ព័ត៌មានជាតិ

តើអ្វីទៅជាបំណងនិងប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤

ដោយ : បន្ទាយ
បន្ទាយមានជ័យ : «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា កំណត់យកធ្វើជាប្រធាន​បទ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ។

តើអ្វីទៅជាបំណងនិងប្រធានបទនេះ?

ការសម្រេចយកប្រធានបទមួយនេះ ក្នុងគោលបំណងកសាងនិងអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។

នៅ​វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ភ្នំជញ្ជាំង ផ្លូវជាតិលេខ៥ភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ នាចុងសប្តាហ័កន្លងទៅនៃខែមិថុនា ឆ្នាំ​២០២៤ ក៏បានប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នេះ ដែលមានអធិបតីភាពលោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងចូលរួមដោយប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ប្រធាន អនុប្រធានមន្ទីរ អង្គភាព អភិបាល អភិបាលរងស្រុក្រុងមន្ត្រី អ្នក និស្សិត សិស្សរាប់រយនាក់។

លោកស្រី សំរិទ្ធ សុជាតិ នាយិកាវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថា: វិទ្យាស្ថានមានបន្ទប់សិក្សាចំនួន៤៧បន្ទប់ ទាំងបន្ទប់ប្រជុំ បន្ទប់ទ្រឹស្តី បន្ទប់ពិសោធន៍ និងមានអន្តេសិកដ្ឋានស្រី មាន២០បន្ទប់ សរុបបន្ទប់៦៧បន្ទប់។​

ការរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សា​(២០២៣-​២០២៤​)​សិស្សមានចំនួន១២០៣នាក់ស្រី៣០៣នាក់ ក្នុងនោះមាន៖១) កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស មានសិស្សចំនួន១៤៦នាក់ ស្រី៤៤នាក់ មានជំនាញដូចជា, ជំនាញអគ្គីសនី ,ជំនាញព័ត៌មានវិទ្យា, ជំនាញមេកានិករថយន្ត ,ជំនាញសំណង់ស៊ីវិល។​២)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ សិស្សសរុប ៣៧នាក់ ស្រី០៣នាក់ មានជំនាញអគ្គិសនី, ជំនាញព័ត៌មានវិទ្យា​,ជំនាញមេកានិករថយន្ត,ជំនាញសំណង់ស៊ីវិល, ជំនាញម៉ូតូ។​៣)កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ សិស្សសរុប ៦២នាក់ ស្រី១២នាក់ ដែលមាន ជំនាញអគ្គិសនី​,ជំនាញព័ត៌មានវិទ្យា,ជំនាញមេកានិករថយន្ត​,ជំនាញសំណង់ស៊ីវិល។​

បើតាមលោកស្រី សំរិទ្ធ សុជាតិ ចំនួនសិស្សបានដាក់ពាក្យស្នើសុំចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ
១ -កម្មវិធីបណ្តុះបណ្តាលជូន យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបចំនួន៩៥០នាក់ / ស្រី២៤២នាក់ មានជំនាញដូចជា៖ ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ ,សេវាកម្មរដ្ឋបាល, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ធុរកិច្ចភេសជ្ជៈ។​
២-វិទ្យាស្ថានបានបញ្ជូនសិស្សចុះកម្មសិក្សា សរុប១៥៤នាក់/ ស្រី៣៥នាក់ សិស្សដែលបានបោះបង់ពេលចុះកម្មសិក្សា៣២នាក់ ។ពេលចុះកម្ម សិក្សាពេលប្រឡង ១២២នាក់ ស្រី២៤ ពេលប្រឡង​ជាប់១១១នាក់ស្រី២២នាក់ និងសិស្សដែលបានបោះបង់ពេលប្រឡង១១នាក់ ផងដែរ។​

ក្នុងឱកាស​នោះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យបានលើកឡើង​ថា៖ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន អំពីសារសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅកាត់ថា TVET» ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបតម្រូវការទីផ្សារការងារក្នុងនិងក្រៅស្រុក។

លោកយឹម សំណាង បានបន្តថា៖រដ្ឋបាលខេត្តបន្ទាយមានជ័យ បានកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន និង អាណាព្យាបាល អនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និងទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យបានកាន់តែច្រើនឡើង៕