អន្តរជាតិ

បែលហ្ស៊ិក នឹងផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿងជាលើកដំបូងនៅឆ្នាំនេះ

ប្រែសម្រួល៖ស-សម្បត្តិ
ក្រុមមន្ត្រីការពារជាតិសហភាពអឺរ៉ុបកំពុងជួបប្រជុំគ្នានៅទីក្រុងព្រុចសែលដើម្បីពិចារណាលើការបង្កើនជំនួយយោធាសាជាថ្មីទៅដល់អ៊ុយក្រែន។

កិច្ចប្រជុំនៅក្នុងថ្ងៃអង្គារធ្វើឡើងនៅចំពេលដែលអ៊ុយក្រែន និងរដ្ឋសហភាពអឺរ៉ុបមួយចំនួន ស្វែងរកការបង្កើនការផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវ។ ដោយឡែកតែប្រទេសហុងគ្រីហាក់ដូចជាខិតខំប្រឹងប្រែងរារាំងមិនឲ្យមានការបង្កើនជំនួយយោធាដល់អ៊ុយក្រែនដែលប្រទេសនេះមាននិន្នាការគាំទ្ររុស្សិ។

លោក ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសអេស្ប៉ាញ បែលហ្សិក និងព័រទុយហ្គាល់ ក្នុងគោលបំណងជំរុញការគាំទ្របន្ថែម។

ទីភ្នាក់ងារសារព័ត៌មាន Belga បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Hadja Lahbib បានថ្លែងកាលពីថ្ងៃអង្គារថា ក្រុងព្រុចសែលនឹងផ្តល់ឲ្យអ៊ុយក្រែននូវយន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿងជាលើកដំបូងដែលគ្រោងនឹងផ្តល់ឲ្សនៅក្នុងឆ្នាំនេះ។

យន្តហោះ F-16 នេះនឹងត្រូវបានផ្គត់ផ្គង់ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិសុខដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរដែលគេនឹងឃើញប្រទេសបែលហ្ស៊ិកផ្តល់ជំនួយយោធាយ៉ាងហោចណាស់ ៩៧៧ លានអឺរ៉ូ ស្មើនឹង ១.០៦ ពាន់លានដុល្លារ ។

នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo បានថ្លែងថា៖ “អ៊ុយក្រែនអាចវាយរុញច្រានពួកឈ្លានពានវិញបានប្រសិនបើយើងផ្តល់អាវុធល្អៗឲ្យបានលឿនជាងនេះ”។

• ភាពអស់សង្ឃឹម

លោក Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះជាមួយប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទ ដោយធានាបាននូវការសន្យាពីទីក្រុងម៉ាឌ្រីដសម្រាប់កាំជ្រួចការពារដែនអាកាសបន្ថែមដើម្បីជួយទប់ទល់នឹងគ្រាប់បែករុស្ស៊ីជាង ៣,០០០ គ្រាប់ដែលរុស្ស៊ីបានវាយប្រហារមកលើអ៊ុយក្រែនជារៀងរាល់ខែ។
រដ្ឋមន្ត្រីការពារជាតិហូឡង់ Kajsa Ollongren បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសហូឡង់នឹងប្រគល់គ្រឿងបន្លាស់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដល់អ៊ុយក្រែន។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលហូឡង់កំពុងនិយាយទៅកាន់ប្រទេសផ្សេងទៀតអំពីការបញ្ជូនផ្នែកផ្សេងទៀតដើម្បីផ្គុំប្រព័ន្ធការពារដែនអាកាសឲ្យបានពេញលេញ។

ដោយសារតែរងនូវការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីជារៀងរាល់យប់ អ៊ុយក្រែនបានខិតខំជំរុញទាំងអស់សង្ឃឹមដល់សម្ព័ន្ធមិត្តរបស់ខ្លួនឲ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។

នៅថ្ងៃអង្គារផងដែរ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal គ្រោងនឹងជួបក្រុមមេដឹកនាំសហភាពអឺរ៉ុបនៅទីក្រុង Prague ដើម្បីពិភាក្សាអំពីគំនិតផ្តួចផ្តើមដែលដឹកនាំដោយប្រទេសឆេកនៅក្នុងការផ្តល់គ្រាប់រំសេវដល់ទីក្រុងគៀវ។

ថ្លែងនៅមុនពេលបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីឆេក លោក Petr Fiala បានបញ្ជាក់ថា ការចែកចាយគ្រាប់រំសេវដំបូងដែលបានទទួលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្គត់ផ្គង់របស់សហភាពអឺរ៉ុបដែលនឹងទៅដល់អ៊ុយក្រែននៅក្នុងខែមិថុនា។

• ហុងគ្រីជាឧបសគ្គ

បើទោះជាយ៉ាងណាក៏ដោយ ក៏ជំនួយយោធាមានតម្លៃប្រមាណជាង ៦.៥ ពាន់លានអឺរ៉ូស្មើនឹង ៧ ពាន់លានដុល្លារ ដែលនៅតែជាប់គាំងដោយសារតែមានការរារាំងពីរដ្ឋាភិបាលហុងគ្រីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Viktor Orban ដែលគេចាត់ទុកគាត់ជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់រុស្ស៊ីនៅក្នុងសហភាពអឺរ៉ុប។
រដ្ឋជាសមាជិកមានសិទ្ធិវេតូហេតុនេះហើយហុងគ្រីបានខិតខំពន្យារពេលដ៏យូរមកហើយនូវការផ្តល់មូលនិធិដើម្បីបង្កើនការការពាររបស់អ៊ុយក្រែន។

មេដឹកនាំសហភាពអឺរ៉ុបមានការខឹងសម្បាជាមួយទីក្រុង Budapest ដែលបានកើតឡើងក្នុងអស់រយៈពេលមួយឆ្នាំកន្លងមកនេះ ខណៈដែលខ្លួនបានរារាំងការសងប្រាក់ពីមូលនិធិកណ្តាលរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ជាសំណងដល់រដ្ឋសមាជិកសម្រាប់អាវុធដែលបានបញ្ជូនទៅអ៊ុយក្រែន។

ការកាន់កាប់របស់ហុងគ្រីក៏គំរាមពន្យារពេលការចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតពីទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក ដែលសហភាពអឺរ៉ុបរំពឹងថានឹងចាប់ផ្តើមទទួលបាននៅក្នុងខែកក្កដា។
លោក Josep Borrell ប្រធានកិច្ចការបរទេស EU បាននិយាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៅទីក្រុងប្រ៊ុចសែលដោយចង់សំដៅទៅលើហុងគ្រីថា “យើងមិនអាចអនុញ្ញាតឲ្យមានការគាំទ្រផ្នែកយោធារបស់អឺរ៉ុបចំពោះអ៊ុយក្រែនត្រូវបានគេចាប់យកធ្វើជាចំណាប់ខ្មាំងនៅក្នុងការសម្រេចចិត្តផ្សេងៗទៀតដែលមិនពាក់ព័ន្ធនឹងបញ្ហានេះនោះទេ” ។

លោកបានថ្លែងថា “ដោយសារតែស្ថានការណ៏បន្ទាន់ខ្លាំងពេកអ៊ុយក្រែនត្រូវការអាវុធឥឡូវនេះ” ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AL JAZEERA