សន្ដិសុខសង្គម

បង្រ្កាបបទល្មើសចាប់ពីចំណុចមាត់ពាមកំពង់ភ្លុក រហូតដល់កន្លែងអភិរក្សជលផលកំពង់ភ្លុក

ដោយ ៖ បន្ទាយ

សៀមរាប ៖ ក្រុមអន្តរាគមន៍ថ្នាក់ជាតិបង្រ្កាបបទល្មើសជលផលបឹងទន្លេសាបប្រចាំស្នាក់ការកំពង់ភ្លុក បានសហការជាមួយកម្លាំងផ្នែករដ្ឋបាលជលផលដំដែក កម្លាំងសរុបចំនួន១២នាក់ មធ្យោបាយកាណូតចំនួន២ គ្រឿង បានចេញប្រតិ្តការបង្រ្កាបបទល្មើសចាប់ពីចំណុចមាត់ពាមកំពង់ភ្លុក រហូតដល់ចំណុចកន្លែងអភិរក្សជលផលកំពង់ភ្លុក អតីតឡូត៍នេសាទលេខ៦ ។

មន្ត្រីជលផលនៃរដ្ឋបាលជលផលសៀមរាបអោយដឹងកាលពីថ្ងៃទី៣០ ខែឧសភាថា: ប្រតិបត្តិការបង្ក្រាបនៅវេលាម៉ោង២១យប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនោះ ទទួលបានលទ្ធផលដូចខាងក្រោម÷ អួនអូសដោយម៉ាស៊ីន រួមផ្សំជាមួយខ្សែភ្លើងឆក់ត្រីចំនួន១ វង់, សាច់អួនប្រវែង ៧០ ម៉ែត្រ, ក្រឡាចាប់ពី ១២-១៥ សង់ទីម៉ែត្រ, សម្រុង ៥ ម៉ែត្រ, ខ្សែពួរ ១២០ម៉ែត្រ ភ្ជាប់ខ្សែភ្លើងឆក់ប្រវែង ១២០ ម៉ែត្រ។

ប៉ុន្តែមន្ត្រីអោយដឹងថា : “ជនល្មើសបានបើកកាណូតគេចខ្លួនបាត់” ។

ករណីនេះអាចមកពីមានរនុកក្នុងផ្តល់ព័ត៌មានមុនដល់ជនល្មើស៕