអនុតំបន់ទន្លេមេគង្គតាមច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់នេះ ដោយរលូននិងជោគជ័យដូចគ្រោងទុក ៕