ដោយ : បន្ទាយ
ព្រះវិហារ ៖ មានសកម្មភាពជនល្មើសនាំគ្នាលួចជីករ៉ែយ៉ាងអនាធិបតេយ្យនិងខុសច្បាប់នៅទឹកដីខេត្តព្រះវិហារ។
លុះដល់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៤ ទើបមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ សហការជាមួយរដ្ឋបាលខេត្ត ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបនៅលើទីតាំងលួចជីករ៉ែអនាធិបតេយ្យនៅតំបន់ឈើភ្លើង ស្ថិតក្នុងភូមិភ្នំដែក ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ ។
ទោះយ៉ាងណា មន្ត្រីមិនបានបញ្ជាក់ថា នោះជារ៉ែអ្វីនោះឡើយ ។រីឯបទល្មើសវិញ ជនល្មើសចេះតែលួចប្រព្រឹត្តតាំងពីលើដី ក្នុងទឹក ក្នុងអាកាស ឥឡូវប្រព្រឹត្តក្នុងដីទៀត ។
យោងមន្ទីររ៉ែនិងថាមពលខេត្តនិងរដ្ឋបាលខេត្តព្រះវិហារឲ្យដឹងថា: ការបង្ក្រាបដោយបានបំផ្លាញអណ្តូងរ៉ែបញ្ឈរចំនួន០៣រណ្តៅ និងរោងស្នាក់នៅចំនួន ០១ ដែលមាន៖
– រណ្ដៅទី១ ទំហំ ១ម៉ែត្រ x ៣ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
– រណ្ដៅទី២ ទំហំ ២ម៉ែត្រ x ៥ម៉ែត្រ ជម្រៅ ៥ម៉ែត្រ
– រណ្ដៅទី៣ ទំហំ ១ម៉ែត្រx ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ
– រោងស្នាក់នៅទំហំ ៣ម៉ែត្រ x ៨ម៉ែត្រ។
ចំណែកក្រសួងរ៉ែនិងថាមពលវិញបានអំពាវនាវថា ឆ្លៀតក្នុងឱកាសនេះ ក្រសួងរ៉ែ និងថាមពល សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែ និងថាមពល តាមរយៈប្រព័ន្ធទូរសព្ទលេខ ០៩៥ ៧២៧ ៧២៧ របស់ក្រសួងរ៉ែនិងថាមពល ៕