សន្ដិសុខសង្គម

ដុតបំផ្លាញចោលគ្រឿងញៀនជាង ៧០០គីឡូក្រាមនៅខេត្ដស្ទឹងត្រែង

ដោយ÷សុខុម
ស្ទឹងត្រែង៖ អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៦មិថុនា២០២៤ បានរៀបចំដុតបំផ្លាញចោលគ្រឿងញៀនទម្ងន់សរុប ៧០២គីឡូក្រាម និង១៣៦.១៨ក្រាម តាមអំណាចសាលក្រម ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៥ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ការដុតបំផ្លាញគ្រឿងញៀនជាសាធារណៈនេះ ធ្វើឡើងនៅបរិវេណក្បែរសាលាខេត្តស្ទឹងត្រែង។ គ្រឿងញៀនដែលអាជ្ញាធរដុតចោលនោះរួមមាន៖ ប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធសរុប៦០៣គីឡូក្រាម និង៤៣១.០៣ក្រាម, គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនទម្ងន់សុទ្ធសរុប ២០គីឡូក្រាម និង៩៩២.៥៧ក្រាម, គ្រឿងញៀនប្រភេទកេតាមីន ទម្ងន់សុទ្ធសរុប៣១គីឡូក្រាម និង៩២៣.២ក្រាម, គ្រឿងញៀនប្រភេទម៉ិចស្តាស៊ី(MDMA) ទម្ងន់សុទ្ធសរុប១១គីឡូក្រាម និង៩៩១.៨៦ក្រាម រួមនិងសារធាតុញៀនមិនច្បាស់ទម្ងន់សុទ្ធសរុប ៣៧គីឡូក្រាម និង២១៧.៩២ក្រាម៕