សន្ដិសុខសង្គម

ដាក់ខ្នោះដៃក្រុមឈ្មួញដឹកឈើបញ្ជូនទាំងវត្ថុតាងទៅរដ្ឋបាលព្រៃឈើ

ដោយ៖សុខុម
ក្រចេះ៖ សមត្ថកិច្ចខេត្តក្រចេះ បានឃាត់ខ្លួនដាក់ខ្នោះដៃអ្នករកស៊ីដឹកឈើចំនួន៣នាក់ រួមជាមួយរថយន្តមួយគ្រឿង កសាងសំណុំរឿងបញ្ជូនទៅរដ្ឋបាលព្រៃឈើកាលពីថ្ងៃទី២១មិថុនាដើម្បីបន្តចាត់វិធានការតាមផ្លូវច្បាប់។

ពាក់ព័ន្ធករណីខាងលើនេះ សមត្ថកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី ២០ មិថុនា កម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧០៨ឈរជើងនៅ តាមដងផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងស្រុកអូរគ្រៀងសែនជ័យ បានដេញស្ទាក់រថយន្តសាំងយ៉ុងពណ៌ស ពាក់ផ្លាកលេខ ២Y.៦២៤៦ សង្ស័យដឹកបទល្មើសខុសច្បាប់។ ខណៈពេលដែលមន្ត្រីអាវុធហត្ថ ដេញស្ទាក់ក៏ស្រាប់តែរថយន្តសាំងយ៉ុងបើកកៀររថយន្តរបស់មន្រ្តីអាវុធហត្ថ បណ្ដាលឲ្យខូចខាតផ្នែកខ្លះ។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា នៅពេលបើកប៉ះជាមួយរថយន្តអាវុធហត្ ថរថយន្តសាំងយ៉ុងពុំបានឈប់ទេគឺបន្ថែមល្បឿនកាន់តែលឿនព្យាយាមរត់គេច។

ឃើញបែបនោះរថយន្តអាវុធហត្ថក៏បន្តដេញរហូតទៅដល់សួនអាពាហ៍ពិពាហ៍ស្រុកចិត្របុរីដោយមានការសហការពីរដ្ឋបាលព្រៃឈើផង ទើបឃាត់រថយន្តបង្កជាប់។

នៅក្នុងរថយន្តសាំងយ៉ុងគេឃើញមានគ្រឿងអេឡិចត្រូនិច មានគ្រឿងសង្ហារិមនិងសង្ស័យបាវអាចជាកាហ្វេគេចពន្ធ។

ជាមួយនោះថៅកែស្រីដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនឈើគ្រឿងសង្ហារិមរៀងរាល់យប់ចេញពីខេត្តស្ទឹងត្រែងឈ្មោះ ចែ ភ័ណ្ឌ និងតៃកុងរថយន្តរួមជាមួយព្រូម្នាក់ទៀត សមត្ថកិច្ចដាក់ខ្នោះដៃបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្តខេត្តក្រចេះ និងកសាងសំណុំរឿងដើម្បីទៅរដ្ឋបាលព្រៃឈើបន្តតាមនីតិវិធីច្បាប់៕