សន្ដិសុខសង្គម

ចាប់ខ្លួនជនសង្ស័យចាក់សាំងដុតជនជាតិចិននៅសណ្ឋាគារអន្ដរជាតិខេត្តព្រះសីហនុ

ដោយ÷សុខុម
ព្រះសីហនុ ÷សមត្ថកិច្ចនៅថ្ងៃទី ២១មិថុនា២០២៤ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ដែលរត់គេចទៅដល់ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីដុតជនជាតិចិនម្នាក់បណ្ដាលឲ្យបាត់បង់ជីវិតនៅខេត្តព្រះសីហនុ។

គួររំលឹកផងដែរថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងជាង៥ល្ងាច មានករណីឃាតកម្មគិតទុកមុនមួយកើតឡើងនៅសណ្ឋាគារអន្តរជាតិ មានទីតាំងតាមបណ្ដោយផ្លូវឯករាជ្យ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ ជនសង្ស័យបានធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះឈ្មោះ ZHANG GUANGLI ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យក៏បានរត់គេចខ្លួនពីកន្លែងកើតហេតុ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាកម្លាំងនាយកដ្ឋានចុះដឹកនាំសហការស្រាវជ្រាវ។ កម្លាំងនាយកដ្ឋានដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា និងលោកវរសេនីយ៍ឯក ឆាន់ គឹមលី អនុប្រធាននាយកដ្ឋានបានដឹកនាំសហការស្រាវជ្រាវជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង រហូតមកដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចយើងបានធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គៀន គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាក់សាំងដុតជនរងគ្រោះបណ្តាលឲ្យស្លាប់ប្រាកដមែន ព្រោះខឹងជនរងគ្រោះមើលងាយខ្លួន ហើយបានបោកទូរសព្ទរបស់ខ្លួនចោល និងមិនព្រមបើកប្រាក់ខែឲ្យខ្លួន។

 បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕