អន្តរជាតិ

រុស្ស៊ីនៅក្នុងសមយុទ្ធនុយក្លេអ៊ែរបានបញ្ចេញមីស៊ីលប្រល័យលោកដ៏គួរឲ្យភ័យខ្លាច

ប្រែសម្រួល៖ ស-សម្បត្តិ
ទាហានលោក វ្ល៉ាឌីមៀ ពូទីន កំពុងធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលនុយក្លេអ៊ែរពិតៗដែលជាសមយុទ្ធយោធាបែបយុទ្ធសាស្ត្របន្ថែមទៀតដោយបានបញ្ចេញមីស៊ីលផ្លោងអន្តរទ្វីបដើម្បីចូលរួមសាកល្បងសមត្ថភាភដ៏គួរឲ្យភ័យខ្លាច។ នេះបើយោងតាមរូបភាពនៃសកម្មភាពក្នុងវីដេអូដែលបានចេញផ្សាយជាថ្មីនៅពេលថ្មីៗនេះ។

សកម្មភាពក្នុងខ្សែវីដេអូដ៏ជើបរំជួលបានបង្ហាញឲ្យឃើញមីស៊ីលប្រល័យលោកចល័តនាំផ្លូវអន្តរទ្វីបហៅថា Yars (ICBMs) ត្រូវបានអូសចេញពីមូលដ្ឋានយោធាទៅកាន់ទីតាំងធ្វើសមយុទ្ធនៅក្នុងតំបន់ដាច់ស្រយាល Irkutsk នៃឧបទ្វីបស៊ីបេរីរបស់ប្រទេសរុស្ស៊ីក្នុងការសាកល្បងសមត្ថភាពប្រយុទ្ធដ៏មានសក្ដានុពលដើម្បីប្រើប្រាស់នៅលើសមរភូមិជាក់ស្តែងនាពេលខាងមុខ។

មីស៊ីលអន្តរទ្វីបដែលអាចហោះកាត់លំហមានរយៈចម្ងាយដល់ទៅ ៧.៥០០ ម៉ាយ ដែលអាចវាយប្រហារដល់អឺរ៉ុប និងអាមេរិកត្រូវបានដាក់ពង្រាយតាំងពីថ្ងៃទី២៥ មីនា ។

មីស៊ីលប្រល័យលោកចល័តនាំផ្លូវអន្តរទ្វីបហៅថាYars ICBMs ជាអាវុធដ៏សំខាន់របស់កងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររុស្ស៊ី។

សមយុទ្ធយោធាចុងក្រោយនេះធ្វើឡើងនៅចំពេលមានភាពតានតឹងយ៉ាងខ្លាំងរវាងរុស្ស៊ី និងបណ្តាប្រទេសជាសមាជិកណាតូ ជុំវិញសង្រ្គាមរបស់លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ធ្វើឲ្យទំនាក់ទំនងទាំងខាងកើតនិងខាងលិច បានធ្លាក់ចុះដល់កម្រឹតទាបបំផុតនេះបើធៀបទៅនឹងវិបត្តិមីស៊ីលគុយបានៅក្នុងទសវត្សរ៍ឆ្នាំ ១៩៦០។

មីស៊ីលប្រល័យលោក Yars អាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលអាចកំណត់គោលដៅដោយស្វ័យប្រវត្តចំនួនប្រាំមួយគ្រាប់ ដែលក្បាលគ្រាប់នីមួយៗមានកម្លាំងលើសពី ១០០ គីឡូតោន។

នោះមានន័យថា ការវាយប្រហារណាមួយដោយមីស៊ីល Yars អាចវាយប្រហារគោលដៅចំនួនប្រាំមួយផ្សេងៗគ្នាដែលមានកម្លាំងផ្ទុះខ្លាំងជាងគ្រាប់បែកនុយក្លេអ៊ែរ ៦ ដង ដែលបានទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។

វាមិនដូចអាវុធនុយក្លេអ៊ែរដ៏ធំបំផុតរបស់រុស្ស៊ីហៅថា Sarmat នោះទេតែវាជាប្រព័ន្ធមីស៊ីលផ្លោងហៅថា Yars គឺជាគ្រាប់រ៉ុក្កែតឥន្ធនៈបាញ់ចេញពីលើដីមានន័យថាវាងាយស្រួលដឹកជញ្ជូនបានលឿនជាងមុនក្នុងការវាយប្រហារ ដោយសារវាមិនចាំបាច់ចាក់សាំងនៅនឹងទីតាំងបាញ់មីស៊ីល។
វាអាចត្រូវបានបំពាក់លើជើងទម្រ silos កប់ក្នុងដី ក៏ប៉ុន្តែគេអាចដាក់នៅលើឡានសម្រាប់ដឹកជញ្ជូនផងដែរ។

នៅក្នុងគ្រាដែលផ្ទុះសង្រ្គាមនុយក្លេអ៊ែរនោះមីស៊ីលផ្លោង Yars អាចត្រូវបានដាក់ពង្រាយនៅទូទាំងតំបន់ធំៗមួយចំនួន ដែលធ្វើឲ្យសត្រូវពិបាកតាមដាន និងមិនអាចវាយប្រហារលើគោលដៅរបស់វា។

របាយការណ៍ស្តីពីសមយុទ្ធយោធាចុងក្រោយបំផុតដោយទូរទស្សន៍ Zvezda របស់រុស្ស៊ីបានឲ្យដឹងថា សមយុទ្ធនេះរួមមានវិធានការកែលម្អក្នុងការការត្រៀមខ្លួនប្រយុទ្ធ និងសភាពបត់បែនក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្សី។

យោធារុស្សីកំពុងពង្រឹងជំនាញរបស់ពួកគេក្នុងការបំប្លែងទីតាំងដាក់ពង្រាយមីស៊ីលផ្លោង Yars បានយ៉ាងឆាប់រហ័ស និងការធ្វើសមយុទ្ធនៅពេលប្រឈមមុខនឹងការវាយប្រហាររបស់សត្រូវ។’ផ្នែកសំខាន់ៗនៃការបណ្តុះបណ្តាលគឺធ្វើឡើងដើម្បីសាកល្បងនិងសម្របសម្រួលរវាងអង្គភាពផ្សេងៗរួមគ្នា។’នេះរួមបញ្ចូលទាំងសមយុទ្ធក្នុងទម្រង់ដ៏ស្មុគស្មាញបំផុតសម្រាប់ការវាយប្រហារដោយមីស៊ីលចល័តដែលត្រូវបានដាក់ពង្រាយ។
ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា “កងទ័ពមីស៊ីលយុទ្ធសាស្ត្រក៏កំពុងដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយក្រុមតាមដានឈ្លបយកការណ៍របស់សត្រូវ”។

សមយុទ្ធនុយក្លេអ៊ែរចុងក្រោយនេះ បានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ្នកការទូតកំពូលរបស់រុស្ស៊ីសម្រាប់ការគ្រប់គ្រងអាវុធបាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុងម៉ូស្គូបានធ្វើឲ្យមានសភាពជឿនលឿនក្នុងការរារាំងមិនឲ្យមានការប្រហារដោយនុយក្លេអ៊ែរ ដែលនឹងធានាបាននូវសន្តិសុខរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍ទៅមុខទៀតរួមទាំងនៅក្នុងយុគសម័យដ៏ជឿនលឿននៃបញ្ញាសិប្បនិម្មិត។

នៅពេលចោទសួរនៅក្នុងសន្និសីទនៅទីក្រុងមូស្គូថាតើរុស្ស៊ីអាចធានាសន្តិសុខនុយក្លេអ៊ែរនៅក្នុងយុគសម័យប្រកួតប្រជែង AI ដែរឬទេ អនុរដ្ឋមន្ត្រីការបរទេស Sergei Ryabkov បាននិយាយថាវាអាចទៅរួច។

លោក Ryabkov អ្នកជំនាញផ្នែកគ្រប់គ្រងអាវុធរបស់រុស្ស៊ីបាននិយាយថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ការងារមូលដ្ឋានបែបនេះត្រូវបានធ្វើឡើងនៅក្នុងវិស័យទប់ស្កាត់នុយក្លេអ៊ែរ ដែលនឹងអនុញ្ញាតយើងធានាបាននូវសន្តិសុខផ្ទាល់ខ្លួនសម្រាប់ទសវត្សរ៍ខាងមុខទៀត” ។

Ryabkov បានព្រមានថា ប្រសិនបើលោកខាងលិចមើលស្រាលការតាំងចិត្តរបស់ទីក្រុងមូស្គូនោះ វាអាចនាំឲ្យមាន “សោកនាដកម្ម និងផលវិបាក” ដោយសារតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងប្រឈមមុខនឹងមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយគឺរុស្ស៊ី។

លោក Ryabkov បាននិយាយថា លោកខាងលិចបានប៉ាន់ស្មានថា “ការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការក្រោកឈរឡើងសម្រាប់ខ្លួនឯង និងការធានាផលប្រយោជន៍ផ្ទាល់ខ្លួននៅក្នុងស្ថានភាពណាមួយ” ។

លោកបាននិយាយថា៖ “ ខ្ញុំមិនចង់និយាយដោយស្មានៗថាការមើលស្រាលលើរុស្សីរបស់អាមេរិកនិងលោកខាងលិចអាចបង្កឲ្យមានសោកនាដកម្មដ៏គ្រោះថ្នាក់បំផុតនោះទេ។

លោកបាននិយាយថា រុស្ស៊ីមានធនធានដើម្បីបញ្ជូនសញ្ញាទប់ស្កាត់នុយក្លេអ៊ែរ ក៏ប៉ុន្តែវាក៏បង្កឲ្យមានគ្រោះថ្នាក់ផងដែរប្រសិនបើលោកខាងលិចគិតខុស។

គ្រោះថ្នាក់មិនអាចមើលស្រាលបានឡើយ ដែលថាភាគីអាមេរិក និងសម្ព័ន្ធមិត្តពួកគេអាចគណនាខុសស។

លោក Ryabkov បាននិយាយថា “កិច្ចការរួមរបស់យើងគឺទប់ស្កាត់ពិភពលោកពីការធ្លាក់ចូលទៅក្នុងសភាពវឹកវរនៃសង្រ្កាមនុយក្លេអ៊ែរ” ។
លោក Alexei Arbatov អ្នកជំនាញគ្រប់គ្រងអាវុធដ៏លេចធ្លោមួយរូប បានផ្តល់យោបល់ថា បើគ្មានការសន្ទនាស្តីពីស្ថិរភាពជាយុទ្ធសាស្ត្ររវាងរុស្ស៊ី និងអាមេរិកទេនោះ ពិភពលោកពហុប៉ូលអាចធ្លាក់ចូលទៅក្នុងភាពវឹកវរនៃសង្រ្កាមនុយក្លេអ៊ែរ។

លោក Arbatov បាននិយាយថា រុស្ស៊ី និងអាមេរិកគួរតែបន្តកិច្ចសន្ទនាស្តីពីស្ថិរភាពជាយុទ្ធសាស្ត្រ បន្ទាប់ពីសង្គ្រាមអ៊ុយក្រែនបានបញ្ចប់។
លោក Arbatov បានស្នើរុស្ស៊ី និងអាមេរិកគួរតែរក្សា New START ដែលផុតកំណត់នៅឆ្នាំ២០២៦ហើយយល់ព្រមលើកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធសារជាថ្មី។

បន្ទាប់ពីនោះ លោក Arbatov បាននិយាយថា ចិន អង់គ្លេស និងបារាំងអាចបញ្ចូលទៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រនោះផងដែរ៕