ដោយ៖ កំចាយ
កំពត÷ បន្ទាប់ពីប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន បញ្ហាគ្រោះថ្នាក់ចរាចរបានក្លាយជាក្តីកង្វល់ដ៏ធំសម្រាប់រាជរដ្ឋាភិបាល។ ផ្តើមចេញពីករណីនេះទើបថ្នាក់ដឹកនាំតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ ពិសេសចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរអធិការកិច្ចខេត្តកំពតសហការជាមួយអាជ្ញាធរស្រុកកំពង់ត្រាចបានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យព្រះបិតាជាតិ។
ថ្លែងក្នុងពិធីខាងលើ លោកស្រី សេន សាណាស់ អនុរដ្ឋលេខាធិការក្រសួងអធិការកិច្ច បានមានប្រសាសន៍ថា គ្រោះថ្នាក់ចរាចរជាក្តីកង្វល់ដ៏ធំបំផុតរបស់រាជរដ្ឋាភិបាលបន្ទាប់ពីប្រទេសជាតិពោរពេញដោយសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើន ពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ គ្រោះថ្នាក់ចរាចរបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិ។ ដូច្នេះ ប្រជាពលរដ្ឋ សិស្សានុសិស្សគ្រប់រូបត្រូវគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនរាល់ពេលធ្វើដំណើរដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ ពិសេសចូលរួមជួយពន្លឿនកំណើនសេដ្ឋកិច្ចជាតិ។
លោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ជាទូទៅ គ្រោះថ្នាក់ចរាចរបណ្តាលមកពីកត្តា៤យ៉ាង រួមមាន កត្តាមនុស្ស ផ្លូវ យានជំនិះ និងកត្តាធម្មជាតិ។ ប៉ុន្តែកត្តាមនុស្សជាមូលហេតុសំខាន់ជាងគេនៅកម្ពុជាដែលទាមទារឲ្យមានការចូលរួមអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។
មន្ត្រីជំនាញបានបញ្ជាក់ក្នុងពិធីផ្សព្វផ្សាយច្បាប់ខាងលើនេះថា នៅពេលមានគ្រោះថ្នាក់ចរាចរកើតឡើងរមែងតែងខាតបង់ពេលវេលា ទ្រព្យសម្បត្តិ មនុស្សរបួស ពិការ អាចបាត់បង់អាយុជីវិតខ្លួនឯង និងអ្នកដទៃទៀតផង។ ដូច្នេះអ្នកធ្វើដំណើរ ពិសេសអ្នកបញ្ជាយានយន្តត្រូវគោរច្បាប់ដោយអនុវត្តតាមស្លាកសញ្ញា គំនូសចរាចរណ៍ ភ្លើងសញ្ញា និងអ្នកបញ្ជាចរាចរណ៍ជាដើម៕