ព័ត៌មានជាតិ

ជំនាញអប់រំ អាជ្ញាធរដែនដីពិនិត្យ ពិភាក្សាពីការបង្កើតវិទ្យាល័យថ្មីមួយឈ្មោះបន្ទាយមានឫទ្ធិនៅតំបន់ព្រំដែនបឹងត្រកួន

ដោយ ៖បន្ទាយ
បន្ទាយមានជ័យ ៖ កន្លងមកថ្មីៗក្នុងខែមិថុនាឆ្នាំ២០២៤ នេះ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ  បានដឹកនាំក្រុមការងារ រួមមានលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត មន្ត្រីជំនាញ មន្ត្រីអាជ្ញាធរដែនដី សហគមន៍ធ្វើការប្រជុំពិភាក្សា និងចុះពិនិត្យវាយតម្លៃលើ”អនុវិទ្យាល័យបន្ទាយមានឫទ្ឋិ”ដើម្បីដំឡើង ហើយបង្កើតទៅជា”វិទ្យាល័យបន្ទាយមានឫទ្ឋិ” ។

វិទ្យាល័យថ្មីនោះស្ថិតនៅផ្លូវខេត្តលេខ២៥៦៣ ជិតរង្វង់មូលបឹងត្រកួន ដែលប្រសព្វនឹងផ្លូវជាតិលេខ៥៨ នាភូមិផ្លូវបំបែកឃុំគោរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកយឹម សំណាង បានដាក់អោយសមាជិកនៃកិច្ចប្រជុំនិងចុះពិនិត្យ បានពិនិត្យនិងវាយតម្លៃ ដោយភ្ជាប់អំណះអំណាងមកបញ្ជាក់លើសំណើនេះ។

ចំណែកលោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថ្ងៃទី០៦ខែមិថុនាថា: អនុវិទ្យាល័យបន្ទាយមានឬទ្ធិមានចំនួនសិស្សសរុប២៣៤នាក់/ស្រី១២៦នាក់ ចំនួនគ្រូ ៦នាក់ /ស្រី២នាក់ ។ចំពោះហេដ្ឋារចនាសម្ព័នរូបវ័ន្ត សាលារៀនមានចំនួនអគារ ០៣ខ្នង (មានបន្ទប់១៣ និងថ្នាក់មាន០៤) លើទីធ្លាផ្ទៃដីសរុប ៣៦.០០០ម៉ែត្រការ៉េឬ៣,៥ហិកតា ។

សូមរំលឹកថា នៅស្រុកថ្មពួក បច្ចុប្បន្នមានសាលារៀនវិទ្យាល័យចំនួន២កន្លែង គឺវិទ្យាល័យថ្មពួកនៅទីប្រជុំជនស្រុកនិងវិទ្យាល័យបន្ទាយឆ្មារនៅមជ្ឈមណ្ឌល់វប្បធម៌ទេសចរណ៍បន្ទាយឆ្មារ។ក្នុងនោះ វិទ្យាល័យថ្មពួក ជាវិទ្យាល័យ១ក្នុងចំណោមវិទ្យាល័យ៣ ដែលចំណាស់ឬបង្កើតឡើងមុនគេក្នុងខេត្តបន្ទាយមានជ័យគឺវិទ្យាល័យមង្គលបូរីនៅស្រុកមង្គលបូរី ,វិទ្យាល័យសម្តេចឪនៅក្រុងសិរីសោភ័ណ ។

ទីតាំងគ្រោងបង្កើតវិទ្យាល័យបន្ទាយមានឫទ្ធិ ស្ថិតនៅជាង១គីឡូម៉ែត្រពីច្រកតំបន់ព្រំដែនបឹងត្រកួននិងចម្ងាយជាង២៥គីឡូម៉ែត្រពីទីរួមស្រុកថ្មពួក។

អំពីប្រវត្តិតំបន់បឹងត្រកួន កាលពីទសវត្សរ៍៨០ដល់ឆ្នាំ១៩៩២ ជាទីបញ្ជាការដ្ឋានកណ្តាលកងទ័ពនៃរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ(KP) ឬនៅខាងត្បូងអតីតការិយាល័យកណ្តាលក្នុងប្រទេសរបស់អង្គការចាត់តាំងនយោតបាយ យោធានិងរដ្ឋបាលនៃរណសិរ្សនេះ ដែលស្ថិតនៅមហោស្រព(សព្វថ្ងៃភូមិបឹងតាស្រីឃុំគោករមៀត)និងវិទ្យាល័យភ្នំដងរែកនៃជំរំជនភៀសខ្លួនខ្មែរសាយធូ(Site 2 Camp) ក្នុងទឹកដីថៃ ខាងលិចភូមិប្រាសាទត្បែងឃុំបន្ទាយឆ្មារ ។

ហេតុនេះ បើបង្កើតវិទ្យាល័យបន្ទាយមានឫទ្ធិទៅ សាលានេះនឹងអាចទទួលសិស្សពីភូមិនានាក្នុងចំណោមភូមិ២១នៃឃុំគោករមៀតដែលមានពលរដ្ឋសរុបជាង១ម៉ឹននាក់ និងភូមិ៣នៃឃុំបន្ទាយឆ្មារ ៕