ព័ត៌មានជាតិ

ជំនាញកសិកម្មនិងអាជ្ញាធរចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍និងប្រើដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករ

ដោយ៖  បន្ទាយ

ពោធិ៍សាត់ ៖ រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តពោធិ៍សាត់គឺលោកឃឺម ហ្វីណង់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់កាលពីថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យ វាយតម្លៃលទ្ធផលនៃការអន្តរាគមន៍និងនាំយកដ្រូនដើម្បីបាញ់ថ្នាំកសិកម្មកម្ចាត់ដង្កូវហ្វូងបង្ហាញប្រជាកសិករចូលរួមជិត២០០គ្រួសារនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

សកម្មភាពអន្តរាគមន៍នេះ មានគោលបំណងសិក្សានិងវាយតម្លៃលើការរាតត្បាតរបស់ដង្កូវហ្វូង ហើយណែនាំដល់ប្រជាកសិករ អំពីរបៀបប្រើថ្នាំកសិកម្មបាញ់កម្ចាត់ដង្កូវក្នុងតម្លៃសមរម្យ ហើយមិនប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ហើយក៏ស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់។

គួររំលឹកថា មានកសិករនៅភូមិសាស្ត្រខ្លះនៅខេត្ត១៥ បានរងគ្រោះដោយដង្កូវហ្វូងនេះ។ភូមិសាស្ត្រខ្លះនៃខេត្តពោធិ៍សាត់តិចជាងគេក្នុងចំណោម បានរងផលប៉ះពាល់ដោយសារដង្កូវហ្វូងបំផ្លាញដំណាំស្រូវប្រជាកសិករ។នោះដោយសារមានការទប់ស្កាត់បានទាន់ពេល ធ្វើឱ្យកាត់ផ្តាច់សកម្មភាពវាយលុក និងការរីករាលដាលរបស់ដង្កូវ ទាំងតំបន់ដែលដង្កូវវាយលុក និងតំបន់ផ្សេងៗដែលកសិករបាញ់ថ្នាំកសិកម្មទប់ស្កាត់។

ទោះបែបនេះក្តី លោកឃឹម ហ្វីណង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មក៏អំពាវនាវចំពោះបងប្អូនកសិករទាំងឡាយថាត្រូវតែចុះពិនិត្យស្រែថែទាំស្រូវជាប្រចាំ ក្នុងកាល:ទេស:នេះ ដ្បិតពេលនេះស្ថិតនៅក្នុងដំណាក់កាលផ្ទុះឡើងនៅដង្កូវហ្វូងនៅឡើយទេ។

ហេតុនេះ បើប្រជាកសិករមានភាពយឺតយ៉ាវក្នុងការចុះពិនិត្យឱ្យបានទាន់ពេលទេ ដង្កូវហ្វូងនោះអាចបំផ្លាញដំណាំស្រូវខ្ទេចតែក្នុងរវាង២-៣ថ្ងៃប៉ុណ្ណោះ។

បើសិនជា ប្រជាកសិករជួបប្រទះនឹងដង្កូវបំផ្លាញដំណាំស្រូវ ត្រូវរាយការណ៍ឬទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ឬទៅមន្ត្រីកសិកម្មនៅតាមឃុំ-ស្រុក ដើម្បីឱ្យពួកគាត់ជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬរបៀបនៃការជ្រើសរើសថ្នាំសម្រាប់បាញ់សម្លាប់ដង្កូវនោះផងដែរ ៕