សន្ដិសុខសង្គម

ករណីរថយន្តបុកមនុស្សបាត់បង់ជីវិតចំនួនបីនាក់ និងរបួសម្នាក់បណ្តាលមកពីអ្នកបើកបរស្រវឹងស្រា

ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ មនុស្សចំនួនបីនាក់ បានស្លា.ប់ ក្នុងនោះមានក្មេងប្រុសអាយុទើប ៤ ឆ្នាំជាជនជាតិវៀតណាមម្នាក់ផង និងម្នាក់ទៀតអាយុទើប ៧ ឆ្នាំបានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ បណ្តាលមកពីអ្នកបើកបររថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅនឹងកន្លែងកើតហេតុសង្ស័យស្រវឹងស្រា។

ហេតុការណ៍គ្រោះថ្នាក់រថយន្តបុកជាមួយម៉ូតូនេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ ៧ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧១-១៧២ ស្ថិតក្នុងភូមិតាហៀវក្រោម ឃុំកោងកាង ស្រុកពញាក្រែក នៅម៉ោងជាង ៧ យប់ថ្ងៃទី ១៩ មិថុនា។

ប្រភពព័ត៌មានពីសមត្ថកិច្ចស្រុកពញាក្រែកបានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះដែលធ្វើដំណើរតាមម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ចាម 1F-9994 ដែលជាអ្នកបើកបរឈ្មោះយិន ចាន់ធូ ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិ វៀតណាម មកស្នាក់នៅភូមិកោងកាងទី១ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំបានស្លាប់នៅកន្លែងកើតហេតុ។ រួមដំណើរជិះពីក្រោយមានគ្នាចំនួន ៣ នាក់ៈ ទី១ឈ្មោះសុខ ចាន់ថា ភេទស្រីអាយុ៣២ឆ្នាំ ជនជាតិវៀតណាម ត្រូវជាកូនស្រីបង្កើត បានរងរបួសធ្ងន់ហើយបានស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។ ទី២-ឈ្មោះទី ភេទប្រុស អាយុ ៤ ឆ្នាំ ជនជាតិវៀតណាម ត្រូវជាចៅអ្នកបើកបរម៉ូតូបានស្លាប់នៅកន្លែងកើតហេតុ និងទី-៣ឈ្មោះ ទីន ភេទ ប្រុស អាយុ ៧ឆ្នាំ ជនជាតិវៀតណាមរងរបួសធ្ងន់ ទាំងបីនាក់មកស្នាក់នៅ ភូមិ ឃុំជាមួយអ្នកបើកបរ ។

ប្រភពព័ត៌មានបានបន្តថា៖ ចំណែកអ្នកបើកបររថយន្តម៉ាកហាយឡិនឌ័រពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AP-4368 ឈ្មោះ រ៉ុន វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រឹត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គ្មានរបួស៕