ព័ត៌មានជាតិ

កិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យដែលជាថ្ងៃដំបូងអាណត្តិថ្មី

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ក្រោយបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃអាទិត្យទី២៦ខែឧសភាឆ្នាំ២០២៤កន្លងមក ហើយបានបែងចែកអាសន:ជូនគណបក្សឈ្នះឆ្នោតនិងធ្វើពិធីប្រកាសចូលកាន់តំណែងរួចរាល់ហើយនោះ សម្រាប់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យក៏បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ ជាថ្ងៃដំបូងអាណត្តិថ្មី របស់ខ្លួន។

ក្រុមប្រឹក្សានេះ កាលពីអាណត្តិទី៣ ក៏មានអាសន:សរុប២៥ ដែរ ក្នុងនោះគណបក្សប្រជាជនកម្ពុជា២៤រូបនិងគណបក្សខ្មែររួបរួមជាតិ១រូប ។ឯគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយនោះ អាសនៈ:ត្រូវបានប្រមូលទៅគណបក្សប្រជាជនកម្ពុជា។ឯអាណត្តិទី៤នេះ អាសន:សរុប២៥ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ២២រូបនិងគណបក្សឆន្ទ:ខ្មែរ៣រូប ។

លេខាធិការក្រុមប្រឹក្សាខេត្តអោយដឹងកាលពីថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៤ ថា: កិច្ចប្រជុំធ្វើនៅសាលក្រុមប្រឹក្សា សាលាខេត្ត បានដឹកនាំដោយលោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយសមាជិក ព្រមទាំងលោក អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សា អភិបាល អភិបាលរងស្រុកក្រុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ។

ក្នុងនោះរបៀបវារ:ទី១ :ផ្សព្វផ្សាយអំពីសេចក្តីណែនាំលេខ០២៤សណន ចុះថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។

របៀបវារ:ទី២:អានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្តនិងសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តសម្រាប់រយ:ពេល៦ខែ តទៅ។

របៀបវារ:ទី៣ : រាយការណ៍អំពីលទ្ធផលការងារនៃរដ្ឋបាលរបស់ខ្លួននៅអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុននិងការងារសេសសល់ ទិសដៅបន្តការងាររយ:ពេល៣ខែ សម្រេចបានដោយក្រុមប្រឹក្សាផុតអាណត្តិ ហើយត្រូវអនុវត្តបន្ត និងរបៀបវារ:ទី ៤:ផ្សេងៗ ៕