អន្តរជាតិ

កិច្ចចរចាស្តីអំពីអាវុធនុយក្លេអ៊ែរត្រូវបានធ្វើឡើងក្រៅផ្លូវការរវាងអាមេរិកនិងចិន ជាលើកដំបូងក្នុងរយៈពេល៥ឆ្នាំ

ប្រែសម្រួល៖រតនា
ហុងកុង៖ ចិននិងអាមេរិកបានបន្តកិច្ចចរចាស្តីពីអាវុធនុយក្លេអ៊ែរក្រៅផ្លូវការក្នុងខែមីនាជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំប្រតិភូរបស់ក្រុងប៉េកាំងបានប្រាប់សមភាគីអាមេរិកថាចិននឹងមិនប្រើអាវុធនុយក្លេអ៊ែរដើម្បីគំរាមតៃវ៉ាន់នោះទេ ប្រតិភូអាមេរិកពីរនាក់ដែលបានចូលរួមប្រជុំបានរាយការណ៏យ៉ាងដូច្នេះ។

ប្រតិភូចិនបានធានាឡើងវិញបន្ទាប់ពីអន្តរការីអាមេរិកបានលើកឡើងពីការព្រួយបារម្ភថាចិនអាចនឹងគំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើខ្លួនប្រឈមនឹងការបរាជ័យនៅក្នុងជម្លោះជាមួយកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានចាត់ទុកកោះដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាទឹកដីរបស់ខ្លួន ដែលជាការទាមទារមួយត្រូវបានច្រានចោលដោយរដ្ឋាភិបាលក្រុងតៃប៉ិ។

អ្នកជំនាញ David Santoro ដែលជាអ្នករៀបចំកិច្ចពិភាក្សាហៅថា (Track Two) របស់សហរដ្ឋអាមេរិក បាននិយាយថា “ពួកគេបានប្រាប់ភាគីអាមេរិកថា ពួកគេពិតជាជឿជាក់យ៉ាងមុតមាំថា ពួកគេអាចយកឈ្នះលើកោះតៃវ៉ាន់តាមរយ:យុទ្ធសាស្ត្រប្រយុទ្ធក្នុងទម្រង់ធម្មតា ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ” នៅក្នុងគ្រាដំបូងនោះទេ។ Reuters បានធ្វើសេចក្តីរាយការណ៏យ៉ាងដូច្នេះ។

អ្នកចូលរួមក្នុងកិច្ចពិភាក្សា (Track Two) ជាទូទៅបានហៅការចរចារវាងរដ្ឋាភិបាល និងរដ្ឋាភិបាលត្រូវបានគេចាត់ទុកថាជា (Track One)។

ទីក្រុងវ៉ាស៊ីនតោនតំណាងដោយគណៈប្រតិភូប្រហែល៥នាក់ រួមទាំងអតីតមន្ត្រី និងអ្នកប្រាជ្ញបានចូលរួមក្នុងការពិភាក្សាអស់រយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងនៅក្នុងសណ្ឋាគារសៀងហៃ។
ទីក្រុងប៉េកាំងបានបញ្ជូនគណៈប្រតិភូនិងអ្នកប្រាជ្ញ និងអ្នកវិភាគ ដែលរួមមានអតីតមន្ត្រីកងទ័ពរំដោះប្រជាជនចិនមួយចំនួនផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៍មាន Reuters ថាកិច្ចពិភាក្សា (Track Two) អាច “មានប្រយោជន៍” ។ អ្នកនាំពាក្យរូបនេះបាននិយាយថា នាយកដ្ឋានមិនបានចូលរួមក្នុងកិច្ចប្រជុំខែមីនាទេ បើទោះបីជាខ្លួនបានដឹងអំពីព្រិត្តការណ៏នេះក៏ដោយ។

អ្នកនាំពាក្យបាននិយាយថា ការពិភាក្សាបែបនេះមិនអាចដាក់ជំនួសការចរចាជាផ្លូវការ “ដែលតម្រូវឲ្យអ្នកចូលរួមនិយាយប្រកបទៅដោយសិទ្ធិសម្រេចលើបញ្ហនៅក្នុងរង្វង់រដ្ឋាភិបាលចិន”។
សមាជិកគណៈប្រតិភូចិន និងក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយនេះទេ។

ការពិភាក្សាក្រៅផ្លូវការរវាងមហាអំណាចអាវុធនុយក្លេអែរបានធ្វើឡើងជាមួយសហរដ្ឋអាមេរិក និងចិនដែលមានជម្លោះលើបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសំខាន់ៗ ដោយមេដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានប្រព្រឹត្តខុស។

ប្រទេសទាំងពីរបានបន្តកិច្ចចរចាដែលគេហៅថា (Track One) ក្នុងរយៈពេលខ្លីស្តីអំពីអាវុធនុយក្លេអ៊ែរនៅក្នុងខែវិច្ឆិកា ប៉ុន្តែការចរចាទាំងនោះបានជាប់គាំងចាប់តាំងពីពេលនោះមក ដោយមន្ត្រីកំពូលៗរបស់អាមេរិកបានសម្តែងការខកចិត្តចំពោះការឆ្លើយតបរបស់ចិន។

មន្ទីរបញ្ចកោណបានប៉ាន់ប្រមាណថាឃ្លាំងអាវុធនុយក្លេអ៊ែររបស់ក្រុងប៉េកាំងបានកើនឡើងជាង ២០ ភាគរយនៅចន្លោះឆ្នាំ ២០២១ និងឆ្នាំ ២០២៣ ដែលខ្លួនបានសន្និដ្ឋានកាលពីខែតុលាថាចិន “នឹងពិចារណាផងដែរអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីយកឈ្នះប្រសិនបើបរាជ័យនៅក្នុងការប្រយុទ្ធធម្មតាជាមួយតៃវ៉ាន់” ។

ប្រទេសចិនមិនដែលបោះបង់ការប្រើកម្លាំងដើម្បីចាប់យកតៃវ៉ាន់មកគ្រប់គ្រងហើយក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចិនបានបង្កើនសកម្មភាពយោធានៅជុំវិញកោះនេះ។

កិច្ចពិភាក្សា Track Two គឺជាផ្នែកមួយនៃការពិភាក្សាអំពីអាវុធនុយក្លេអ៊ែរនៅក្នុងរយៈពេលពីរទសវត្សរ៍ និងដោះស្រាយការជាប់គាំងក្នុងការសន្ទនាគ្នាកាលពីលើកមុន បន្ទាប់ពីអតីតរដ្ឋបាលលោក Trump សម្រេចដកមូលនិធិនៅក្នុងឆ្នាំ ២០១៩ ។

បន្ទាប់ពីជំងឺរាតត្បាត COVID-19 ការពិភាក្សាក្រៅផ្លូវការបានបន្តឡើងវិញលើបញ្ហាសន្តិសុខ និងថាមពល ប៉ុន្តែមានតែកិច្ចប្រជុំនៅក្រុងសៀងហៃតែប៉ុណ្ណោះដែលបានដោះស្រាយលម្អិតលើបញ្ហាអាវុធនុយក្លេអ៊ែរ និងឥរិយាបថនយោបាយរបស់ប្រទេសទាំងពីរ។

Santoroអ្នកគ្រប់គ្រងវេទិកាប៉ាស៊ីហ្វិក (Pacific Forum) ដែលមានមូលដ្ឋាននៅហាវ៉ៃ បានលើកឡើងអំពី “ការខកចិត្ត” ចំពោះភាគីទាំងពីរនៅក្នុងអំឡុងពេលធ្វើការពិភាក្សាគ្រាចុងក្រោយ ប៉ុន្តែបាននិយាយថាប្រតិភូទាំងពីរប្រទេសបានយល់ឃើញអំពីហេតុផលដើម្បីបន្តការពិភាក្សា។ លោកបន្តថា ការពិភាក្សាបន្ថែមទៀតត្រូវបានគេគ្រោងទុកនៅក្នុងឆ្នាំ ២០២៥។

William Alberque អ្នកវិភាគគោលនយោបាយនុយក្លេអ៊ែរ នៃមជ្ឈមណ្ឌល Henry Stimson Center ដែលមិនបានចូលរួមក្នុងកិច្ចពិភាក្សានៅក្នុងខែមីនា បាននិយាយថា ការចរចាលើប្រធានបទពីរគឺមានប្រយោជន៍សម្រាប់ជំរុញឲ្យមានទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានសភាពស្អិតល្មួតឡើងវិញ។
លោកបានមានប្រសាសន៍ថា “វាមានសារ:សំខាន់ណាស់លើការបន្តសន្ទនាជាមួយប្រទេសចិនដោយគ្មានការរំពឹងទុកជាដាច់ខាត” ។

• គ្មានការប្រើអាវុធនុយក្លេអ៊ែរក្នុងគ្រាដំបូង?

ក្រសួងការពារជាតិអាមេរិកបានប៉ាន់ប្រមាណកាលពីឆ្នាំមុនថា ទីក្រុងប៉េកាំងមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការចំនួន ៥០០ ហើយប្រហែលជាអាចផលិតបានច្រើនជាង ១,០០០ នៅឆ្នាំ ២០៣០។
នោះបើធៀបទៅនឹងការដាក់ពង្រាយដោយសហរដ្ឋអាមេរិក និងរុស្ស៊ីរៀងៗខ្លួននូវចំនួនក្បាលគ្រាប់ប្រតិបត្តិការ ចាប់ពីចន្លោះ១,៧១០ ទៅ១,៧៧០ គ្រាប់។ មន្ទីរបញ្ចកោណបាននិយាយថានៅឆ្នាំ ២០៣០ អាវុធភាគច្រើនរបស់ក្រុងប៉េកាំងនឹងទំនងជាត្រូវបានរក្សានៅក្នុងកម្រិតត្រៀមខ្លួនខ្ពស់ជាងនេះ។

ចាប់តាំងពីឆ្នាំ ២០២០ មក ប្រទេសចិនក៏បានធ្វើទំនើបកម្មឃ្លាំងអាវុធរបស់ខ្លួន ដោយចាប់ផ្តើមផលិតនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ក្រោយរបស់ខ្លួន សាកល្បងក្បាលគ្រាប់នាំផ្លូវដែលមានល្បឿនលឿនជាងសំឡេង និងធ្វើការល្បាតលើដែនសមុទ្រដោយមានបំពាក់អាវុធនុយក្លេអ៊ែរជាប្រចាំ។
សព្វាវុធនៅលើដី លើអាកាស និងនៅសមុទ្រចិនបានបំពាក់នូវ “អាវុធនុយក្លេអ៊ែរ” ដែលគេសង្កេតឃើញថាចិនអាចនិងឈានដល់កម្រឹតមហាអំណាចនុយក្លេអ៊ែរដ៏ធំមួយផងដែរ។

លោក Santoro លើកឡើងថាចំណុចសំខាន់មួយ ដែលភាគីអាមេរិកចង់ពិភាក្សាជាមួយចិននោះគឺគោលការណ៏មិនប្រើអាវុធនុយក្លេអ៊ែរន៊ៅក្នុងគ្រាដំបូងប្រសិនបើមានការប្រយុទ្ធគ្នា ពីគេមើលឃើញថាចិនមានចេត្តនាតិចតួចបំផុតចាប់តាំងពីចិនបានផលិតអាវុធនុយក្លេអ៊ែរជាលើកដំបូងរបស់ខ្លួននៅដើមទសវត្សរ៍ឆ្នាំ ១៩៦០។

ចេតនារបស់ចិនក្នុងការរារាំងមិនឲ្យប្រើអាវុធនុយក្លេអ៊ែរគឺមានតិចតួច នេះគឺចង់និយាយសំដៅលើសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រើអាវុធបរមាណូដើម្បីរារាំងសត្រូវរបស់ខ្លួន។

ប្រទេសចិនក៏ជាមហាអំណាចនុយក្លេអ៊ែរមួយក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរចំនួនពីរ មួយទៀតគឺឥណ្ឌាដែលបានសន្យាថានឹងមិនផ្តួចផ្តើមការផ្លាស់ប្តូរនុយក្លេអ៊ែរ។ អ្នកវិភាគយោធាចិនបានប៉ាន់ស្មានថា គោលនយោបាយមិនប្រើនុយក្លេអ៊ែរក្នុងគ្រាដំបូងគឺមានលក្ខខណ្ឌសំដៅទៅលើការធានារបស់ចិនមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងសម្ព័ន្ធមិត្តតៃវ៉ាន់ នេះគឺជាគោលនយោបាយមួយដែលត្រូវបានបញ្ជាក់ដោយក្រុងប៉េកាំង។

លោក Santoro បាននិយាយថា គណៈប្រតិភូចិនបានប្រាប់តំណាងអាមេរិកថា ទីក្រុងប៉េកាំងរក្សាគោលនយោបាយទាំងនេះ ហើយថា “យើងមិនចាប់អារម្មណ៍ក្នុងការធ្វើសមភាពនុយក្លេអ៊ែរជាមួយនិងអ្នកទេ គឺគ្រាន់តែចង់រក្សាវិសាលភាពរបស់វាតែប៉ុណ្ណោះ” ។

លោក Santoro បាននិយាយនៅក្នុងការសង្ខេបអំពីជំហររបស់ទីក្រុងប៉េកាំងដែលបានលើកឡើងថា “គ្មានអ្វីផ្លាស់ប្តូរទេ អ្វីៗដំណើរការតាមធម្មតាហើយចិនបានចោទសម្ព័ន្ធមិត្តតៃវ៉ាន់ថាកំពុងតែនិយាយបំផ្លើស ។
ការរៀបរាប់របស់គាត់ស្តីកិច្ចពិភាក្សាមួយនេះត្រូវបានបញ្ជាក់ដោយប្រតិភូសហរដ្ឋអាមេរិក Lyle Morris ដែលជាអ្នកប្រាជ្ញសន្តិសុខនៅវិទ្យាស្ថានគោលនយោបាយសង្គមអាស៊ី។

លោក Santoro បាននិយាយថា របាយការណ៍ស្តីពីការពិភាក្សាកំពុងត្រូវបានរៀបចំសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប៉ុន្តែនឹងមិនត្រូវបានចេញផ្សាយជាសាធារណៈនោះទេ។

• “ភាពស្រពិចស្រពិលបង្កឲ្យមានហានិភ័យ”

លោក Bonnie Jenkins មន្ត្រីជាន់ខ្ពស់គ្រប់គ្រងអាវុធរបស់អាមេរិ បានប្រាប់សភាកាលពីខែឧសភាថា ប្រទេសចិនមិនបានឆ្លើយតបទៅនឹងសំណើកាត់បន្ថយហានិភ័យនៃអាវុធនុយក្លេអ៊ែរ ដែលទីក្រុងវ៉ាស៊ីនតោនបានលើកឡើងនៅក្នុងអំឡុងពេលកិច្ចពិភាក្សាផ្លូវការកាលពីឆ្នាំមុននោះទេ។

ប្រទេសចិនមិនទាន់យល់ព្រមចំពោះកិច្ចប្រជុំរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលបន្ថែមទៀតនៅឡើយទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់រ៉យទ័រថា “ការបដិសេធមិនចូលរួមជាសំខាន់” របស់ Bejing ក្នុងការពិភាក្សាជុំវិញការផលិតនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានចោទជាសំណួរនៅជុំវិញគោលនយោបាយដ៏ស្រពិចស្រពិលរបស់ចិនក្នុងការធានាថា “មិនប្រើអាវុធនុយក្លេអ៊ែរនៅក្នុងគ្រាដំបូង” ដែលអាមេរិកគិតថាជាការបញ្ជាក់មិនច្បាស់លាស់ចំពោះគោលការណ៏នៃសិទ្ធិប្រើប្រាស់នុយក្លេអ៊ែរ។

លោក Santoro និង Morris បាននិយាយថា គណៈប្រតិភូ Track Two របស់ចិនមិនបានពិភាក្សាជាក់លាក់អំពីគោលដៅនៃកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនើបកម្មរបស់ទីក្រុងប៉េកាំងនោះទេ។

លោក Alberque នៃមជ្ឈមណ្ឌល Henry Stimson បាននិយាយថា ប្រទេសចិនពឹងផ្អែកយ៉ាងខ្លាំងលើ “កាបង្កឲ្យមានហានិភ័យតាមរយ:ការសន្យាខ្យល់” ដើម្បីកាត់បន្ថយឧត្តមភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដោយមិន “ចាំបាច់” ទាមទារឲ្យក្រុងប៉េកាំងពិភាក្សាក្នុងន័យស្ថាបនានោះទេ។

លោក Alberque បាននិយាយថា ឃ្លាំងអាវុធដែលចិនបានពង្រីករួមមានកាំជ្រួចប្រឆាំងនាវា យន្តហោះទម្លាក់គ្រាប់បែក កាំជ្រួចអន្តរទ្វីប និងនាវាមុជទឹក បានលើសពីតម្រូវការរបស់រដ្ឋ ដែលមានការគោរពលើគោលនយោបាយរារាំងការប្រើអាវុធនុយក្លេអ៊ែរបានតិចតួច និងធានាថាគ្មានការប្រើប្រាស់វាក្នុងគ្រានៅដំបូងនោះឃើញថាមានសភាពមិនច្បាស់លាស់នោះទេ។

លោក Morris បាននិយាយថា ចំណុចដែលចិននិយាយគឺវ៉ល់ៗនៅជុំវិញបញ្ហា “ធានាដល់ការរស់រានមានជីវិត” ដោយមិនចាំបាច់ប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើចិនរងការវាយប្រហារជាលើកដំបូងដោយស្ត្រូវ។

ប្រតិភូអាមេរិកបាននិយាយថា ចិនបានរៀបរាប៉អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថាជាកម្មវិធីទំនើបកម្មដែលឈរលើគោលការណ៏ជាមូលដ្ឋានដើម្បីរារាំងនិងទប់ស្តាត់ដល់ការវិវឌ្ឍខ្លួនរបស់សមភាគឺអាមេរិកដូចជាការធ្វើឲ្យប្រសើរឡើងនូវការការពារមីស៊ីលផ្លោងរបស់អាមេរិក សមត្ថភាពតាដាននិងឃ្លាំមើលឲ្យកាន់តែទំនើបនិងធ្វើឲ្យមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើងថែមទៀតផង។

សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីកាលពីឆ្នាំមុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែរ និងអភិវឌ្ឍនាវាចម្បាំងប្រភេទថ្មី ខណៈដែលក្រុងវ៉ាស៊ីនតោនកំពុងធ្វើការជាមួយទីក្រុងសេអ៊ូលដើម្បីសម្របសម្រួលការឆ្លើយតបចំពោះការវាយប្រហារបរមាណូដ៏មានសក្តានុពល។
គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនស្តីពីអាវុធនុយក្លេអែររួមមានលទ្ធភាពនៃការប្រើប្រាស់ពួកវា ប្រសិនបើការរារាំងបរាជ័យ ទោះបីជាមន្ទីរបញ្ចកោណនិយាយថា ខ្លួននឹងពិចារណាតែក្នុងកាលៈទេសៈធ្ងន់ធ្ងរណាមួយក៏ដោយព្រោះវានៅមិនទាន់បានផ្តល់ភាពដ៏ជាក់លាក់ណាមួយនោះទេ។

Morris បាននិយាយថា ប្រតិភូចិនម្នាក់ “បានចង្អុលទៅការសិក្សាដែលនិយាយថា អាវុធនុយក្លេអ៊ែររបស់ចិន នៅតែងាយរងគ្រោះចំពោះការវាយប្រហាររបស់អាមេរិក សមត្ថភាពនៃការវាយប្រហារលើកទីពីររបស់ពួកគេគឺមិនគ្រប់គ្រាន់ទេ”៕
ប្រភព៖ Reuters/ec