ព័ត៌មានជាតិ

មុខតំណែងរបស់ក្រុមប្រឹក្សា​ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ៖  ស្រុកក្រុង ៤ ផ្លាស់ប្តូរប្រធាន , ៥នៅរក្សាដដែល ឯសមាជិកក៏ផ្លាស់ប្តូរច្រើន

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ ៖ មុខតំណែងរបស់ក្រុមប្រឹក្សា​ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែង ហើយបញ្ចប់ប្រារព្ធពិធីហើយកាលពីថ្មីៗនេះ ។ក្នុងនោះស្រុកក្រុង៤ ផ្លាស់ប្តូរគឺប្រធានថ្មី ឯ៥ទៀតនៅរក្សាប្រធានចាស់ដដែល ឯសមាជិកក៏ផ្លាស់ប្តូរច្រើនដែរ ។

នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនថ្នាក់ដឹកនាំដែលមានអភិបាល អភិបាលរងខេត្ត ប្រធាននិងសមាជិកក្រុមប្រឹក្សាខេត្តចុះតាមស្រុក ក្រុងទាំង៩ ដើម្បីប្រារព្ធពិធីការប្រកាស​ចូលកាន់មុខតំណែងនិងតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា​ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ពោលគឺជាសរុប ស្រុក ក្រុងចំនួន៤ ផ្លាស់ប្តូរប្រធានថ្មី , ឯ៥ នៅរក្សាប្រធានចាស់ដដែល ឯសមាជិកក៏ផ្លាស់ប្តូរច្រើនដែរ ។

នេះបើតាមមន្ត្រីរដ្ឋបាលខេត្ត និងមន្ត្រីគណបក្សខេត្តបានអោយសារព័ត៌មានដឹងកាលពីថ្ងៃទី១៧ខែមិថុនាថា សម្រាប់អាសន:ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យសរុបចំនួន២៥ ។ក្នុងនោះ គណបក្សប្រជាជនកម្ពុជា២២និងគណបក្សឆន្ទៈខ្មែរ៣ ។ចំណែកឯក្រុមប្រឹក្សាស្រុក ក្រុង មានអាសន:សរុប ១៥៩ ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៤៥ អាសនៈ:។ គណបក្សឆន្ទៈខ្មែរ២១ អាសន:  គណបក្សកម្លាំងជាតិ២អាសន:និងគណបក្សខ្មែររួមរួបជាតិ១អាសន: ។

ស្រុក ក្រុងមានតំណែងប្រធានក្រុមប្រឹក្សាស្រុកក្រុងទាំង៩ ជាកូតាគណបក្សប្រជាជនកម្ពុជា និងអាសន:ដែលគណបក្សនានាទទួលបានមានដូចតទៅ ៖

១- ស្រុកមង្គលបូរី សរុប២១អាសន: ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៩ គណបក្សឆន្ទ:ខ្មែរ២ ។ លោកកែវ តុម  ទទួលតំណែងជាប្រធានថ្មី ជំនួសលោកឆឹង វ៉ុន ប្រធានចាស់ដែលបានសុំប្តូរទៅជាសមាជិកវិញ ។

២- ស្រុកភ្នំស្រុក អាសន:សរុប១៧  ក្នុងនោះគណបក្សប្រជាជនកម្ពុជា ១៤ និងគណបក្សឆន្ទៈខ្មែរ៣ ។លោកស៊ិញ ឈឹញ ទទួលតំណែងជាប្រធានថ្មី ជំនួសលោករឿម បូរ ប្រធានចាស់ដែលបានសុំប្តូរទៅជាសមាជិកវិញ ។

៣-ស្រុកព្រះនេត្រព្រះ អាសនៈសរុប២១ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ១៨និងគណបក្សឆន្ទៈខ្មែរ៣ ។ លោកកែវ ប៊ុនយឿន ប្រធានចាស់ ទទួលតំណែងជាប្រធានថ្មីអាណត្តិទី២ ។

៤-ស្រុកអូរជ្រៅ អាសន:សរុប១៧ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ១៥និងគណបក្សឆន្ទៈខ្មែរ២  ។ លោកតាន់ ស្វាង ប្រធានចាស់ទទួលតំណែងអាណត្តិទី៣ ។

៥- ក្រុងប៉ោយប៉ែត  អាសនៈសរុប ១៩ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា១៦, គណបក្សកម្លាំងជាតិ២និងគណបក្សឆន្ទ:ខ្មែរ ១ ។ លោកឈឹម គន្ធា បេក្ខជនលំដាប់លេខរៀងទី១ គណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែត ដែលត្រូវទទួលតំណែងជាប្រធានថ្មី បានលាលែង ហើយសុំធ្វើជាសមាជិកដូចមុន ។

ហេតុនេះ លោកឈាន ចំរើន បេក្ខជនលេខរៀងទី២  បានឡើងជំនួសលោកសាន ស៊ានហូ ប្រធានចាស់ដែលលែងឈរឈ្មោះ ។

៦- ក្រុងសិរីសោភ័ណ អាសនៈសរុប១៩ ក្នុងនោះគណបក្សប្រជាជនកម្ពុជា១៦ គណបក្សឆន្ទ:ខ្មែរ៣ ។ លោកជាម សុខ ប្រធានចាស់ ទទួលតំណែងចំនួន៣អាណត្តិ។ លោកដា ទឹង ប្រធានចាស់ទទួលតំណែងអាណត្តិទី៣ ។

៧-ស្រុកថ្មពួក អាសនៈសរុប១៩ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ១៤ គណបក្សឆន្ទ:ខ្មែរ៤ និងគណបក្សខ្មែររួមរួមជាតិ១ ។លោកយង់ យឺន ប្រធានថ្មី ជំនួសលោកយ៉ត រ៉ាយុ ដែលលែងឈរឈ្មោះ ។

៨-ស្រុកស្វាយចេក អាសនៈសរុប១៩ ក្នុងនោះ គណបក្សប្រជឆជនកម្ពុជា១៦ គណបក្សឆន្ទ:ខ្មែរ៣ និង៩-ស្រុកម៉ាឡៃ អាសនៈសរុប១៧ ក្នុងនោះគណបក្សប្រជាជនកម្ពុជាទាំងអស់ ។ប្រធានចាស់ លោកឈឹម ប៊ុននី ទទួលតំណែងអាណត្តិទី២ ។

ការប្រារព្ធពិធីចូលកាន់មុខតំណែងរបស់ក្រុមប្រឹក្សា​ស្រុក ក្រុងទូទាំងខេត្តបន្ទាយមានជ័យ ចុងក្រោយធ្វើនៅស្រុកស្វាយចេកក្រោមអធិបតីភាពលោកឈើយ ចាន់ណា  សមាជិកព្រឹទ្ធសភា  លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តនិងលោកប្រាក់ ប៉ូលី អភិបាលរងខេត្ត។

លោកលឿង សុភក្តិ អភិបាលស្រុកបានរាយការណ៍ពីលទ្ធផលការងាររដ្ឋបាលស្រុកក្នុងអាណត្តីទី៣នៃក្រុមប្រឹក្សាស្រុកកន្លងមក។ឯលោកដា ទឹង ប្រធានថ្មីនៃក្រុមប្រឹក្សាស្រុក បានប្តេជ្ញាចិត្តថានឹងខិតខំបំពេញការងារអោយបានលទ្ធផលល្អនិងមានប្រសិទ្ធភាព ។

លោកប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងថា: លទ្ធផលនិងសមាសភាពចម្រុះសមាជិកក្រុមប្រឹក្សា ខេត្ត ស្រុកក្រុង មកពីគណបក្សចម្រុះដូច្នេះនិងបទពិសោធដែលកម្ពុជារៀបចំបោះឆ្នោតដោយខ្លួនឯង២០លើករួចមកហើយ បានបង្ហាញថា ការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាតាមរយ:ការរៀបចំការបោះឆ្នោតតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្សទាំងការបោះឆ្នោតសាកលនិងអសាកលយ៉ាងទៀងទាត់ ៕