ដោយ : បន្ទាយ
បន្ទាយមានជ័យ : លោកអ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ និងលោកស្រីបានអញ្ជើញដឹកនាំក្នុងពិធីប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារឈ្មោះស៊ុក អុឹម អាយុ ៦៥ឆ្នាំ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ អស់គ្មានសល់កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងមក។
គ្រួសារពលរដ្ឋនេះមានជីវភាពក្រីក្រ គ្មានមុខរបរច្បាស់លាស់ ព្រមទាំងមានសមាជិកគ្រួសាររស់នៅក្នុងបន្ទុកចំនួន៦នាក់។
លោក ធូ សុីសុភ័ណ្ឌ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តបានឲ្យដឹងថ្ងៃទី០៣ខែមិថុនាថា : ដោយបានពិនិត្យនិងធ្វើការចុះប៉ាន់ប្រមាណ ចំពោះគ្រួសារលោកស៊ុក អុឹម ឃើញថាមានជីវភាពក្រីក្ររស់នៅក្នុងភូមិតារាងបាល់សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ មានជីវភាពខ្វះខាត ថែមទាំងត្រូវភ្លើងឆេះផ្ទះអស់ទៀត។ ដូចនេះសាខាកាកបាទក្រហមបានធ្វើការសាងសង់ផ្ទះថ្មីមួយខ្នង ដែលមានទំហំទទឹង ៤ម៉ែត្រ បណ្តោយ ៦ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រសង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានចាក់ស៊ីម៉ងត៍ សង់ផ្ទាល់ដី សរុបថវិកាអស់ចំនួន ១៣០០ដុល្លារសហរដ្ឋអាមេរិក ។
លោក អ៊ុ រាត្រី បានមានប្រសាសន៍ថា : នេះគឺជាផ្ទះមនុស្សធម៌ទី១៣ របស់សាខាកាកបាទក្រហមប្រគល់ជូនពលរដ្ឋដែលត្រូវលក្ខខណ្ឌជួបគ្រោះថ្នាក់ ក្រីក្រ គ្មានទីពឹង មានបន្ទុកច្រើន….ដែលផ្ទះនីមួយៗមានលក្ខណៈតូចល្មមសមរម្យ និងរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ហើយក្នុងការអនុវត្តគម្រោង សាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតខ្វះទីជម្រកស្នាក់នៅ ពិតជាបានលើកកម្ពស់ តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ។
ក្រៅពីបានទទួលផ្ទះនេះ ក៏មានអំណោយបន្ថែមទៀត រួមមានអង្ករ ៥០គីឡូក្រាម ត្រីខ១យួរ មី១កេស ទឹកត្រី១យួរ មុង១ ភួយ១ សារុង១ ក្រមា១ ធុងទឹក៦០លីត១ ឆ្នាំង២ ចានបាយ៥ ស្លាបព្រា៥ កន្ទេលជ័រ២ និងទឹកបរិសុទ្ធចំនួន ២យួរផងដែរ ៕