អន្តរជាតិ

ស្លាប់អាកាសយានិកពីរនាក់ដោយសារធ្លាក់យន្តហោះជំនាន់សង្គ្រាមលោកលើកទី២នៅចំពេលប្រារព្ធទិវាលោកឪពុក

ប្រែសម្រួល៖រតនា
នាវិកបើកបរយន្តហោះយន្តហោះប្រភេទជំនាន់សង្គ្រាមលោកលើកទី២ ពីរនាក់បានស្លាប់ ដោយសារការធ្លាក់យន្តហោះម៉ាស៊ីនភ្លោះ Lockheed 12A ដែលជាប្រភេទយន្តហោះនៅសេសសល់តាំងពីជំនាន់សម័យសង្គ្រាមលោកលើកទី២នៅអាកាសយានដ្ឋានរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកគឺនៅចំពេលដែលប្រារពទិវាលោកឪពុកកាលពីថ្មីៗនេះ។

Frank Wright អាយុ ៦៧ ឆ្នាំ បានបើកយន្តហោះម៉ាស៊ីនភ្លោះ Lockheed 12A ដែលជាប្រភេទយន្តហោះនៅសេសសល់តាំងពីជំនាន់សម័យសង្គ្រាមលោកលើកទី២ជាមួយនិងសហសេវិករបស់គាត់នៅរសៀលថ្ងៃសៅរ៍កន្លងទៅនេះគឺនៅចំពេលប្រារព្ធទិវាលោកឪពុកក្នុងបេសកកម្មរបស់សារមន្ទីរ Yanks Air ខណ:ដែលយន្តហោះកំពុងដំណើរការហោះហើរស្រាប់តែយន្តហោះនោះបានផ្ទុះឆេះនៅឯអាកាសយានដ្ឋាន Chino នេះបើយោងតាមប្រភពរបស់ទីភ្នាក់ងារ ABC 7 ។

យោងតាមសាក្សីម្នាក់ដែលបានឃើញហេតុការណ៏ធ្លាក់យន្តហោះនេះបានប្រាប់អ្នកសារព័ត៌មានថា៖ “យន្តហោះបានដាំក្បាលចុះហើយស្លាបខាងឆ្វេងដែលជាកន្លែងមានផ្ទុកឥន្ធនៈបានបុកនិងដីបង្កឲ្យផ្ទុះឆេះភ្លាមៗតែម្តង”។

អ្នកស្រុក Chino Valley Fire បានបញ្ជាក់ពីការស្លាប់របស់ Wright និងសហសេវិករបស់គាត់ ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណភ្លាមៗនោះទេ។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតចំពោះការធ្លាក់យន្តហោះនេះ។

មន្ត្រីសារមន្ទីរ Yanks Air បាននិយាយថា ពួកគេកំពុងសហការជាមួយអាជ្ញាធរធ្វើការស៊ើបអង្កេតលើករណីនេះ ហើយបានបន្ថែមថា កន្លែងរបស់ពួកគេនឹងត្រូវបិទជាបណ្តោះអាសន្ន។

ក្រុមមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សារមន្ទីរ Yanks Air នឹងត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី។

Wright គឺជាសមាជិកនៃក្រុមនាវិករបស់សារមន្ទីរ Yanks Air មាននាវិកជាច្រើនបានមកចូលរួមកាន់ទុក្ខចំពោះការបាត់បង់ជីវិតរបស់គាត់ហើយអ្នកខ្លះបានបង្ហោះសារចូលរួមរំលែកទុក្ខលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕