ដោយ៖ គង់ហេង
ត្បូងឃ្មុំ៖ សោកនាដកម្ម ដ៏គួរឱ្យរន្ធត់មួយ ដែលរថយន្តប្រភេទដឹកទំនិញចំនួនពីរគ្រឿងបានបុកគ្នាបណ្តាលឱ្យមនុស្សចំនួនប្រាំពីរ នាក់បានបាត់បង់ជីវិតនិងរបួសចំនួនម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៧១ Cថ្មី ចំណុចអណ្តូងខួច ភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ នាម៉ោងជាង ៤ ទៀបភ្លឺថ្ងៃទី ១៤ មិថុនានេះ។ ដោយករណីនេះផ្តើមចេញពីការប្រើប្រាស់ល្បឿន។
ប្រភពព័ត៌មានពីស្រុកត្បូងឃ្មុំបានប្រាប់ឱ្យដឹងថា៖ ជនរងគ្រោះដែលបានស្លា.ប់ទាំង ៧ នាក់នោះជាបុរសទាំងអស់ គឺក្នុងនោះ ទី១-ឈ្មោះឈាង ហ៊ាង អាយុ ១៨ ឆ្នាំ ជាតៃកុងរថយន្តដឹកទំនិញម៉ាកហ៊ីយុនដាយពណ៌ស ពាក់ផ្លាកលេខកំពង់ធំ 3A-3053 បានរងរបួសធ្ងន់ ហើយបានស្លា.ប់នៅពេញបញ្ជូនដល់មន្ទីរពេទ្យ។ ទី២-ឈ្មោះ កេត កយ អាយុ៣២ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាកហ៊ីយុនដាយដែរពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខត្បូងឃ្មុំ 3A-4487 និងអ្នករួមដំណើរ,ទី៣-ឈ្មោះ រ៉ាំ យ៉ាន អាយុ២១ឆ្នាំ ស្លា.ប់នៅកន្លែងកើតហេតុ,ទី៤-ឈ្មោះ វៀត សែម អាយុ៣៧ឆ្នាំ ស្លា.ប់នៅកន្លែងកើតហេតុ,ទី៥-ឈ្មោះ ហឿន ហ៊ន់ អាយុ៣៩ឆ្នាំ ស្លា.ប់នៅកន្លែងកើតហេតុ,ទី៦-ឈ្មោះ នេន វណ្ណៈ អាយុ២៨ឆ្នាំ ស្លា.ប់នៅកន្លែងកើតហេតុ និងទី៧-ឈ្មោះ ពៅ កី អាយុ៣៥ឆ្នាំ របួសធ្ងន់ និងបានស្លា.ប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ចិនត្បូងឃ្មុំ។
ជនរងគ្រោះស្លាប់ទាំង ៦នាក់ ដែលធ្វើដំណើរតាមរថយន្តពណ៌ទឹកប្រាក់ មានទីលំនៅភូមិបុស្សល្វេ ឃុំក្រែក ស្រុកពញាក្រែក។ ចំណែកបុរសដែលរងរបួសធ្ងន់ កំពុងទទួលការសង្រ្គោះបន្ទាន់ពីក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំឈ្មោះ រឿង សារឿន អាយុ ២៣ ឆ្នាំ រួមដំណើរជាមួយអ្នកស្លា.ប់ឈ្មោះ ឈាង ហ៊ាង មានទីលំនៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕