ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ កម្លាំងចម្រុះរួមមាន នគរបាលអន្តោប្រវេសន៍ក្រុង កម្លាំងព្រហ្មទណ្ឌក្រុង និងប៉ុស្តិ៍រដ្ឋបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១២និង៣០នាទី បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងកាស៊ីណូKMH ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីផ្ទៀងផ្ទាត់លើការសង្ស័យឬមានការចោទប្រកាន់ថាកាស៊ីណូនេះគ្មានច្បាប់។
សមត្ថកិច្ចបានអោយដឹងថ្ងៃទី១៣ខែមិថុនាថា : ប្រតិបត្តិការនេះសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ។
ជាលទ្ធផល សមត្ថកិច្ចចម្រុះថា កាស៊ីណូនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពោលគឺមានច្បាប់អនុញ្ញាតអោយដំណើរការ មិនដូចមានមតិឬការសង្ស័យអ្នកចោទប្រកាន់ឡើយ។
ឃើញលទ្ធផលដូច្នោះ សមត្ថកិច្ចចម្រុះក៏ប្តូរជាបានណែនាំដល់ម្ចាស់ទីតាំង អោយចូលរួមសហការនិងគោរពតាមច្បាប់ស្តីពីកាស៊ីណូ ហើយមិនត្រូវប្រព្រឹត្តអី្វផ្ទុយពីច្បាប់អនុញ្ញាតឬអាជ្ញាប័ណ្ណនេះឡើយ ។
យោងប្រភពព័ត៌មានបន្ថែមទាក់ទិនករណីនេះបានអោយដឹងថា: ទីតាំងកាស៊ីណូKMH នេះ មានម្ចាស់ដីនិងអគារឈ្មោះលឹម ឃាង ជាអាជីវករនៅក្រុងប៉ោយប៉ែត។តែបច្ចុប្បន្ន ទីតាំងនិងអាជីវកម្មលើកកាស៊ីណូនេះជារបស់មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត គឺលោកនួន នីណារ៉ូ បានជួលពីលោកលឹម ឃាង ។
ទោះជាយ៉ាងក៏ដោយ រូបភាពខាងក្រៅដែលអោយគេហៅគឺកាស៊ីណូរបស់លោកលឹម ឃាង ដដែលទេ ។
ប្រភពបន្តថា : ចំពោះទីតាំងកាស៊ីណូKMH នេះ មុនមានការចុះពិនិត្យ ឆែករកអាជ្ញាប័ណ្ណនេះ ម្ចាស់ទីតាំងអាជីវកម្មបានអោយគេរើសម្ភារ ឧបករណ៍ចេញនិងផ្អាកសកម្មភាពល្បែងអនឡាញរួចទៅហើយ ព្រោះថា តាមជាក់ស្តែងរូបភាពអាជីវកម្មកាស៊ីណូទាំងឡាយ មិនសូវមានភ្ញៀវមកលេងល្បែងក្នុងកាស៊ីណូទេ តែមានសកម្មភាពដំណើរការមមាញឹកគឺល្បែងតាមអនឡាញនេះឯង។
សូមបញ្ជាក់ថា : អាជ្ញាប័ណ្ណឬច្បាប់អនុញ្ញាតអោយតែការធ្វើអាជីវកម្មកាស៊ីណូ ហើយបង់ពន្ធជូនថវិកាជាតិ ។រីឯ អាជីវកម្មល្បែងតាមអនឡាញគឺខុសច្បាប់ គ្មានអាជ្ញាប័ណ្ណឬច្បាប់អនុញ្ញាតទេ ។ ប៉ុន្តែម្ចាស់ទីតាំង តែងអារសាច់ជូនខ្លាឬបង់លុយជូនបុគ្គលអ្នកមានសមត្ថកិច្ចនិងអំណាច ទើបអាចសុខនិងចម្រើនបាន ៕