ពន្ធដារ

សមាគមធនាគារនៅកម្ពុជាបានស្នើសុំអនុសាសន៍ណែនាំពីអគ្គនាយកដ្ឋានពន្ធដារ

ភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអនុញ្ញាតឱ្យលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមធនាគារនៅកម្ពុជាចូលជួបសម្តែងការគួរសមនិងណែនាំពីសមាសភាពសមាជិកក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមធនាគារនៅកម្ពុជា អាណត្តិទី១០ ដែលតំណាងមកពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

ឆ្លៀតក្នុងឳកាសនេះសមាគមធនាគារនៅកម្ពុជាបានស្នើសុំអនុសាសន៍ណែនាំពីអគ្គនាយកដ្ឋានពន្ធដារក្នុងគោលដៅពង្រឹងអនុលោមភាពសារពើពន្ធតាមរយៈការឈ្វេងយល់បន្ថែមពីច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចសារពើពន្ធរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

សូមបញ្ជាក់ផងដែរថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារនិងសមាគមធនាគារនៅកម្ពុជាតែងតែមានកិច្ចសហប្រតិបត្តិការល្អតាមរយៈការរៀបចំកិច្ចពិភាក្សាជាបន្តបន្ទាប់ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ។ជាមួយគ្នានេះធនាគារពាណិជ្ជជាសមាជិកសមាគមចំនួន១០បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើប្រតិបត្តិការផ្តល់សេវាទទួលប្រាក់ពន្ធអាករដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ។

សមាគមធនាគារនៅកម្ពុជាគឺជាសមាគមវិជ្ជាជីវៈក្នុងស្រុកនិងធ្វើប្រតិបត្តិការមិនស្វែងរកប្រាក់ចំណេញដែលត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជានិងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។សមាគមធនាគារនៅកម្ពុជាត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលដែលតំណាងឱ្យវិស័យធនាគារឯកជននៅកម្ពុជា ដោយបច្ចុប្បន្នសមាគមនេះ មានសមាជិកជាធនាគារពាណិជ្ជចំនួន ៦០ ធនាគារឯកទេសចំនួន៩ ការិយាល័យតំណាងចំនួន៦និងសមាគមនិងស្ថាប័នទទួលប្រាក់បញ្ញើចំនួន៤៕