សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្មបង្កើតឲ្យមានកម្មវិធីប្រលងចៀរជ័រកៅស៊ូដើម្បីទាក់ទាញអ្នកវិនិយោគ

ដោយ៖ប្រសិទ្ធ

ភ្នំពញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំដើម្បីរៀបចំបង្កើតឲ្យមានកម្មវិធីប្រលងចៀរជ័រកៅស៊ូ ដើម្បីទាក់ទាញអ្នកវិនិយោគ និងលើកទឹកចិត្តដល់កម្មករចៀរជ័រ។ កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូ ព្រមទាំងបណ្ដាម្ចាស់ក្រុមហ៊ុនវិនិយោគវិស័យកៅស៊ូជាច្រើននាក់ ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍លើកឡើងថា គោលដៅនៃការរៀបចំឲ្យមានកម្មវិធីប្រលងចៀរជ័រកៅស៊ូនេះ គឺដើម្បីបង្កើនការទាក់ទាញចំណាប់អារម្មណ៍ដល់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក ជាពិសេសលើកទឹកចិត្តដល់កម្មករចៀរជ័រ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀត នៅក្នុងការបំពេញការងារជាអ្នកចៀរជ័រកៅស៊ូ ហើយសកម្មភាពនេះក៏ជាការបណ្ដុះនូវថ្នាលគំនិតប្រជាពលរដ្ឋឲ្យចូលរួមលើការងារនេះឲ្យបានច្រើនកុះករផងដែរ។

ឯកឧត្តមបានបន្តទៀតថា កម្ពុជាបាននិងកំពុងធ្វើការជំរុញវិស័យកៅស៊ូនេះ ឲ្យមានការរីកចម្រើនន្ថែមមួយកម្រិតទៀត និងឈានទៅធ្វើឲ្យវិស័យនេះក្លាយទៅជាដំណាំឧស្សាហកម្មដែលមានទីផ្សារខ្ពស់។ លើសពីនេះនឹងខិតខំធ្វើយ៉ាងណាអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗ ដូចជារបស់ប្រើប្រាស់ ស្រោមដៃ ជាដើម។ គួបញ្ជាក់ផងដែរថា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកៅស៊ូកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីផលិតផលកៅស៊ូសរុបចំនួន ៥៣៦ លានដុល្លារ ក្នុងនោះចំណូលពីការនាំចេញកៅស៊ូទៅទីផ្សារអន្តរជាតិ ៤៩០,៦ លានដុល្លារ, ចំណូលពីការនាំចេញទៅស៊ូ ១,៦ លានដុល្លារ និងការប្រើប្រាស់ពីជ័រកៅស៊ូក្នុងស្រុក ៤៣,៨ លានដុល្លារ។ ដោយបច្ចុប្បន្នកម្ពុជាមានរោងចក្រកែច្នៃកៅស៊ូក្នុងការផលិតធ្វើជាសម្បកកង់រថយន្តក្នុងស្រុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានជំនឿជឿជាក់ថា នៅក្នុងឆ្នាំ២០២៤ ការប្រើប្រាស់កៅស៊ូ នឹងមានការកើនឡើងលើសពីឆ្នាំ២០២៣ ជាក់ជាមិនខាន៕