សន្ដិសុខសង្គម

សមត្ថកិច្ចរកឃើញរថយន្ដដែលអ្នកដំណើរលួចខណៈតៃកុងចុះឈឺនោម

ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ៖អ្នករត់តាក់ស៊ីម្នាក់ត្រូវបានអ្នកដំណើរលួចបើករថយន្តរត់គេចខ្លួន ខណៈអ្នកបើកបររវល់ចុះឈឺនោម ហើយមិនបានដកសោពន្លត់ម៉ាស៊ីន ។ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៤ នៅកំណាត់ផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តបាត់ដំបង និងភូមិភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយ
ភ្លាមៗនោះជនរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

សមតកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ថែរ៉ាត់ ភេទប្រុស អាយុ ៣១ ឆ្នាំ នៅភូមិបឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាម្ចាស់រថយន្ត ម៉ាកលុចស៊ិស R.X300ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខ ភ្នំពេញ 2Q ៧៧០២ ។

មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ២០២៤ ជនរងគ្រោះបានដឹកភ្ញៀវដល់ចំណុចមួយលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង អ្នកបើកបរបានចុះឈឺនោម ភ្លាមនោះត្រូវបានអ្នកដំណើរអង្គុយកៅអីមុខយករថយន្តរបស់ខ្លួនបើករត់គេចខ្លួនចូលខេត្តបន្ទាយមានជ័យ ជនរងគ្រោះក៏បានរាយការណ៍ជូននគរបាលជួយអន្តរាគមន៍ ដោយអះអាងថា ខ្លួនត្រូវបានគេលួចរថយន្ត។

បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់នគរបាលទូទាំងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចុះស្រាវជ្រាវ ។លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នគរបាលបានរកឃើញរថយន្តនៅចំណុចវត្តគោកធ្នុង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ (ជនសង្ស័យរត់គេចអស់) និងបានយករថយន្តប្រគល់ជូនម្ចាស់ដើមវិញ។

នគរបាលកំពុងបន្តការស្រាវជ្រាវលើករណីនេះ ដើម្បីឃាត់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់៕