សន្ដិសុខសង្គម

ស្ត្រីម្នាក់អស់ជីវិតនិងម្នាក់ទៀតរបួសធ្ងន់ដោយគ្រោះថ្នាក់ម៉ូតូ

ដោយ៖ កំចាយ

កំពត÷ នារីម្នាក់បានអស់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន រួចជ្រុលចង្លូតធ្លាក់ពីផ្លូវដួលដោយខ្លួនឯង។ ហេតុការណ៍នេះបានកើតឡើងនារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅលើដងផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក។

មន្ត្រីនគរបាលចរាចរណ៍ស្រុកឈូកបានប្រាប់ឱ្យដឹងថា នារីដែលបានអស់ជីវិតក្នុងហេតុការណ៍ខាងលើឈ្មោះ ពៅ រ៉ានេត អាយុ ២៤ឆ្នាំ។ ចំណែកនារីរងរបួសឈ្មោះ ព្រំ ស្រីម៉ៅ អាយុ ៣២ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិចុងសួង ឃុំភ្នំប្រាសាទ ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៣ ខែមិថុនា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១១-១១២ គឺម៉ូតូមួយគ្រឿងកំពុងបើកបរក្នុងល្បឿនលឿន រួចរេចង្កូតធ្លាក់ពីផ្លូវដួលដោយខ្លួនឯងបណ្តាលឲ្យនារីម្នាក់អស់ជីវិតនៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់។

មុនគ្រោះថ្នាក់កើតឡើង គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានជ្រុលចង្កូតធ្លាក់ពីផ្លូវ រួចដួលដោយខ្លួនឯងបណ្តាលឲ្យអ្នកទាំង២ធ្លាក់បោកខ្លួនយ៉ាងធ្ងន់ធ្ងរ។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញនារីជិះខាងក្រោយបានបាត់បង់សង្ខារភ្លាមៗ ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ទើបហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកឈូកដើម្បីសង្គ្រោះបន្ទាន់៕