អន្តរជាតិ

តើការភ័យខ្លាចបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងជំរុញឲ្យរដ្ឋបាល Biden ចងដៃអ៊ុយក្រែនមិនឲ្យប្រឆាំងនឹងរុស្ស៊ីឬមួយយ៉ាងណា?

ប្រែសម្រួល៖ស-សម្បត្តិ
វ៉ាស៊ីនតោន៖ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានប្រកាសថា រដ្ឋបាលលោក Biden កំពុងបន្ធូរបន្ថយការរឹតបន្តឹងលើការប្រើប្រាស់អាវុធរបស់ទីក្រុង Kyiv នៅលើទឹកដីរុស្សី។

ក៏ប៉ុន្តែក្រុមអ្នកវិភាគបានរិះគន់ថាឥរិយាបទនយោបាយនេះគឺនៅមិនទាន់គ្របគ្រាន់ទេអាមេរិកនៅមិនទាន់មានសេចក្តីក្លាហានប្រឈមមុខនឹងលោក វ្ល៉ាឌីមៀ ពូទីន នោះទេបើយោងតាមសេចក្តីប្រកាសរបស់លោក Jake Sullivan នៅក្នុងសប្តាហ៍នេះជាឧទាហរណ៍មួយទៀតរបស់រដ្ឋបាលលោក Biden ក្នុងការរារាំងអ៊ុយក្រែនព្រោះតែមានការភ័យខ្លាចបង្កឲ្យ “មានការកើនឡើងនូវភាពតានតឹងកាន់តែខ្លាំងជាសកល” ។

លោក Sullivan បានថ្លែងថាក្រុង Kyiv ឥឡូវនេះអាចនឹងវាយប្រហារ “គ្រប់ទីកន្លែងដែលកងកម្លាំងរុស្ស៊ីកំពុងឆ្លងកាត់ព្រំដែនពីខាងរុស្ស៊ីទៅភាគីអ៊ុយក្រែន ដើម្បីព្យាយាមដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត” ដែលជំនួសឲ្យពាក្យថា តែនៅជុំវិញទីក្រុង Kharkiv ភាគឦសានដែលមានចម្ងាយប្រហែល ១៨ ម៉ាយពីព្រំដែនរុស្សី។

“នេះបានន័យថាមិនផ្តោតទៅលើភូមិសាស្ត្រនោះទេផ្ទុយទៅវិញគឺចង់សំដៅលើស្ថានការណ៍សិកទូទៅ” លោកSullivan បានប្រាប់ទីភ្នាក់ងារ PBS កាលពីថ្ងៃអង្គារ។ “ប្រសិនបើរុស្ស៊ីកំពុងវាយប្រហារ ឬហៀបនឹងវាយប្រហារពីទឹកដីរបស់ខ្លួនចូលទៅក្នុងអ៊ុយក្រែន នោះវាជាការសមហេតុផលសម្រាប់អ៊ុយក្រែនវាយបកប្រឆាំងនឹងកងកម្លាំងរុស្សីដែលកំពុងវាយលុកឆ្លងកាត់តាមព្រំដែនចូលទឹកដីរបស់ខ្លួន” ។

អ្នកវិភាគជាន់ខ្ពស់នៅវិទ្យាស្ថានសហគ្រាសអាមេរិក Dalibor Rohac បានប្រាប់អ្នកយកព័ត៌មានប៉ុស្តិ៍កាលពីថ្ងៃសុក្រថានេះគ្រាន់តែជាការនិយាយឡើងវិញដោយសារតែរដ្ឋបាលរបស់លោក Biden មិនមានសេចក្តីក្លាហានគ្រប់គ្រាន់ក្នុងការកំណត់បន្ទាត់ក្រហមសម្រាប់លោកពូទីន។

Rohac បាននិយាយថា “យើងកំណត់តែបន្ទាត់ក្រហមសម្រាប់ខ្លួនឯងគឺមិនមែនបន្ទាត់ក្រហមសម្រាប់លោកពូទីននោះទេហើយបន្ទាប់មកយើងបន្ធូរបន្ថយបន្ទាត់ក្រហមទាំងនោះសម្រាប់តែខ្លួនយើង បន្តិចម្តងៗវាជាវិធីដែលបង្ហាញថារដ្ឋបាលរបស់លោក Biden ភ័យខ្លាចក្នុងការធ្វើគោលនយោបាយដើម្បីកំណត់បន្ទាត់ក្រហមសម្រាប់លោកពូទីន” ។

• សភាពស្ទាក់ស្ទើររបស់ប្រធានាធិបតី Biden

សម្រាប់អ៊ុយក្រែន សេតវិមានបានបង្ហាញពីភាពខ្វះចន្លោះដ៏ជាក់លាក់ដែលជារឿយៗឃើញថានៅមានសភាពស្ទាក់ស្ទើរខណ:មានការជំរុញឲ្យបញ្ជូនអាវុដ៏ធទំនើបៗទៅឲ្យអ៊ុយក្រែន ឬតាក់តែងគោលនយោបាយដ៏មានសក្តានុពលដើម្បីជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងរុស្សី។

អាមេរិកបានពន្យារពេលអស់ ១១ ខែក្រោយមកទើបលោក Bidenបានបញ្ជាឲ្យមន្ទីរបញ្ចកោណបញ្ជូនរថក្រោះ Abrams M1 ទៅឲ្យអ៊ុយក្រែនហើយមួយឆ្នាំកន្លះក្រោយមកទើបគាត់អនុញ្ញាតឲ្យប្រទេសផ្សេងទៀតផ្តល់យន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិក និងលើសពីពីរឆ្នាំទៅទៀតទើបគាត់សម្រេចបញ្ជូន ATACMS ដែលជាប្រព័ន្ធមីស៊ីលរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន។

ដួចជាឧទាហរណ៍ចុងក្រោយនេះ គោលនយោបាយថ្មីនៅតែហាមឃាត់ការប្រើប្រាស់ ATACMS មិនឲ្យលើសពីចម្ងាយ ១៨៦ ម៉ាយដែលជាគោលដៅលើទឹកដីរុស្ស៊ី នេះបើយោងតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ។

ផ្ទុយទៅវិញ អាវុធដែលផ្តល់ទៅឲ្យអ៊ុយក្រែនត្រូវបានអនុញ្ញាតឲ្យបាញ់តែនៅលើទឹកដីសត្រូវក្នុងរយ:ចម្ងាយខ្លី ដូចជាប្រព័ន្ធកាំជ្រួចប្រឆាំងរថក្រោះ Javelin ដែលមានរយៈចម្ងាយត្រឹមតែ ២.៥ ម៉ាយ។

ម្យ៉ាងទៀត ការសម្រេចឲ្យបាញ់ទៅលើទឹកដីរុស្ស៊ី ត្រូវអនុវត្តតែចំពោះគោលដៅដ៏ជាក់លាក់ណាមួយដែលកំពុងវាយប្រហារគ្នាយ៉ាងសកម្ម ឬឆ្លងកាត់តាមព្រំដែនអ៊ុយក្រែនតែប៉ុណ្ណោះទេ។

លោក Rohac បាននិយាយថា កត្តានេះគឺជាបញ្ហា វាជាការរារាំងក្រុង Kyiv ពីការវាយប្រហារលើគោលដៅយុទ្ធសាស្ត្ររបស់រុស្សីដូចជាកន្លែងស្តុកអាវុធ និងរោងចក្រចម្រាញ់ប្រេងជាដើម ដែលមិនមែនជាកម្លាំងចូលរួមដោយផ្ទាល់នៅក្នុងការប្រយុទ្ធគ្នានោះទេ។

ការរឹតបន្តឹងនេះរារាំងដល់សមត្ថភាពវាយប្រហាររបស់អ៊ុយក្រែនដើម្បីបំផ្លាញខ្សែចង្វាក់ផ្គត់ផ្គង់របស់រុស្ស៊ី ដែលមន្ត្រីជាន់ខ្ពស់អាមេរិករួមទាំងរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ធ្លាប់បានអះអាងថា គឺជាគន្លឹះសំខាន់សម្រាប់ក្រុង Kyiv យកឈ្នះសង្រ្គាមលើរុស្សី។

បើយោងតាមការព្យាកររបស់វិទ្យាស្ថានសិក្សាសង្រ្គាមបានឲ្យដឹងថាអ៊ុយក្រែនមានលទ្ធភាពវាយប្រហារអតិបរមាត្រឹមតែ ១៦% លើគោលដៅយោធារុស្ស៊ីដោយប្រើប្រាស់ ATACMS នៅតាមព្រំដែន។

ក្នុងចំណោមគោលដៅដែលមានសក្តានុពលនៅក្នុងតំបន់ហាមឃាត់៖ មានដូចជាមូលដ្ឋានទ័ពអាកាសយោធារុស្ស៊ីធំៗចំនួន ១៦ ដែលផ្តល់ការគាំទ្រដល់សង្គ្រាមរបស់លោកពូទីន ដើម្បីគ្រប់គ្រងដែនអាកាសលើអ៊ុយក្រែន។

លោក Rohac បាននិយាយថា “ការជំរុញឲ្យអ៊ុយក្រែនប្រើយុទ្ធសាស្ត្រការពារខ្លួនតែមិនអាចវាយប្រហារលើបណ្តាញដឹកជញ្ជូនរបស់រុស្ស៊ី រោងចក្រចម្រាញ់ប្រេង និងគ្រប់ប្រភេទដែលជាគោលដៅយោធានៅក្នុងប្រទេសរុស្ស៊ី ទាំងនេះបានន័យថាអ៊ុយក្រែនមិនអាចធ្វើសង្រ្គាមពេញសមត្ថភាពបានទេគឺអាមេរិកចងដៃពីក្រោយ”។

• «គ្មានការផ្លាស់ប្តូរ»

ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍របស់លោក Sullivan នៅក្នុងសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតនិយាយថា គោលនយោបាយមុននេះគឺបានសម្រេចឲ្យអ៊ុយក្រែនអាចវាយប្រហារចូលក្នុងទឹកដីរុស្ស៊ីតែនៅជុំវិញតំបន់ Kharkov តែប៉ុណ្ណោះ គឺមិនបានផ្លាស់ប្តូរទេ។
“ដូច្នេះមិនមានការផ្លាស់ប្តូរគោលនយោបាយនោះទេ”។លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍យ៉ាងដូច្នេះ “អ្វីដែលអ្នកបានឃើញនៅក្នុងតំបន់ Kharkiv គឺរុស្ស៊ីកំពុងធ្វើប្រតិបត្តិការវាយលុកជាទ្រង់ទ្រាយធំ ដូជជាការបាញ់កាំភ្លើងធំ និងការបាញ់នៅពេលដែលរុស្សីត្រៀមរុលចូលទឹកដីអ៊ុយក្រែន នៅពេលពួកគេបើកប្រតិបត្តិការសិកទាំងនេះ។

លោកបានបន្ថែមថា៖ “គឺអាចបាញ់តបតវិញនៅពេលដែលត្រូវបានគេវាយប្រហារគឺជាគោលការណ៍ដែលត្រូវអនុវត្តដោយផ្តោតទៅលើជុំវិញតំបន់ Kharkov តែប៉ុណ្ណោះ គឺមិនបានផ្លាស់ប្តូរទេ”។

ក្រោយមក Ryder បានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍របស់ Sullivan បន្ថែមពីលើទៀត។
អ្នកនាំពាក្យរូបនេះបានថ្លែងថា៖ “អ្វីដែលអ្នកបានឃើញនោះគឺថាកងកម្លាំងរុស្ស៊ីកំពុងព្យាយាមប្រើព្រំដែនរបស់ពួកគេជាតំបន់សុវត្ថិភាពដើម្បីរៀបចំការវាយប្រហារចូលទៅក្នុងទឹកដីអ៊ុយក្រែនដូច្នេះហើយជាថ្មីម្តងទៀត ដូចដែលយើងឃើញស្រាប់ហើយកងកម្លាំងទាំងនោះបើកកិច្ចប្រតិបត្តិការឆ្លងកាត់ព្រំដែនចូលទឹកដីអ៊ុយក្រែនហេតុនេះហើយអ៊ុយក្រែនអាចមានសិទ្ធិវាយបកដើម្បីការពារខ្លួនតែប៉ុណ្ពោះទេ”។

ទោះជាយ៉ាងណាក៏ដោយលោក Austin បានអនុវត្តគោលនយោបាយនេះតែនៅក្នុង”តំបន់ Kharkiv” ដូចកាលពីសប្តាហ៍មុន ហើយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយដោយបើកចំហអំពីសភាពស្ទាក់ស្ទើររបស់ក្រុងវ៉ាស៊ីនតោននៅក្នុងការសម្រេចឲ្យក្រុង Kyiv វាយប្រហារចូលទៅក្នុងទឹកដីរុស្ស៊ី។

• ដូចគ្នានិងរឿងចាស់ដដែល

លោក Rohac បាននិយាយថា “យើងបានឆ្លងកាត់រឿងនេះជាច្រើនដងមកហើយចំពោះការសម្រេចចិត្តដំបូងថាតើយើងអាចផ្តល់ឲ្យអ៊ុយក្រែននូវ HIMARS ប្រព័ន្ធរ៉ុក្កែតនៅក្នុងឆ្នាំ ២០២២ ដោយសារតែធ្លាប់មានសភាពតានតឹងជាមួយរុស្សីរួចមកហើយ” Rohac បាននិយាយយ៉ាងដូច្នេះ។ “ប្រសិនបើយើងកំណត់បន្ទាត់ក្រហមតាមអំពើចិត្តនោះប្រជាជនអ៊ុយក្រែនពិតជាមិនមានលទ្ធភាពប្រយុទ្ធបានត្រឹមត្រូវនោះទេ ដូច្នេះហើយយើងត្រូវតែបន្ធូរបន្ថយ”។
លោកបាននិយាយថា៖ “ គេកំពុងធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ទៅៗហើយខ្ញុំគិតថាពួកគេគួរតែនិយាយថាយើងពិតជាមិនឲ្យអ៊ុយក្រែនធ្វើការវិនិច្ឆ័យលើរឿងទាំងនេះបានដោយខ្លួនឯងនោះទេ”។

ប៉ុន្តែលោក Wes Rumbaugh ដែលជាអ្នករួមការងារជាមួយមជ្ឈមណ្ឌលសម្រាប់គម្រោងការពារមីស៊ីល និងការសិក្សាអន្តរជាតិ បាននិយាយថា វាជារឿងធម្មតាសម្រាប់អាមេរិក និងអ៊ុយក្រែនដែលមានកម្រិតខុសគ្នានៃការអត់ធ្មត់ចំពោះហានិភ័យដែលបង្កមកពីសភាពតានតឹងរវាងអាមេរិកនិងរុស្សី។

លោកបានមានប្រសាសន៍ថា “វាគឺជាអត្ថិភាពរបស់អ៊ុយក្រែនតាំងតែពីថ្ងៃដំបូងនៃការលុកលុយរបស់រុស្សី ខណៈដែលអាមេរិកប្រកាន់គោលជំហរគ្រប់គ្រងជម្លោះនេះដែលជាជ្រុងមួយនៃបញ្ហាប្រឈមសម្រាប់សន្តិសុខជាតិដ៏ស៊ីជម្រៅរបស់អាមេរិកដូច្នេះរដ្ឋបាលលោក Bidenត្រូវតែមានការប្រុងប្រយ័ត្នចំពោះការបង្កឲ្យមានស្ថានការណ៏តានតឹងកាន់តែកើនឡើងហើយយើងអាចយល់លើហេតុផលទាំងនេះ”។

Rumbaugh ក៏បាននិយាយផងដែរថា វិធីសាស្រ្តអត់ធ្មត់របស់លោក Biden ប្រហែលជាចាំបាច់ យ៉ាងហោចណាស់នៅមុនពេលដែលបង្កឲ្យមានសង្រ្គាម។

លោកបាននិយាយថា “គោលនយោបាយរឹតបន្តឹងតិចជាងនៅដើមដំបូងអាចបង្កើតបញ្ហាសម្រាប់ដៃគូអឺរ៉ុប” ហើយថែមទាំងនៅក្នុងការរួបរួមគ្នាគាំទ្រផ្នែកនយោបាយក្នុងស្រុកដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនសម្រាប់ការពារខ្លួនជាបន្តទៅទៀត៕