ដោយ : បន្ទាយ
កំពង់ធំ :សកម្មភាពការកាប់ទន្ទ្រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ របស់ក្រុមជនល្មើសមួយចំនួនក្នុងភូមិសាស្ត្រព្រៃឡង់នៅតំបន់អូររកាយ ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានសកម្មកើតឡើង។
នាដើមសប្តាហ៍ទី៣ខែមិថុនាឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងទាំង៣ មន្ត្រីស្ថាប័នជំនាញពាក់ព័ន្ធ ទៅត្រួតពិនិត្យសកម្មភាពកាប់ទន្ទ្រានព្រៃឈើនៅចំណុចនោះ ។
លោក គង់ វ៉ាន់ មន្ត្រីបរិស្ថានខេត្តកំពង់ធំប្រចាំការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាមួយកងកម្លាំងចម្រុះ ប្រចាំការនៅតំបន់អូរឃ្មង និងត្រពាំងប្រើស បានអោយដឹងថា : តំបន់ដែលមានការកាប់បំផ្លាញនេះឈ្មោះ”តំបន់អូររកាយ “ស្ថិតនៅក្នុងភូមិសាស្ត្រឃុំសុចិត្រ ស្រុកសណ្ដាន់ខេត្តកំពង់ធំដែលមានផ្ទៃដីជាង១០ហិកតា ។
លោកបានបន្តថា: ការលួចកាប់ទន្ទ្រានថ្មី នៅក្នុងអំឡុងមុនពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរឬ មុនពេលកងកម្លាំងចម្រុះមិនទាន់មកបំពេញបេសកកម្មនាពេលកន្លងមក អស់ជាង៦ហិកតា ។
ចំណែកផ្ទៃដីចំនួនជាង៤ហិកតាទៀត ជាផ្ទៃដីដែលបានកាប់ទន្ទ្រានចាស់ មុនពេលខាងលើទៀត ហើយការកាប់រានទន្ទ្រាន ដុតបំផ្លាញនិងហ៊ុមព័ទ្ធយកដីរបស់ជនល្មើស ពួកវាតែងប្រព្រឹត្តទៅនៅពេលយប់ ។
ហេតុនេះ.កម្លាំងបរិស្ថានដែលមានគ្នាតិច គ្មានអាវុធ លំបាកនិងខ្លាចរអារក្នុងពេលធ្វើសកម្មភាពត្រួតពិនិត្យនៅពេលយប់។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់នូវធនធានធម្មជាតិ ដែលត្រូវរងការកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិរបស់ជនល្មើស។
លោកបានណែនាំដល់មន្ត្រីជំនាញដែលមានការពាក់ព័ន្ធរួមជាមួយកងកម្លាំងចម្រុះ ត្រូវគ្រប់គ្រងឲ្យបាននូវផ្ទៃដីដែលបានកាប់ទន្ទ្រានយកដោយខុសច្បាប់ទាំងនេះឲ្យបានគង់វង្ស។
ត្រូវរាយការណ៍សុំអន្តរាគមន៍ បើមិនអាចធ្វើបាន និងត្រូវសហការស្រាវជ្រាវវែករកមុខសញ្ញាជនល្មើសដើម្បីសុំដីការតុលាការតាមចាប់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ពោលគឺគ្មានការលើកលែងឡើយ ទោះជនទាំងនោះជាសមាសភាពណា ដូចជាក្រីក្រ ស៊ីឈ្នួលគេ ជាម្ចាស់ឬថៅកែ ៕