ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យប៉ែកខាងលិច

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នាយករដ្ឋមន្ត្រីបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនិងកាត់បន្ថយទឹកជំនន់(IDFMP) ខេត្តបន្ទាយមានជ័យប៉ែកខាងលិចថា នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់និងជំនន់ឆ្លងដែនប្រទេសថៃ ព្រមទាំងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២.២១៣ គ្រួសារ។

ដោយស្រង់ទិន្នន័យពីក្រសួងធនធានទឹកនិងឧតុនិយម សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបង្ហោះក្នុងបណ្តាញហ្វេសប៊ុកផ្លូវការរបស់សម្តេចកាលពីថ្ងៃទី២២ ខែមិថុនាឆ្នាំ២០២៤ ថា: គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖

ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និងអាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។

គម្រោងនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០.០០០ហិកតា និងរដូវប្រាំង៣.៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន៤២. ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។

គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលនឹងក្លាយជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យបានបង្ហាញវឌ្ឍនភាពការស្ថាបនាថា: គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់នៅក្នុងខេត្តបន្ទាយមានជ័យ នាស្រុកក្រុងចំនួន៣ ភាគខាងលិចខេត្ត។

គម្រោងទាំង៣កន្លែងនេះ អនុវត្តដោយក្រសួងធនធានទឹកនិងឧតុនិយម  សាងសង់ដោយក្រុមហ៊ុនគុមហូ(KUMHO) កូរ៉េ-ខាងត្បូងនិងក្រោមឥណទានធនាគារអាហរណ នីហរ័ណកូរ៉េ តាមរយ:ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក្នុងទឹកប្រាក់រាប់រយលានដុល្លាសហរដ្ឋអាមេរិក  ព្រមទាំងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាលើការបោសសម្អាតមីននិងយុទ្ធភណ្ឌសង្គ្រាមនិងសំណងផលប៉ះពាល់ ។

គម្រោងជួសជុលនិងអភិវឌ្ឍន៍អាងទឹកនិងប្រព័ន្ធស្រោចស្រពមានចំនួន៣កន្លែង :

១ -អាងទឹកវាំងហែង ស្ថិតនៅឃុំទួលពង្រស្រុកម៉ាឡៃ ដែលមាន :- ភ្លឺទំនប់អាង ប្រវែង ៦,២៣គីឡូម៉ែត្រ -ផ្ទៃអាងមានទំហំ ៤៥៦,៨ហិតា – បរិមាណទឹក ៧ .៩០០ .០០០ម៉ែត្រគុប – លទ្ធភាពស្រោចស្រពស្រូវវស្សា ២ .៦០០ហិតា និងស្រូវប្រាំងបាន២២០ហិកតា ។

២ – អាងទឹកពង្រនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ៖ – ភ្លឺទំនប់អាងប្រវែង ៧,០១គីឡូម៉ែត្រ – ផ្ទៃអាងមានទំហំ៣៤០ហិតា   – បរិមាណទឹក ៦ ៩០០ ០០០ម៉ែត្រគុប – លទ្ធភាពស្រោចស្រោពស្រូវវស្សា ២ ៥៧០ហិកតា និងស្រូវប្រាំង ២២០ហិកតា និង ៣ – អាងទឹកកន្សែងនៅឃុំសឹង្ហស្រុកអូរជ្រៅ៖ – ភ្លឺទំនប់អាងប្រវែង ៧,១២០គីឡូម៉ែត្រ  – ផ្ទៃអាងមានទំហំ៨៣០ហិកតា  – បរិមាណទឹក ២២ ៨០០ ០០០ម៉ែត្រគុប- លទ្ធភាពស្រោចស្រពស្រូវវស្សា ៦ .៣៦០ហិកតានិងស្រូវប្រាំង ១.៣១០ហិកតា ។ ក្នុងនោះ ប្រឡាយដោះទឹកនិងស្រោចស្រពមានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ ។ សំណង់សិល្បការមានចំនួន២០៧កន្លែង  ៕