ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋអបអរសាទរ និងអរគុណចំពោះមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបន្ទាយមានជ័យ ដែលបានធ្វើការសម្របសម្រួលបើកទ្វារទឹកអាងត្រពាំងថ្មក្នុងស្រុកភ្នំស្រុក ដើម្បីបានទឹកស្រោចស្រពផលដំណាំស្រូវរបស់ពួកគាត់ ដែលកំពុងធ្វើស្រែក្បែរអាងទឹកត្រពាំងថ្ម។

ការចុះសម្របសម្រួលនេះ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយម កន្លងទៅថ្មីៗនេះ។
លោក យឹម ប៊ុនរ៉ុម អោយដឹងកាលពីថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៤ ថា : ដោយពិនិត្យមើលឃើញពីការរាំងស្ងួតអូសបន្លាយវែង ភ្លៀងមានសង្ឃឹមតិចតួច រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរធនធានទឹកនិងឧតុនិយម បានធ្វើការបេីកទឹកពីអាង ដើម្បីជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករដែលអាស្រ័យផលធ្វើស្រែក្បែរអាងទឹក។
លោកប្រធានមន្ទីរបានទទួលស្គាល់ថា: “ការផ្តល់ទឹកចេញពីអាងមិនអាចគ្រប់គ្រាន់នៃតម្រូវការ របស់បងប្អូនប្រជាកសិករនោះទេ ព្រោះទឹកនៅសល់តិចតួចតែប៉ុណ្ណោះ “។
“ប៉ុន្តែបើយើងបេីកបង្ហូរឲ្យអស់ ពីអាងវានឹងអាចមានផលប៉ះពាល់ដល់ជីវៈចម្រុះ “។
ដូច្នេះការបើកអាងទឹកនេះបានរយៈពេល៣ទៅ៤ថ្ងៃតែប៉ុណ្ណោះ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបានមានប្រសាសន៍ថា ទឹកមានសារៈសំខាន់ណាស់ ទាំង មនុស្ស និង សត្វ ហើយការចុះសម្របសម្រួលបើកទ្វារទឹកក្នុងឱកាសនេះ គឺធ្វើយ៉ាងណាអោយការប្រើប្រាស់ទឹកមានការសន្សំសំចៃ ពេលបូមទឹកដាក់ស្រែ សូមកុំលោភលន់ដាក់ត្រឹមតែស្រូវរស់បានហើយ ព្រោះអាចនឹងមានភ្លៀងធ្លាក់នាពេលឆាប់ៗ ខាងមុខនេះ។
ម្យ៉ាងវិញទៀតទឹកនៅក្នុងអាងនៅសល់តិចតួច រីឯស្រូវ របស់បងប្អូនប្រជាកសិករនៅមានច្រើន មិនអាចស្រោចស្រពបានគ្រប់គ្រាន់នោះទេ ៕
