សន្ដិសុខសង្គម

សមត្ថកិច្ចអំពាវនាវរកសាច់ញាតិយុវជនម្នាក់ដែលបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរ

ដោយ៖ កំចាយ

កំពត÷ សមត្ថកិច្ចកំពុងអំពាវនាវរកសាច់ញាតិយុវជនម្នាក់ដែលបានស្លា.ប់កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០៤ ដើម្បីមកទទួលសពយកទៅលំនៅស្ថាន។ ហេតុការណ៍ដែលបណ្តាលឱ្យមនុស្សបាត់បង់ជីវិតនេះផ្តើមឡើងដោយគ្រោះថ្នាក់ចរាចររវាងរថយន្ត និងម៉ូតូនៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក។

មន្ត្រីនគរបាលចរាចរណ៍ស្រុកឈូកបានបញ្ជាក់ថា កាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែមិថុនា មានករណីរថយន្តបុកម៉ូតូនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១០៤-១០៥ បណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិតភ្លាមៗ។ ក្រោយកើតហេតុ រថយន្តបានបើកគេចបាត់ដោយបន្សល់ទុកសពជនរងគ្រោះនៅលើដងផ្លូវយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានបន្តថា  រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សពកំពុងតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកស្រុកឈូក ដោយមិនទាន់ឃើញសាច់ញាតិមកសួរនាំឡើយ។ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខព្រះសីហនុ1J-0927។ ដូច្នេះបើក្រុមគ្រួសារណាបានបាត់សមាជិក សូមមកទាក់ទងជាមួយសមត្ថកិច្ច ឬមន្ទីរពេទ្យបង្អែកស្រកឈូកផ្ទាល់៕