ពន្ធដារ

កម្មវត្ថុនិងអត្រាពន្ធកាត់ទុកដែលអ្នកជាប់ពន្ធនិវាសនជនត្រូវឈ្វេងយល់នៅពេលធ្វើការទូទាត់

ភ្នំពេញ៖ ព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារបានឲ្យដឹងថា យោងតាមមាត្រា២៥ នៃច្បាប់ស្តីពីសារពើពន្ធ បានចែងថា អ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យជាប់ពន្ធនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធលើចំនួនទូទាត់មុនការកាត់ទុកប្រាក់ពន្ធ ទៅតាមអត្រាកំណត់ដូចខាងក្រោម៖

-១៥% ចំពោះប្រាក់ចំណូលដែលបុគ្គលិកមិនស្ថិតក្រោមរបបស្វ័យប្រកាសលើការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែល។ សួយសារចំពោះទ្រព្យអរូបីនិងភាគកម្មក្នុងធនធានរ៉ែ និងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្មក្រៅពីធនាគារក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន

-១០% ចំពោះប្រាក់ចំណូលពីការឱ្យជួលចលនទ្រព្យ ឬអចលនទ្រព្យ

-៦% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុងបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើមានកាលកំណត់

-៤% ចំពោះការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើគ្មានកាលកំណត់។

ការកាត់ទុកនេះមិនអនុវត្តទេ ចំពោះការប្រាក់ដែលបង់ទៅឱ្យធនាគារក្នុងស្រុក និងការទូទាត់ចំពោះប្រាក់ចំណូល លើកលែងពន្ធដូចមានចែងក្នុងមាត្រា៩ នៃច្បាប់ស្តីពីសារពើពន្ធ។ ដោយឡែកការទូទាត់ប្រាក់ចំណូលប្រភពកម្ពុជា ឱ្យទៅអ្នកជាប់ពន្ធអនិវាសនជន ត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ដែលត្រូវបើក។ ពន្ធកាត់ទុកនេះ មិនត្រូវអនុវត្តចំពោះបុព្វលាភធានារ៉ាប់រងបន្តលើទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជានោះទេ៕