ដោយ៖បន្ទាយ
បន្ទាយមានជ័យ៖នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលជាម្ចាស់ផ្ទះរៀបចំប្រារព្ធពិធីបិទវគ្គបំប៉នជំនាញការងារថ្នាក់ដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលចំនួន៤ខេត្តគឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងប៉ៃលិន។
ពិធីធ្វើនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងទទួលផែនសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងចូលរួមដោយឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងប្រតិភូអមដំណើរ។ក្នុងនោះមានការរចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង ដែលជាសិក្ខាកាមមកពីខេត្តចំនួន៤ខាងលើ ចំនួន៩៩នាក់។
វគ្គបំប៉នជំនាញថ្នាក់ដឹកនាំដល់ស្នងការរងនេះ មានរយៈពេល៥ថ្ងៃ (ថ្ងៃទី២២ – ២៦ ខែមិថុនា ឆ្នាំ២០២៤ ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានផ្ដល់អនុសាសន៍ ដល់សិក្ខាកាមដែលបានចូលរៀនវគ្គបំប៉នខាងលើ ត្រូវយកចំណេះដឹងទាំងនោះ ទៅអនុវត្តផ្ទាល់ឲ្យមានប្រសិទ្ធភាព បម្រើការងារជូនអង្គភាពខ្លួន និងប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ។
លោកបានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ត្រូវបន្តស្វែងយល់ចំណេះដឹងបន្ថែម ពិសេសចំណេះដឹងផ្នែកព័ត៌មានវិទ្យា បង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ និងត្រូវពង្រឹងការងារភូមិឃុំសង្កាត់មានសុវត្ថិភាព ព្រោះការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់ មានសុវត្ថិភាព បានល្អប្រសើរ នាំឲ្យមូលដ្ឋានរបស់យើងគ្មានបទល្មើស គ្មានអំពើលួច ឆក់ ប្លន់ជាដើម ៕