ប្រែសម្រួល៖ស-សម្បត្តិ
គណៈវិនិច្ឆ័យរបស់តុលាការរដ្ឋ Minnesota បានកាត់ទោសបុរស ៤ នាក់ និងស្ត្រី ១ នាក់ពីបទឃុបឃិតនិងសមគំនិតគ្នាលួចប្រាក់ជាង ៤០ លានដុល្លារដែលជាថវិកាបម្រុងទុកសម្រាប់កុមារដែលស្រេកឃ្លាននៅក្នុងអំឡុងពេលជំងឺរាតត្បាតកូវិដ-១៩។
ករណីនេះទទួលបានការចាប់អារម្មណ៍ពីសាធារណជន បន្ទាប់ផ្ទុះរឿងអាស្រូវថង់ប្រាក់ចំនួន ១២០,០០០ដុល្លារសម្រាប់ជាសំណូកជូនដល់ចៅក្រមនៅមួយយប់មុនពេលដែលគណៈវិនិច្ឆ័យត្រូវបានកំណត់ធ្វើការជជែកដេញដោលនៅក្នុងតុលាការ។
ចៅក្រមម្នាក់ត្រូវបានបណ្តេញចេញនៅមុនពេលគណៈវិនិច្ឆ័យពិចារណាសម្រេចដាក់ទោសទណ្ឌលើជនជាប់ចោទ។
ជនជាប់ចោទទាំងប្រាំពីរនាក់ ដែលសុទ្ធតែមានដើមកំណើតអាហ្វ្រិកខាងកើត គឺជាក្រុមដំបូងគេក្នុងចំណោមមនុស្ស ៧០ នាក់ដែលត្រូវឆ្លងកាត់សវនាការដែលរដ្ឋអាជ្ញាសហព័ន្ធហៅករណីនេះថាជាការក្លែងបន្លំដ៏ធំបំផុតមួយដើម្បីកេងចំណេញប្រាក់ពីវិបត្តិ COVID-១៩ ។
មូលនិធិសហព័ន្ធជាង ២៥០ លានដុល្លារត្រូវបានគេលួចនៅក្នុងគម្រោងនេះ ដែលក្នុងនោះមានចំនួន ត្រឹមតែ៥០ លានដុល្លារប៉ុណ្ណោះដែលត្រូវបានរកឃើញថាត្រូវបានកេងបន្លំរហូតមកទល់ពេលនេះ។
ចុងចោទត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទក្លែងបន្លំនិងសមគំនិត ក្នុងការលាងលុយកខ្វក់ និងការសូកប៉ាន់ជាដើម។
Abdiaziz Shafii Farah, Mohamed Jama Ismail, Abdimajid Mohamed Nur, Mukhtar Mohamed Shariff និង Hayat Mohamed Nur ត្រូវបានផ្តន្ទាទោសលើករណីជាច្រើន។
ចុងចោទពីរនាក់ផ្សេងទៀតត្រូវបានតុលាការសម្រេចលើកលែងទោសអ្នកទាំងនោះរួមមាន Abdiwahab Maalim Aftin និង Said Shafii Farah។
ស្ត្រីម្នាក់បានទម្លាក់ថង់ប្រាក់ដែលជាសំណូកនៅមុខផ្ទះចៅក្រមក្នុងក្រុង Minneapolis នៅល្ងាចថ្ងៃអាទិត្យ។នៅក្នុងថង់ប្រាក់នោះគេឃើញមានក្រដាសប្រាក់ ២០ ដុល្លារ ៥០ ដុល្លារ និង ១០០ ដុល្លារ ដែលនាងបានហៅវាថាជាអំណោយសម្រាប់ចៅក្រមកាន់សំណុំរឿងនេះ។
FBI បានបញ្ជាក់ថាស្ត្រីនោះស្គាល់ឈ្មោះចៅក្រម បើទោះបីជាគេមិនទម្លាយអត្តសញ្ញាណរបស់ចៅក្រមជាសាធារណៈក៏ដោយ។ចៅក្រមដែលមានលេខកូដសម្គាល់ (Juror 52) មិននៅផ្ទះទេនៅពេលនោះ។
ការសូកប៉ាន់ចៅក្រមគឺជាបទល្មើសឧក្រិដ្ឋដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកម្រឹតអតិបរមាចំនួន១៥ឆ្នាំ។ការកេងបន្លំប្រាក់របស់ចុងចោទធ្វើឡើងក្រោមរូបភាពអង្គការមិនរកប្រាក់កំរៃមានឈ្មោះថាMinneapolis Feeding Our Future ដែលបានទទួលជំនួយស្បៀងអាហាររាប់លានពីក្រសួងកសិកម្មសហរដ្ឋអាមេរិក ក្រោមច្បាប់នៃសម័យរាតត្បាតរាតត្បាត ដើម្បីជួយសម្រួលអាហារដល់ជនក្រីក្រ។
រដ្ឋអាជ្ញាបាននិយាយថាប្រាក់ចំនួនតិចតួចប៉ុណ្ណោះបានទៅដល់ដៃកុមារក្រីក្រ។ ពួកគេបាននិយាយថា ប្រាក់ដែលគេបន្លំបានត្រូវចំណាយលើការទិញរថយន្តស្ព័រ គ្រឿងអលង្ការ ទ្រព្យសម្បត្តិ និងការធ្វើដំណើរទេសចរណ៏ដ៏មានតម្លៃជាដើម៕