ប្រែសម្រួល៖ រតនា
ឆ្មាំសមុទ្រក្នុងតំបន់បានឲ្យដឹងថា មានស្ត្រីម្នាក់បានដាច់ដៃមួយផ្នែករួមទាំងក្មេងជំទង់ពីរនាក់ផ្សេងទៀតត្រូវបានត្រីឆ្លាមវាយប្រហារយ៉ាងធ្ងន់ធ្ងរបន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃសុក្រ។
ស្ត្រីអាយុ៤៥ឆ្នាំដែលកំពុងហែលទឹកលេងនៅតាមឆ្នេរ Watersound ក្នុងតំបន់ Walton County នៅ ម៉ោងប្រហែល១និង២០នាទីរសៀលនៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិកត្រូវបានត្រីឆ្លាមវាយប្រហារខណៈពេលដែលនាង និងស្វាមីរបស់នាងបានហែលទឹកហួសពីរបាខ្សាច់។ លោក Ryan Crawford ចៅសង្កាត់ South Walton Fire បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ។
យោងតាមសារព័ត៌មាន ABC News Crawford បានឲ្យដឹងថា ត្រីឆ្លាមបានខាំពួកគេបណ្តាលឲ្យរង “របួសធ្ងន់ធ្ងរ” ជាហេតុបណ្តាលឲ្យស្រ្តីម្នាក់នោះត្រូវកាត់ដៃឆ្វេងចេញ។ ស្រ្តីរងគ្រោះត្រូវបានគេបញ្ជូនតាមយន្តហោះទៅកាន់មន្ទីរពេទ្យ HCA Fort Walton-Destin នៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត។
ឆ្មាំសមុទ្របាននិយាយថា គ្រាន់តែ ៩០ នាទីក្រោយមក ប្រហែល ៤ ម៉ាយចុះពីឆ្នេរ ក៏មានក្មេងស្រីជំទង់ពីរនាក់អាយុ ១៥ និង ១៧ ឆ្នាំត្រូវបានត្រីឆ្លាមវាយប្រហារ ខណៈពេលដែលពួកគេកំពុងហែលទឹកលេងជាមួយមិត្តភក្តិក្នុងទឹកជ្រៅ។
Crawford បាននិយាយថា ក្មេងស្រីម្នាក់ក្នុងចំណោមក្មេងស្រីទាំងនោះបានរង “របួសយ៉ាងធ្ងន់ធ្ងរ” លើជើង និងដៃរបស់នាង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Ascension Sacred Heart Pensacola ក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរបំផុត។
ក្មេងស្រីជំទង់ម្នាក់ទៀតបានរងរបួសស្រាលត្រង់ជើងក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យប្រចាំតំបន់ផងដែរ។
លោក Michael A. Adkinson ចៅសង្កាត់ Walton County Sheriff Michael A. Adkinson Jr. បានប្រាប់អ្នកយកព័ត៌មានថា “ឧបទ្ទវហេតុនេះជារឿងមិនប្រក្រតីដែលយើងត្រូវតែធ្វើការឆ្លើយតបក្នុងការគ្រប់គ្រងហានិភ័យដើម្បីកាត់បន្ថយគ្រោះថ្នាក់តាមដែលយើងអាចធ្វើបាន”។
ឆ្មាំសមុទ្របានសម្រេចចិត្តបិទទីតាំងហែលទឹកនេះបន្ទាប់ពីមានឧប្បត្តិហេតុកើតឡើងពីរលើកផ្ទួនៗ។
Adkinson Jr. បាននិយាយថា ការវាយប្រហារដោយត្រីឆ្លាមបានកើតឡើងវិញតាំងពីឆ្នាំ ២០២១៕