ដោយ : បន្ទាយ
ពោធិសាត់ :សូមប្រុងប្រយ័ត្ន! ករណីផ្ទុះដង្កូវហ្វូងបានរីករាលដាលដល់១២ខេត្តហើយរហូតមកដល់ពេលនេះ។
តាមការប៉ាន់ស្មានបឋម ផលប៉ះពាល់ស្ថិតក្នុងរង្វង់១-២%នៃដំណាំកំពុងដាំដុះ ភាគច្រើនទៅលើដំណាំស្រូវនិងដំឡូងមី ។ តែតួលេខនេះអាចនឹងកើនឡើងបន្តទៀតនាពេលខាងមុខ។
ក្នុងនោះ នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារជាដើម ។
នេះបើតាមលោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទអោយដឹងជាសាធារណ:កាលពីថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៤ ។
បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបាននឹងកំពុងប្រើប្រាស់កម្លាំងសរុបនិងមធ្យោបាយសរុបនៅទូទាំងប្រទេស ។ក្នុងនោះបញ្ចូនមន្ត្រីជំនាញជាបន្ទាន់ទាំងកម្រិតក្រសួង កម្រិតមន្ទីរ និងកម្រិតឃុំ ដើម្បីចុះតាមដានវាយតម្លៃពីការរីករាលដាល ផ្សព្វផ្សាយពីវិធានការឆ្លើយតបភ្លាមៗដល់បងប្អូនកសិករនៅតាមមូលដ្ឋាន និងអន្តរាគមន៍ផ្ទាល់ក្នុងករណីចាំបាច់ផងដែរ។
លោកបានបន្តថា : តាមការវាយតម្លៃក្នុងពេលបច្ចុប្បន្ន ស្ថានភាពនេះស្ថិតនៅក្នុងដំណាក់កាលគ្រប់គ្រងបាននៅឡើយទេ ។
ដោយហេតុថា មន្ត្រីក្រុមការងារបានប្រតិកម្មឆ្លើយតបបានលឿន។
ហើយបងប្អូនមាមីងអ៊ុ យាយតាជាប្រជាកសិករមានការចូលរួមបានយ៉ាងសកម្មនិងទូលំទូលាយ។
ឃឹម ហ្វីណង់ បានបន្តទៀតថា: អ្នកជំនាញរំពឹងទុកថា នៅពេលដែលមានភ្លៀងធ្លាក់មកដង្កូវហ្វូងទាំងនេះនឹងងាប់ទៅវិញ ហើយបញ្ហារីករាលដាលនឹងត្រូវបញ្ចប់។
ទោះជាយ៉ាងណា សូមបងប្អូនប្រជាកសិករបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានត្រួតពិនិត្យមើលដំណាំស្រែចម្ការរបស់ខ្លួនជាប្រចាំ និងឱ្យបានទៀងទាត់ និងចាត់វិធានការឱ្យបានទាន់ពេលវេលា ជៀសវាងនូវការខាតបង់ធ្ងន់ធ្ងរមកលើផលដំណាំរបស់ខ្លួន។
មិនមែនទេ អាកាសធាតុក្តៅខ្លាំងក្នុងឆ្នាំនេះ និងអូសបន្លាយពេលយូរ បានធ្វើឱ្យវដ្តជីវិតរបស់ដង្កូវហ្វូងកាន់តែខ្លី ពងឆាប់ញាស់ សុីច្រើន ឆាប់ធំ និងបង្កកំណើតក្នុងល្បឿនលឿន។
បូកផ្សំនឹងការបាត់លំនឹងជីវចម្រុះដោយសារកត្តាអាកាសធាតុ ដែលបានធ្វើឱ្យបាត់បង់នូវប្រភេទសត្វមានប្រយោជន៍មួយចំនួនដែលតែងដើរតួនាទីបំផ្លាញពពួកដង្កូវទាំងនេះ ចំនួនដង្កូវហ្វូងក៏ចាប់ផ្តើមផ្ទុះឡើងក្នុងបរិមាណច្រើនមួយរំពេច៕