សន្ដិសុខសង្គម

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃ២នាក់ករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ÷ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចអគារមួយកន្លែង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងអោយដឹងថ្ងៃទី១៤ខែមិថុនា ថា: ការបង្ក្រាបនោះធ្វើឡើងនៅវេលាម៉ោង៣ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១-ឈ្មោះ ធីផាត់ រ៉ាម៉ាណា ហៅបាស ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្នភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់) ។២-ឈ្មោះ វីរៈសាត់ ណាមវីឆីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកកាស៊ីណូ ស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ប្រើប្រាស់)។

ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកសម្ភារវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់១,៤៥ក្រាម, គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១០ថង់កិប ស្មើនឹង ១០០គ្រាប់ ទម្ងន់១២,៥០ក្រាម, ទូរសព្ទដៃចំនួន ០២គ្រឿង (ម៉ាកSamsung Galaxy A34 ពណ៌ខ្មៅ, ម៉ាកRedmi ពណ៌ខៀវ),នាឡិកាដៃ លោហធាតុពណ៌ស ចំនួន០១គ្រឿង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ឱ្យដឹងថា :ក្រោយឃាត់ខ្លួននិងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនយកមកលក់ផងនិងប្រើប្រាស់ដោយខ្លួនឯងផង។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕