ព័ត៌មានជាតិ

ច្បាប់អត្រានុកូលដ្ឋាននឹងបញ្ចូលប្រព័ន្ធថ្មីអត្តសញ្ញាណប្រជាជនគឺប្រព័ន្ធ IPIS

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មនឹងបញ្ចូលនូវប្រព័ន្ធថ្មី«IPS» ដែលពុំធ្លាប់ប្រើប្រាស់នាពេលកន្លងមក។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានថ្លែងបែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នៅក្នុងសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៤ មិថុនានេះ។

ឯកឧត្តមបានថ្លែងថា៖ ដោយមើលឃើញនូវតម្រូវការចាំបាច់នេះ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបាន រៀបចំផែនការយុទ្ធសាស្ត្រជាតិស្តីពី អត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ គឺ ដើម្បីអនុវត្តឱ្យបាន សមស្របតាមផែនការយុទ្ធសាស្ត្រ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹង បន្ថែមទៀតកិច្ចការពារសិទ្ធិ និងពង្រឹងការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំ ទូលាយថែមទៀតនោះ។

ឯកឧត្តមបានបន្ថែមថា៖ គណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារ អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបង្កើតក្រុមការងារ អន្តរក្រសួង ដើម្បីរៀបចំសេចក្តី ព្រាងច្បាប់ស្តីពី “អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម” ក្នុងគោលបំណងធ្វើ ការកែសម្រួលនូវបទប្បញ្ញត្តិគតិយុត្តណាដែលពុំទាន់មានភាពសមស្រប និងបំពេញបន្ថែមនូវ បទប្បញ្ញត្តិថ្មីៗបន្ថែមទៀត ព្រមទាំងបញ្ចូលនូវប្រព័ន្ធថ្មីដែលពុំធ្លាប់មានប្រើប្រាស់ ដូចជាប្រព័ន្ធ អត្តសញ្ញាណប្រជាជនគឺ “ប្រព័ន្ធ IPIS” ជាដើម…។

ឯកឧត្តមបានបន្តថា៖ មិនតែប៉ុណ្ណោះច្បាប់នេះ គឺបានប្រមូលផ្តុំនូវរាល់ បទដ្ឋានគតិយុត្តទាំងអស់ ដែលទាក់ទងទៅនឹងអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្ត សញ្ញាណកម្ម ឱ្យមានលក្ខណៈ ប្រមូលផ្តុំនៅក្នុងច្បាប់តែមួយ ដែលពីមុនបទប្បញ្ញត្តិទាំងនេះ ស្ថិតនៅក្នុងបទដ្ឋានគតិយុត្តផ្សេងៗគ្នា ហើយការប្រមូលផ្តុំបទប្បញ្ញត្តិទាំងអស់ឱ្យនៅក្នុងច្បាប់៕