អន្តរជាតិ

កំណត់ហេតុថ្មីមួយស្តីអំពីការស៊ើបអង្កេតលើនាវាមុជទឹក Titan បង្ហាញថាជាឯកសារក្លែងក្លាយទាំងស្រុង

ប្រែសម្រួល៖រតនា
យោងតាមការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំបានបង្ហាញថា កំណត់ហេតុនៃការស៊ើបអង្កេតលើនាវាមុជទឹក Titan និងឯកសារដែលត្រូវបានគេយកមកផ្សព្វផ្សាយដោយមនុស្សរាប់លាននាក់តាមអ៊ីនធឺណិតកាលពីពេលមុន គឺជាឯកសារក្លែងក្លាយទាំងស្រុង។

កំណត់ត្រាបានរៀបរាប់លម្អិតអំពីទំនាក់ទំនងចុងក្រោយរវាងនាវាមុជទឹកដែលកំពុងព្យាយាមទៅឲ្យដល់កប៉ាល់ទីតានិកជាមួយនឹងអ្នកធ្វើដំណើរ ៥ នាក់និងអ្នកគ្រប់គ្រងការធ្វើដំណើរ។

គេមានការសង្ស័យថានៅពេលដែលឯកសារកំណត់ហេតុមួយត្រូវបានចេញផ្សាយកាលពីឆ្នាំមុននោះ មានលេចជាសំណួរចោទឡើងជាច្រើនថាតើកំណត់ត្រាដែលរៀបរាប់អំពីនាវាមុជទឹក Titan នេះស្របច្បាប់ដែរឬទេ។

យោងតាមសារព័ត៌មាន New York Times លោកប្រធានក្រុមរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលជាអ្នកស៊ើបអង្កេតក្នុងគ្រោះមហន្តរាយនេះបានបញ្ជាក់ថា កំណត់ហេតុទាំងមូលគឺក្លែងក្លាយទាំងស្រុង។

លោក ឧត្តមនាវីឯកចូលនិវត្តន៍លោក Jason D. Neubauer ដែលបានដឹកនាំការស៊ើបអង្កេតដែនសមុទ្រ បាននិយាយថា ក្រុមស៊ើបអង្កេតរបស់គាត់មិនបានរកឃើញភ័ស្តុតាងណាមួយដែលថាអ្នកនៅលើនាវា Titan ដឹងជាមុនថាការផ្ទុះដ៏សាហាវមួយនឹងកើតឡើងនោះទេ។

លោកបានអះអាងថា៖ “ខ្ញុំមានទំនុកចិត្តថា វាមិនពិតនោះទេ វាត្រូវបានគេប្រឌិតឡើង”។

កំណត់ហេតុដែលត្រូវបានចេញផ្សាយ និងចែកចាយដោយមនុស្សរាប់លាននាក់តាមអ៊ីនធឺណិតពីអ្នកនិពន្ធដែលមិនបញ្ចេញឈ្មោះ បានបង្ហាញពីទំនាក់ទំនងពីមួយនាទីទៅមួយនាទីរវាងអ្នកនៅក្នុងនាវា Titan និងអ្នកគ្រប់គ្រងការធ្វើដំណើររបស់នាវា។ កំណត់ហេតុមានការរៀបរាប់ជាក់ស្តែងអំពីអ្វីដែលមនុស្សនឹងស្រមៃថានឹងកើតឡើងនៅលើនាវា Titan នៅគ្រាចុងក្រោយនៅមុនពេលវាជាប់គាំង។
កំណត់ហេតុនេះក៏មានអក្សរកាត់ និងពាក្យបច្ចេកទេសតែមួយគត់សម្រាប់ submersible ។

ផ្នែកមួយនៃកំណត់ហេតុបានណែនាំថា នាវិកនៅលើនាវា Titan ស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោ ដោយមានសំឡេងរោទិ៍នៅផ្នែកខាងក្នុងនៃនាវាមុជទឹក នៅមុនពេលដាច់ទំនាក់ទំនងភ្លាមៗ។

Neubauer សង្ឃឹមថាវាជាការពិតជុំវិញកំណត់ហេតុនេះដែលអាចលួងលោមចិត្តបានខ្លះៗដល់គ្រួសារជនរងគ្រោះទាំងប្រាំនាក់ដែលស្លាប់នៅក្នុងនាវា Titan ។

ជនរងគ្រោះទាំងប្រាំនាក់នៅក្នុងនាវា Titan រួមមានពាណិជ្ជករ Shahzada Dawood អាយុ ៤៨ ឆ្នាំ និងកូនប្រុសរបស់គាត់ឈ្មោះ Suleman អាយុ ១៩ ឆ្នាំ ព្រមទាំងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Hamish Harding អាយុ ៥៨ ឆ្នាំ និង Paul-Henri Nargeolet អាយុ ៧៧ ឆ្នាំ។ Stockton Rush អាយុ ៦១ ឆ្នាំដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃ OceanGate ដែលជាក្រុមហ៊ុនអាមេរិកដែលបានសាងសង់នាវាមុជទឹក និងដំណើរការអ្នកទេសចរណ៍របស់ខ្លួនក៏នៅក្នុងនាវានោះដែរក្នុងនាមជាអ្នកបើកបរនៅថ្ងៃនោះ។ គេបានដឹងផងដែរថា Ocean Gate នឹងគិតថ្លៃអ្នកដំណើររហូតដល់ ២៥០,០០០ ដុល្លារក្នុងមនុស្សម្នាក់សម្រាប់ការធ្វើដំណើរតាមនាវា Titan ដើម្បីមានឱកាសទៅទស្សនាបំណែកនៃកប៉ាល់ទីតានិក។

ក្នុងការធ្វើដំណើរពិសេសនេះ អ្នកជិះលើកប៉ាល់ទីតានបានសង្ឃឹមថានឹងបានទៅដល់កប៉ាល់ទីតានិកដែលបាក់បែកនៅក្នុងជម្រៅទឹកប្រហែល ៤,០០០ ម៉ែត្រខាងក្រោមផ្ទៃមហាសមុទ្រនៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៣ គឺចំពេលដែលគ្រោះមហន្តរាយបានកើតឡើង។

ប្រាំថ្ងៃក្រោយមក នៅថ្ងៃទី ២២ ខែមិថុនា ការរកឃើញដំបូងនៃកំទេចកំទីរបស់នាវា Titan នៅជិតកន្លែងនាវាបាក់បែកTitanic ហើយវាត្រូវបានគេប្រកាសជាផ្លូវការថានាវាមុជទឹក Titan ត្រូវបាន”ផ្ទុះ” ។

កំណត់ត្រាដែលគេចាត់ទុកថាក្លែងក្លាយនោះហើយត្រូវបានគេលុបចោលនោះ ឥឡូវនេះត្រូវបានគេរាយការណ៍មកថាត្រូវបានគេចាប់ផ្តើមធ្វើការផ្សព្វផ្សាយនៅក្នុងប៉ុន្មានថ្ងៃបន្ទាប់ពីការរកឃើញកំទេចកំទីនាវា Titan ជាមួយនឹងសរសេរកូដធ្វើឲ្យវាមើលទៅដូចជាការពិតទាំងស្រុងដែលថា “អ្នកដំណើរនៅលើនាវា កំពុងភ័យស្លន់ស្លោ”។

Neubauer បាននិយាយថា កំណត់ត្រាក្លែងក្លាយនោះ “ច្បាស់ជាមាននរណាម្នាក់ធ្វើវាបានល្អដើម្បីឲ្យវាមើលទៅអាចឲ្យមានការជឿជាក់បាន” ៕